Connect with us

ព័ត៌មានជាតិ

លោក ប៉ែន បូណា បំភ្លឺ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត មិនបានបង្ហោះសារពន្យារពេលចរចាបញ្ហាទឹកដីជាមួយថៃទេ

បានផុស

នៅ

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦នេះ បានចេញសេចក្តីបំភ្លឺព័ត៌មានមួយ បដិសេធទាំងស្រុងចំពោះការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយថៃ ដែលបានស្រង់សម្តីរដ្ឋមន្ត្រីការបរទេសថៃ ដោយអះអាងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះសារថា កិច្ចចរចាទាមទារទឹកដីនឹងធ្វើឡើងក្រោយបុណ្យចូលឆ្នាំថ្មី ឬក្រោយព្រឹត្តិការណ៍ «នគរសង្ក្រាន»។

ក្នុងសេចក្តីបំភ្លឺដែលចេញផ្សាយនៅថ្ងៃអង្គារ ទី១០ មីនានេះ លោក ប៉ែន បូណា បានបញ្ជាក់យ៉ាងច្បាស់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត ពុំដែលមានប្រសាសន៍ ឬបង្ហោះសារតាមបណ្តាញសង្គមណាមួយ អំពីការចរចាតាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៅក្រោយពិធីបុណ្យចូលឆ្នាំថ្មី ដូចការលើកឡើងនោះឡើយ។

លោកអ្នកនាំពាក្យបានបញ្ជាក់ពីជំហរដ៏ច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់តាមស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត។ រាជរដ្ឋាភិបាលបានសម្តែងនូវឆន្ទៈក្នុងការអនុញ្ញាតឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) បន្តការងារឱ្យបានឆាប់រហ័សបំផុត ដើម្បីដោះស្រាយបញ្ហាព្រំដែន និងធានាសន្តិភាពយូរអង្វែង ដោយមិនចាំបាច់រង់ចាំដល់ក្រោយពិធីបុណ្យចូលឆ្នាំនោះទេ។

លោក ប៉ែន បូណា បានឱ្យដឹងទៀតថា ជាក់ស្តែងគិតចាប់ពីពេលដែលបទឈប់បាញ់លើកទី២ ចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មក រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា ក្នុងនាមតំណាង JBC កម្ពុជា បានដាក់សំណើទៅកាន់ភាគីថៃចំនួន ៥លើករួចមកហើយ ដើម្បីស្នើសុំឱ្យភាគីថៃចាត់បញ្ជូនក្រុមការងារវាស់វែងចម្រុះ ចុះធ្វើការងារនៅលើដីជាក់ស្តែង។

ទីបំផុត អ្នកនាំពាក្យរាជរដ្ឋាភិបាលបានអំពាវនាវដល់សាធារណជនទាំងមូល មេត្តាជ្រាបជាព័ត៌មានត្រឹមត្រូវ និងកុំភាន់ច្រឡំចំពោះព័ត៌មានមិនពិតដែលអាចប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ និងដំណើរការដោះស្រាយបញ្ហាព្រំដែនដែលកំពុងបន្ត៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម