Connect with us

ព័ត៌មានជាតិ

វិសោធនកម្មច្បាប់បោះឆ្នោតព្រឹទ្ធសភា ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យថា ត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ

បានផុស

នៅ

ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវបានបញ្ជាក់ថា មានភាពត្រឹមត្រូវ ស្របតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា បន្ទាប់ពីការពិនិត្យដោយក្រុមប្រឹក្សាធម្មនុញ្ញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាព្រឹកថ្ងៃទី១០​ ខែមេសា ឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាធម្មនុញ្ញ បានបើកកិច្ចប្រជុំពេញអង្គ ដឹកនាំដោយលោក ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យ និងសម្រេចសំណើរបស់សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា ដែលស្នើសុំពិនិត្យធម្មនុញ្ញភាពច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។

ក្រោយការពិនិត្យ ក្រុមប្រឹក្សាធម្មនុញ្ញបានអនុម័តជាឯកច្ឆន្ទថា ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ហើយទទួលបានឯកភាពទាំងស្រុងពីព្រឹទ្ធសភាកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ គឺ «ស្របនឹងរដ្ឋធម្មនុញ្ញ»

វិសោធនកម្មច្បាប់ខាងលើ គឺត្រូវបានស្នើឡើងដោយក្រុមសមាជិកព្រឹទ្ធសភា ដែលត្រូវបានធ្វើវិសោធនកម្មលើមាត្រាមួយចំនួន ដូចជាមាត្រា៨ថ្មី មាត្រា៩ មាត្រា១០ មាត្រា១៤ មាត្រា១៧ មាត្រា១៨ មាត្រា២៣ និងមាត្រា២៨។ តាមរយៈការធ្វើវិសោធនកម្មលើមាត្រាទាំងពីរ គឺដើម្បីធានាភាពសមស្រប គណនេយ្យភាព និងប្រសិទ្ធភាពក្នុងការអនុវត្តមុខងារតំណាងរបស់សមាជិកព្រឹទ្ធសភា។

គួរឱ្យដឹងថា ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលបានប្រកាសឱ្យប្រើកាលពីឆ្នាំ២០០៥ កន្លងទៅ បានកំណត់មណ្ឌលបោះឆ្នោតជាភូមិភាគ ដែលមានខេត្តច្រើនបញ្ចូលគ្នា បង្កើតជាឧបសគ្គក្នុងទំនាក់ទំនងរវាងសមាជិកព្រឹទ្ធសភាជាមួយនឹងអង្គបោះឆ្នោត ទើបប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានផ្ដួចផ្ដើមឱ្យមានការធ្វើវិសោធនកម្មច្បាប់នេះ ដែលចំណុចសំខាន់ គឺការផ្លាស់ប្តូរមណ្ឌលបោះឆ្នោតពីភូមិភាគ ទៅជាមណ្ឌលបោះឆ្នោតរាជធានីខេត្តដូចនឹងរដ្ឋសភា៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម