ព័ត៌មានជាតិ
ប្រទះឃើញការបង្កកំណើតផ្កាថ្ម នៅកោះរ៉ុង និងកោះស្ដេច
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន សហការជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិ អង្គការ គាំពារធនធានសមុទ្រ ព្រមទាំងមូលនិធិសង្សារ រកឃើញនូវការបង្កកំណើតផ្កាថ្មប៉ប្រះទឹកជាលើកទី៣ នៅប្រជុំកោះរ៉ុង និងជាលើកដំបូងនៅកោះសង្សារនៃខេត្តព្រះសីហនុ និងប្រជុំកោះស្តេចនៃខេត្តកោះកុង។

ការចុះអង្កេត និងសិក្សាអំពីការបង្កកំណើតរបស់ផ្កាថ្មប៉ប្រះទឹកនេះ ធ្វើឡើងចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ ២០២៦ ដោយមានការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន អង្គការសត្វព្រៃ និងរុក្ខជាតិ អង្គការគាំពារធនធានសមុទ្រ មូលនិធិសង្សារ Bubbles Up Dive Centre និង Khmer Dive Group។
ក្នុងអំឡុងពេលនៃការសិក្សាស្រាវជ្រាវ អ្នកវិទ្យាសាស្ត្របានធ្វើការមុជទឹកនៅពេលយប់ និងតាមដានផ្កាថ្មប៉ប្រះទឹកយ៉ាងយកចិត្តទុកដាក់ ដើម្បីកត់ត្រាសកម្មភាពការបង្កកំណើត និងកត់ត្រាបរិស្ថានជុំវិញ ដើម្បីវាយតម្លៃសុខភាពផ្កាថ្ម។
ការស្រាវជ្រាវនេះ បានផ្តល់ជាមូលដ្ឋានទិន្នន័យវិទ្យាសាស្ត្រសំខាន់ៗ ដែលជួយឱ្យអ្នកស្រាវជ្រាវបានយល់អំពីវដ្តបន្តពូជរបស់ផ្កាថ្ម ការតាមដានការរស់ឡើងវិញនៃផ្កាថ្ម និងកំណត់កត្តាដែលរួមចំណែកដល់ការគ្រប់គ្រងផ្កាថ្ម ប៉ប្រះទឹកប្រកបដោយប្រសិទ្ធភាព។

ទិន្នន័យដែលប្រមូលបាន ក៏ផ្តល់ជាភស្តុតាងមូលដ្ឋានជាយុទ្ធសាស្ត្រក្នុងការអភិរក្សផ្កាថ្មប៉ប្រះទឹករយៈពេលវែង សម្រាប់ជាប្រយោជន៍ដល់ទាំងជីវៈចម្រុះ និងសហគមន៍ឆ្នេរសមុទ្រ ដែលពឹងផ្អែកលើផ្កាថ្មប៉ប្រះទឹកដែលមានសុខភាពល្អសម្រាប់ជាអាហារ និងជីវភាពរស់នៅ។
កញ្ញា Jun Cheng ប្រធានគ្រប់គ្រងជាន់ខ្ពស់នៃកម្មវិធីអភិរក្សតំបន់ឆ្នេរ និងសមុទ្រប្រចាំអង្គការសត្វព្រៃ និង រុក្ខជាតិប្រចាំកម្ពុជា មានប្រសាសន៍ថា៖ «ការរកឃើញការបង្កកំណើតរបស់ផ្កាថ្ម រយៈពេលបីឆ្នាំជាប់ៗគ្នា គឺជាសញ្ញា ដ៏ល្អមួយដែលបង្ហាញថា ផ្កាថ្មប៉ប្រះទឹកនៅក្នុងប្រទេសកម្ពុជានៅតែមានភាពធន់គួរឱ្យកត់សម្គាល់»។
ការរកឃើញទាំងនេះ បង្ហាញពីសារៈសំខាន់នៃការបន្តសិក្សាស្រាវជ្រាវព្រឹត្តិការណ៍នេះ និងកិច្ចសហការយ៉ាងរឹងមាំរវាងរាជរដ្ឋាភិបាល អង្គការ និងដៃគូក្នុងស្រុក ដើម្បីធានាបាននូវការការពាររយៈពេលវែងនៃប្រព័ន្ធអេកូឡូស៊ីសមុទ្រដ៏មានតម្លៃទាំងនេះ។

លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖ “ភាពជោគជ័យនៃការរកឃើញការបង្កកំណើតរបស់ផ្កាថ្មនេះ បានបង្ហាញពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងអភិរក្ស និងគ្រប់គ្រងជាបន្ត បន្ទាប់នៅក្នុងតំបន់ការពារសមុទ្ររបស់ប្រទេសកម្ពុជា។ ការសហការរវាងរាជរដ្ឋាភិបាល អង្គការដៃគូ និងសហគមន៍ មូលដ្ឋាន ពិតជាមានសារៈសំខាន់ណាស់ក្នុងការការពារធនធានជីវៈចម្រុះ និងសេវាកម្មប្រព័ន្ធអេកូឡូស៊ី ឱ្យមានចីរភាពសម្រាប់មនុស្សគ្រប់ជំនាន់។”
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា៖ “លទ្ធផល ដែលបានបង្ហាញ ៣ ឆ្នាំជាប់ៗគ្នានេះ ជាសក្ខីភាពបង្ហាញថា សមុទ្ររបស់យើងកំពុងមានសុខភាពល្អ ហើយនេះក៏ជា សក្ខីភាពមិនអាចប្រកែកបាននៃជោគជ័យក្នុងការអនុវត្តវិធានការការពារធនធានជលផលរបស់យើង។ យើងមិនមែន គ្រាន់តែមានគោលនយោបាយលើក្រដាសនោះទេ តែយើងមានលទ្ធផលជាក់ស្តែងនៅក្នុងសមុទ្រ។ ទោះជាយ៉ាង នេះក្ដីយើងមិនត្រូវស្កប់ស្កល់នឹងលទ្ធផលថ្ងៃនេះត្រឹមប៉ុណ្ណោះទេ យើងនឹងខិតខំបន្តដើម្បីរក្សាលទ្ធផលនេះនៅឆ្នាំក្រោយៗទៀត។”
គួរកត់សម្គាល់ថា ផ្កាថ្មប៉ប្រះទឹកដែលមានសុខភាពល្អគឺមានសារៈសំខាន់ណាស់ ក្នុងធានាបាននូវនិរន្តរភាព នៃធនធានជលផល និងគាំទ្រដល់ជីវភាពរស់នៅរបស់សហគមន៍តាមតំបន់ឆ្នេរសមុទ្រ។
ក្រុមការងារនឹងយកទិន្នន័យដែលប្រមូលបានទៅសិក្សាស្រាវជ្រាវបន្ថែម ដើម្បីរួមចំណែកដល់ការពង្រឹងការគ្រប់គ្រងធនធានសមុទ្រ និងធានាថាជីវៈចម្រុះសមុទ្រនៅក្នុងប្រទេសកម្ពុជាឱ្យបន្តកើនឡើង៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


