ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងអប់រំ ណែនាំឱ្យនិស្សិតកម្ពុជា បន្តតាមដានព័ត៌មានសកលលោក ដើម្បីជាជំនួយដល់ការរៀនសូត្រ
ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់និស្សិតកម្ពុជាគ្រប់រូបបន្តយកចិត្តទុកដាក់តាមដានព័ត៌មានសកលលោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីជាជំនួយដល់ការរៀនសូត្រ។ ការណែនាំនេះ ធ្វើឡើងក្នុងឱកាសលោករដ្ឋមន្ត្រីទទួលជួបសម្ដែងការគួរសម និងផ្តល់អនុសាសន៍ណែនាំជូនដល់និស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន ឆ្នាំសិក្សា២០២៦ ចំនួន ១១រូប នៅទីស្តីការក្រសួង នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ មុនចេញដំណើរទៅបន្តការសិក្សានៅប្រទេសជប៉ុន។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានអបអរសាទរដល់និស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនទាំងអស់ និងបានចែករំលែកពីការវិវឌ្ឍនៃអក្សរសាស្ត្រជប៉ុន ប្រវត្តិសាស្ត្រជប៉ុន ការសម្របខ្លួនរស់នៅក្នុងប្រទេសជប៉ុន។ បន្ថែមពីនេះ លោកបានគូសបញ្ជាក់ពីសារៈសំខាន់នៃការផ្តោតយកចិត្តទុកដាក់រៀនសូត្រឱ្យអស់ពីលទ្ធភាព ដើម្បីពង្រឹងសមត្ថភាពទាំងភាសាបរទេស និងជំនាញទំនាក់ទំនង តាមរយៈការសិក្សាស្រាវជ្រាវ អាន និងសរសេរឱ្យបានច្រើន និងត្រូវចេះជួយយកអាសាគ្នាក្នុងគ្រាលំបាក ហើយសូមយកឱកាសនេះស្វែងយល់ពីវប្បធម៌ អរិយធម៌របស់ជប៉ុន ខណៈត្រូវបន្តថែរក្សាអត្តសញ្ញាណជាតិ និងផ្សព្វផ្សាយពីវប្បធម៌ដ៏ផូរផង់របស់ប្រទេសជាតិផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា «ការវិវឌ្ឍយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) បាននិងកំពុងផ្លាស់ប្តូររបៀបនៃការរៀននិងបង្រៀន ក្នុងន័យនេះ សូមឱ្យនិស្សិតកម្ពុជាគ្រប់រូបបន្តយកចិត្តទុកដាក់តាមដានព័ត៌មានសកលលោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីជាជំនួយដល់ការរៀនសូត្រ និងត្រូវថែរក្សាសុខភាពឱ្យរឹងមាំ ទើបអាចទទួលបានជោគជ័យក្នុងការសិក្សាតាមការរំពឹងទុក»។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងអប់រំ ក៏បានជូនពរឱ្យទទួលជោគជ័យក្នុងការសិក្សារយៈពេលប្រមាណជាង ២ឆ្នាំនេះ ដោយត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រដើម្បីទទួលបានបទពិសោធ និងចំណេះដឹងល្អៗ យកមកអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត ដោយក្រើនរំលឹកថា ត្រូវតែរៀនឱ្យចេះច្បាស់ ចាប់យកជំនាញពិតប្រាកដ ហើយត្រូវមានសមត្ថភាពប្រើប្រាស់ចំណេះជំនាញនេះបង្កើតជាគុណប្រយោជន៍ដល់សង្គមជាតិ៕





-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


