Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីអប់រំជំរុញឱ្យពង្រឹងសមត្ថភាពមន្ត្រីរាជការធ្វើឱ្យកម្ពុជារឹងមាំ ឆ្លើយតបនឹងបញ្ហាប្រឈមនានានៅក្នុងយុគសម័យថ្មី

បានផុស

នៅ

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានជំរុញឱ្យពង្រឹងសមត្ថភាពមន្ត្រីរាជការដើម្បីធ្វើឱ្យកម្ពុជារឹងមាំ ឆ្លើយតបនឹងបញ្ហាប្រឈមនានានៅក្នុងយុគសម័យថ្មី និងបម្រែបម្រួលសណ្ដាប់ធ្នាប់ពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រីនេះបានធ្វើឡើងក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦។

ក្នុងឱកាសនេះ លោក ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីកំណែទម្រង់គោលនយោបាយអប់រំដើម្បីលើកកម្ពស់គុណភាពអប់រំ ដោយបានរំលេចពីកំណែទម្រង់គ្រូបង្រៀនតាមរយៈការបង្កើនបៀវត្ស ទាក់ទាញអ្នកមានសមត្ថភាពចូលធ្វើគ្រូបង្រៀន និងលើកស្ទួយកិត្តិយសព្រមទាំងតួនាទីរបស់គ្រូបង្រៀននៅក្នុងសង្គមដោយពង្រឹងការបណ្ដុះបណ្ដាលគ្រូប្រកបដោយគុណវុឌ្ឍិ។ ទន្ទឹមនឹងនេះ ក៏មានកំណែទម្រង់សាលារៀនដែលរួមមានការកែលម្អភាពជាអ្នកដឹកនាំរបស់នាយក ការលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស ការអនុវត្តតេស្តស្តង់ដាដូចជាតេស្ត PISA និង SEA-PLM ការយកចិត្តទុកដាក់លើគុណភាពគ្រូបង្រៀន និងការចូលរួមរបស់មាតាបិតា ព្រមទាំងសហគមន៍។

លោក ឧបនាយករដ្ឋមន្ត្រី បានបន្តថាលើសពីនេះ ការលើកកម្ពស់ការអប់រំកុមារតូចក៏ត្រូវបានផ្តោតសំខាន់រួមមានការទទួលបាននូវអាហារូបត្ថម្ភគ្រប់គ្រាន់ ការលើកកម្ពស់សុខុមាលភាពកុមារ ការរៀនតាមរយៈការលេង និងការអភិវឌ្ឍគ្រូមត្តេយ្យ ស្របពេលនឹងការលើកកម្ពស់ការអប់រំកម្រិតមូលដ្ឋានតាមរយៈការអនុវត្តកញ្ចប់អំណាន និងគណិតវិទ្យាដំបូងដែលជាមូលដ្ឋានគ្រឹះក្នុងការចាប់យកមុខវិជ្ជាដទៃទៀតមកសិក្សា។ ជាចុងក្រោយ គឺការដាក់ឱ្យអនុវត្តស្តង់ដាសាលារៀនគំរូ ដោយក្រសួងបាននិងកំពុងជំរុញលើកទឹកចិត្ត និងគាំទ្រដល់សាលានៅគ្រប់តំបន់ដែលមានការប្តេជ្ញាចិត្តសម្រេចឱ្យបាននូវស្តង់ដាសាលារៀនគំរូចំនួន ៥ ដែលក្រសួងបានដាក់ចេញ។

លោកឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តមន្ត្រីអប់រំទាំងអស់ឱ្យបន្តស្វែងយល់ និងប្រើប្រាស់បច្ចេកវិទ្យាថ្មីៗដូចជាបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលការងារ។

ព្រមជាមួយគ្នានេះ ក៏បានស្នើលោកប្រធានមន្ទីរថ្មីរៀបចំ និងពិនិត្យមើលគ្រប់គ្រឹះស្ថានសិក្សាដើម្បីបន្តជួយគាំទ្របន្ថែមក្នុងគោលដៅសម្រេចបានស្តង់ដាសាលារៀនគំរូដែលជាចក្ខុវិស័យអាទិភាពរបស់ក្រសួង និងជាពិសេសត្រូវបន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយចងសម្ព័ន្ធមេត្រីភាពរវាងមន្ទីរ និងសាលារៀននៅតាមតំបន់ព្រំដែនដើម្បីជួយគាំទ្រនិងជំរុញឱ្យបាននូវការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ពង្រឹងសមត្ថភាពស្ថាប័ន និងស្មារតីស្នេហាជាតិ៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម