Connect with us

ព័ត៌មានជាតិ

កម្ពុជាក្លាយជាប្រទេសគំរូក្នុងតំបន់ក្នុងការបញ្ជ្រាបការអប់រំសុខភាព និងសុខភាពផ្លូវភេទទៅក្នុងកម្មវិធីសិក្សាជាតិ

បានផុស

នៅ

លោកស្រី Sandra Bernklau តំណាងមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា កម្ពុជា បានក្លាយជាប្រទេសគំរូមួយក្នុងតំបន់ តាមរយៈការបញ្ជ្រាបការអប់រំសុខភាព និងសុខភាពផ្លូវភេទទៅក្នុងកម្មវិធីសិក្សាជាតិដែលបានជួយលើកកម្ពស់សុខភាពយុវជនកាន់តែប្រសើរដើម្បីចូលរួមកសាងប្រទេសជាតិឱ្យរីកចម្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡានៅទីស្តីការក្រសួង លោកស្រីបានបន្តថា ការបណ្តុះបណ្តាល និងការវិនិយោគលើសុខភាព និងសុខុមាលភាពរបស់យុវជន គឺជាការវិនិយោគដ៏សំខាន់បំផុតមួយក្នុងការអភិវឌ្ឍធនធានមនុស្សដែលមានសុខភាពល្អ និងសក្តានុពលខ្ពស់ ឆ្លើយតបទៅនឹងកំណើនរបស់ប្រជាជន។

ជាមួយគ្នានេះ លោកស្រី បានប្តេជ្ញាថា UNFPA តាមរយៈ «ផែនការយុទ្ធសាស្ត្រ ឆ្នាំ២០២៦-២០២៩»នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង និងដៃគូផ្តល់ជំនួយនានា ដើម្បីបង្កើនការវិនិយោគបន្ថែមលើ សុខភាពសិក្សារបស់សិស្ស ការអប់រំកុមារតូច ការអភិវឌ្ឍសមត្ថភាព និងការដឹកនាំរបស់យុវជន ព្រមទាំងការទប់ស្កាត់បញ្ហាសង្គមនានា សំដៅទាញយកប្រយោជន៍អតិបរមាពីភាគលាភប្រជាសាស្ត្រនៅកម្ពុជា។

ជាការឆ្លើយតប លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការទប់ស្កាត់បញ្ហាសង្គមនានា ជាពិសេសការពិនិត្យ និងបង្ការអាពាហ៍ពិពាហ៍វ័យក្មេង ការមានផ្ទៃពោះវ័យក្មេង និងការបោះបង់ការសិក្សា តាមរយៈការដាក់ឱ្យអនុវត្ត «បទដ្ឋានសាលារៀនលើកកម្ពស់សុខភាព» និង «បទដ្ឋានបន្ទប់សុខភាពសាលារៀន» ព្រមទាំងលើកកម្ពស់តួនាទីយុវជនឱ្យក្លាយជាកម្លាំងចលករជាវិជ្ជមាននៃការផ្លាស់ប្តូរសង្គម តាមរយៈកម្មវិធីស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ (VMC) ការដេញដោលយុវជនថ្នាក់ជាតិ និងក្រុមប្រឹក្សាយុវជនជាដើម។

បន្ថែមលើនេះ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណចំពោះមូលនិធិ UNFPA ក្នុងការសម្របសម្រួលហិរញ្ញប្បទានជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លើការងារអប់រំសុខភាព និងការសិក្សាស្រាវជ្រាវពីផលប៉ះពាល់នៃការអប់រំ CSE (CSE Impact Evaluation) ព្រមទាំងបានបញ្ជាក់សារជាថ្មីពីការគាំទ្ររបស់កម្ពុជាចំពោះកំណែទម្រង់ប្រព័ន្ធពហុភាគីរបស់អង្គការសហប្រជាជាតិ (UN 80) សំដៅពង្រឹងប្រសិទ្ធភាពការងារ និងជឿជាក់ថា ការរួមគ្នាបន្តវិនិយោគលើ សក្តានុពលរបស់យុវជន សុខភាពសិក្សា និងការអប់រំកុមារតូច នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការកសាងមូលធនមនុស្ស ឆ្លើយតបទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាប្រកបដោយចីរភាព និងបរិយាបន្ន៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម