ព័ត៌មានជាតិ
ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈ នៃអង្គគ្រូបង្រៀន ចូលរួមលើកកម្ពស់គុណតម្លៃបុគ្គលិកអប់រំ តាមរយៈការរៀបចំឱ្យមានតែ១ប្រភេទក្របខ័ណ្ឌ គឺក្របខ័ណ្ឌប្រភេទ«ក»
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈ នៃអង្គគ្រូបង្រៀន លើកកម្ពស់គុណតម្លៃបុគ្គលិកអប់រំ តាមរយៈការរៀបចំឱ្យមានតែ១ប្រភេទក្របខ័ណ្ឌ គឺក្របខ័ណ្ឌ ប្រភេទ”ក”(សញ្ញាបត្រ បរិញ្ញាបត្រឬសមមូលឡើងទៅ) ដែលមាន៣(បី)កម្រិត ដូចជា ក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម ក្របខ័ណ្ឌគ្រូបង្រៀន កម្រិតមូលដ្ឋាន និងក្របខ័ណ្ឌគ្រូបង្រៀនកម្រិតបឋម។ កម្រិតក្របខ័ណ្ឌនីមួយៗ មាន ៣ឋានន្តរសក្តិ និង១៤ថ្នាក់។ ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន ថ្លែងដូច្នេះ ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ «ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈ នៃអង្គគ្រូបង្រៀន» រៀបចំឡើងនាព្រឹកថ្ងៃទី២១ ខែកក្កដា។

«ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈ នៃអង្គគ្រូបង្រៀន» ត្រូវបានរៀបចំឡើងដោយផ្អែកលើស្ថានភាពបច្ចុប្បន្នក្នុងវិស័យអប់រំ វិស័យមុខងារសាធារណៈ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា សំដៅគាំទ្រការគ្រប់គ្រងមន្ត្រីរាជការស៊ីវិលក្នុងវិស័យអប់រំ ឱ្យមានប្រសិទ្ធភាពខ្ពស់ ជួយជំរុញការផ្តល់សេវាអប់រំ ប្រកបដោយគុណភាព ប្រសិទ្ធភាព សមធម៌ និងបរិយាបន្ន ឆ្លើយតបទៅនឹងតម្រូវការសេដ្ឋកិច្ចសង្គម។

ឧបនាយករដ្ឋមន្ត្រី ហង់ ជួន ណារ៉ុន បន្ថែមថា ព្រះរាជក្រឹត្យនេះជាចំណុចរបត់ថ្មីមួយក្នុងអភិបាលកិច្ចវិស័យអប់រំ ដោយផ្លាស់ប្តូរពីការគ្រប់គ្រង បែកខ្ញែក មកជាប្រព័ន្ធ គ្រប់គ្រងរួមមួយ ដើម្បីកសាងធនធានមនុស្សដ៏រឹងមាំសម្រាប់អនាគតកម្ពុជា ហើយព្រះរាជក្រឹត្យនេះក៏ជាការប្រមូលផ្តុំនិងគ្រប់គ្រងបុគ្គលិកអប់រំ ទាំងបុគ្គលិកអប់រំក្នុងក្របខ័ណ្ឌមន្ត្រីរាជការ និងបុគ្គលិកអប់រំក្រៅក្របខ័ណ្ឌមន្ត្រី រាជការ ដើម្បីធានាសង្គតិភាព និងគុណភាពទាំងនៅថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ។
រដ្ឋមន្ត្រីអប់រំ បន្ថែមថា ព្រះរាជក្រឹត្យនេះ កំណត់និងពង្រឹងការទទួលខុសត្រូវរបស់ក្រសួងអប់រំ យុវជន និងកីឡា លើសមត្ថកិច្ចគ្រប់គ្រងអង្គគ្រូបង្រៀន និងកំណត់អំពីមុខតំណែងក្នុងអង្គគ្រូបង្រៀនជា២ ប្រភេទគឺ មុខតំណែងវិជ្ជាជីវៈ និងមុខតំណែងគ្រប់គ្រង ព្រមទាំងបើកផ្លូវ ដល់ការរៀបចំការពិពណ៌នាអំពីមុខតំណែង និងគុណវុឌ្ឍិសម្រាប់មុខតំណែងនីមួយៗបានច្បាស់លាស់ ក៏ដូចជាកំណត់អំពីការជ្រើសរើសចូលក្នុងអង្គគ្រូបង្រៀន ដែលត្រូវធ្វើឡើងតាម ២របៀប គឺ (១)ការជ្រើសរើសបណ្តុះបណ្តាល ចូលក្នុងអង្គគ្រូបង្រៀន និង (២)ការជ្រើសរើសបញ្ចូលក្នុងអង្គគ្រូបង្រៀន ដើម្បីឱ្យស្របនឹងស្ថានភាពជាក់ស្តែង។

លោក ហង់ ជួនណារ៉ុន បញ្ជាក់ថា ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈ នៃអង្គគ្រូបង្រៀនលើកទឹកចិត្តនិងទាក់ទាញបេក្ខជនដែលមានសមត្ថភាពឱ្យចូលបម្រើការងារជាមន្ត្រីរាជការនៃអង្គគ្រូបង្រៀន តាមរយៈ ការផ្តល់ការតាំងស៊ប់ទៅក្នុងក្របខ័ណ្ឌ និងឋានន្តរសក្តិទៅតាមកម្រិតសញ្ញាបត្រ ដូចជា៖ ក.៣.៣ (បរិញ្ញាបត្រ) ក.៣.២ (បរិញ្ញាបត្រជាន់ខ្ពស់) និង ក.២.២ (បណ្ឌិត) និងថែមទាំងពន្លឿននីតិវិធីនៃការតាំងស៊ប់មន្ត្រីរាជការនៃអង្គគ្រូបង្រៀនទាំងនៅក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវសម្រេចដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងកំណត់អំពីការអភិវឌ្ឍសមត្ថភាពជាប្រចាំរបស់បុគ្គលិកអប់រំនៃអង្គគ្រូបង្រៀន ដោយតម្រូវឱ្យមានវិញ្ញាបនបត្រគរុសម្បទា វិជ្ជាជីវៈដែលមានសុពលភាព ព្រមទាំងត្រូវចូលរួមវគ្គតម្រង់ទិសវិជ្ជាជីវៈ តាមរយៈការបណ្តុះបណ្តាលគរុកោសល្យ និង ការបណ្តុះបណ្តាលតម្រង់ទិសជាចាំបាច់ក៏ដូចជាកំណត់អំពីការផ្លាស់ប្តូរកន្លែងធ្វើការ និងអនុញ្ញាតឱ្យការផ្លាស់ប្តូរប្រភេទក្របខ័ណ្ឌក្នុងអង្គគ្រូបង្រៀន (រវាងគ្រូបង្រៀន កម្រិតឧត្តម គ្រូបង្រៀនកម្រិតមូលដ្ឋាន និងគ្រូបង្រៀនកម្រិតបឋម) បានច្បាស់លាស់។

រដ្ឋមន្ត្រីអប់រំ បន្ថែមថា ព្រះរាជក្រឹត្យនេះ កំណត់អំពីលក្ខខណ្ឌនៃការផ្ទេរមន្ត្រីរាជការនៃអង្គគ្រូបង្រៀនទៅអង្គវិជ្ជាជីវៈផ្សេងទៀត និងការផ្ទេរមន្ត្រីរាជការនៃអង្គ វិជ្ជាជីវៈផ្សេងទៀតចូលក្នុងអង្គគ្រូបង្រៀន មានលក្ខណៈច្បាស់លាស់ និងសមស្រប និងកំណត់អំពីការដំឡើងឋានន្តរសក្តិនិង/ឬថ្នាក់ ឱ្យស្របតាមការអនុវត្ត និងគម្រោងថវិកាប្រចាំឆ្នាំ ច្បាប់ថវិកាប្រចាំឆ្នាំ សម្រាប់ចំណាយបន្ទុកបុគ្គលិក ព្រមទាំងលើកទឹកចិត្តតាមរយៈការដំឡើងឋានន្តរសក្តិ និង/ឬថ្នាក់ ជូនមន្ត្រីរាជការនៃ អង្គគ្រូបង្រៀនដែលស្ម័គ្រចិត្តអនុវត្តតាមគោលការណ៍ពង្រាយមន្ត្រី បំពេញការងារនៅតំបន់ឆ្ងាយដាច់ស្រយាល តំបន់ប៉ះពាល់សុខភាព ឬគ្រោះថ្នាក់។ កំណត់អំពីវិន័យនិងសីលធម៌ បទប្បញ្ញត្តិដែលពាក់ព័ន្ធជាធរមាននានា ដែលបុគ្គលិកអប់រំនៃអង្គគ្រូបង្រៀន ត្រូវគោរព និងអនុវត្ត បានច្បាស់លាស់។
ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន ពន្យល់ថាព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈ នៃអង្គគ្រូបង្រៀន កែសម្រួលយន្តការមន្ត្រីរាជការនៃអង្គគ្រូបង្រៀនឱ្យចូលនិវត្តន៍ ឬបាត់បង់សម្បទាវិជ្ជាជីវៈ ត្រូវសម្រេចដោយ ព្រះរាជក្រឹត្យ ឬអនុក្រឹត្យ ឬប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឬដីការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ អាស្រ័យ ទៅតាមកម្រិតនៃមុខតំណែង និងលើកទឹកចិត្តមន្ត្រីរាជការនៃអង្គគ្រូបង្រៀនបច្ចុប្បន្ន ដែលកំពុងបំពេញការងារផ្នែកបង្រៀន ឬស្រាវជ្រាវ ឬក៏គ្រប់គ្រង នៅតាម គ្រឹះស្ថានសិក្សា និងអង្គភាពសាធារណៈ ក្នុងវិស័យអប់រំនិងបណ្តុះបណ្តាល និងដែលបានបំពេញលក្ខខណ្ឌគុណវុឌ្ឍិ សមស្រប អាចធ្វើសមាហរណកម្មទៅក្នុងក្របខ័ណ្ឌឋានន្តរសក្តិ និងថ្នាក់ថ្មីស្របតាមបទប្បញ្ញត្តិនៃព្រះរាជក្រឹត្យនេះ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


