Connect with us

ព័ត៌មានជាតិ

សហគមន៍តាមដងទន្លេ ស្នើស្ថាប័នពាក់ព័ន្ធពង្រឹងគោលនយោបាយការពារទន្លេដើម្បីធានាសិទ្ធិរស់នៅ

បានផុស

នៅ

អង្គការអុកស្វាមកម្ពុជា សហការជាមួយអង្គការសង្គមស៊ីវិល សហគមន៍តាមដងទន្លេ និងស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធ បានរួមគ្នាប្រារព្ធអបអរសាទរទិវាសំខាន់ចំនួន៣ពីថ្ងៃ២៤​ដល់២៦ មីនា ២០២៦ រួមមាន ទិវាអន្តរជាតិនារី ទិវាអន្តរជាតិនៃសកម្មភាពសម្រាប់ទន្លេ និងទិវាទឹកពិភពលោក នៅខេត្តស្ទឹងត្រែង។ ពិធីអបអរសាទរ ដែលបានរៀបចំឡើង កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ មានអ្នកចូលរួមជាង៩០នាក់ រួមមានស្ត្រី យុវជន ជនជាតិដើមភាគតិច ជនមានពិការភាព ស្ថាប័នរដ្ឋាភិបាល ស្ថាប័នសិក្សាស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍នានា បានជួបជុំគ្នាដើម្បីបង្ហាញពីប្រធានបទ “ទឹក ទន្លេ ភាពធន់ និងបរិយាបន្ន  (សមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម)”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈព្រឹត្តិការណ៍នេះ អ្នកចូលរួម បានស្នើដល់រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធពង្រឹងគោលនយោបាយការពារទន្លេ ដើម្បីធានាសិទ្ធិរស់រានមានជីវិត សិទ្ធិសេដ្ឋកិច្ច សង្គម និងបរិស្ថាន របស់សស្រ្តី កុមារ ជនមានពិការភាព យុវជន និងជនងាយរងគ្រោះផ្សេងៗ។ ពោលរាល់គម្រោងអភិវឌ្ឍន៍ដែលទាក់ទងនឹងទន្លេត្រូវមានការសិក្សា និងពិគ្រោះយោបល់គ្រប់ជ្រុងជ្រោយ ដើម្បីធានាថា សំណូមពរ និងកង្វល់របស់សហគមន៍ត្រូវបានពិចារណា និងរៀបចំផែនការត្រឹមត្រូវសម្រាប់ការការពារបរិស្ថាន វប្បធម៌ និងសង្គមប្រកបដោយចីរភាព។

សេចក្តីប្រកាសព័ត៌មានអង្គការអុកស្វាម បញ្ជាក់ថា ការប្រារព្ធពិធីនេះបានប្រមូលផ្តុំនូវវត្តមានចម្រុះមកជួបជុំគ្នា ដើម្បីសិក្សាអំពីគំនិតផ្តួចផ្តើមដឹកនាំដោយសហគមន៍ ចែករំលែកចំណេះដឹង និងជំរុញសកម្មភាពរួមគ្នាសម្រាប់ការគ្រប់គ្រងទឹកប្រកបដោយភាពធន់ និងចីរភាព។ អ្នកចូលរួមបានបោះជំរុំតាមបណ្តោយទន្លេមេគង្គ នៅសហគមន៍ទេសចរណ៍ធម្មជាតិកោះសាមសាប ដោយមានការពិសាអាហាររួមគ្នា ការសម្តែងសិល្បៈវប្បធម៌ និងការពិភាក្សាតុមូលជាមួយសហគមន៍ក្នុងតំបន់ និងយុវជន។ បទពិសោធន៍បោះជំរុំបានផ្តល់ឱកាសពិសេសដល់អ្នកចូលរួមដើម្បីភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ជាមួយប្រព័ន្ធជីវៈចម្រុះទន្លេ ឃើញពីជីវភាពរស់នៅបែបប្រពៃណីដូចជា ការនេសាទ និងការធ្វើស្រែចម្ការតាមដងទន្លេ និងការឆ្លុះបញ្ចាំងពីសារៈសំខាន់នៃការការពារធនធានទាំងនេះសម្រាប់មនុស្សជំនាន់ក្រោយ។

រូបភាពផ្តល់ដោយ៖ អង្គការអុកស្វាម

អ្នកចូលរួមក៏បានធ្វើដំណើរតាមទូកទស្សនាព្រៃលិចទឹកទន្លេមេគង្គ ដោយពិនិត្យមើលដោយផ្ទាល់នូវប្រព័ន្ធជីវៈចម្រុះទន្លេមេគង្គដ៏សំខាន់បំផុតនៅប្រទេសកម្ពុជា។ ដំណើរទស្សនានេះបានបង្ហាញពីតួនាទីដ៏សំខាន់នៃព្រៃលិចទឹកក្នុងការរក្សាធនធានជលផល ទេសចរណ៍ធម្មជាតិ ការការពារជីវភាពរស់នៅ និងការការពារសហគមន៍ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ ការដើរ​សាមគ្គីភាព​ និង​ការសម្អាត​បរិស្ថានតាម​ដងទន្លេ ដែលដឹកនាំដោយក្រសួងបរិស្ថាន គឺជានិមិត្តរូបនៃការទទួលខុសត្រូវរួមគ្នាក្នុងការការពារប្រព័ន្ធជីវៈចម្រុះទន្លេ។

លោក អាន ពេជ្រហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថា អាងទន្លេមេគង្គគាំទ្រដល់ជីវភាពរស់នៅប្រចាំថ្ងៃ និងជីវភាពរស់នៅរបស់ប្រជាជនរាប់លាននាក់។ ការពង្រឹងអភិបាលកិច្ចទឹកមានន័យថាស្តាប់សហគមន៍ សង្គមស៊ីវិល និងអ្នកពាក់ព័ន្ធទាំងអស់ ដូច្នេះការសម្រេចចិត្តនាំឱ្យមានភាពធន់ពិតប្រាកដ និងការអភិវឌ្ឍប្រកបដោយចីរភាព។

លោកស្រី ងិន លីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ការការពារប្រព័ន្ធអេកូឡូស៊ីទន្លេមេគង្គ មានន័យថា ការការពារសរសៃឈាមជីវិតរបស់សហគមន៍របស់យើង ការលើកកម្ពស់សុខភាពសាធារណៈ ការពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងការពង្រឹងឱកាសេស្ឋកិច្ច។ តាមរយៈការដើរជាមួយគ្នាគឺបង្ហាញពីភាពសាមគ្គីនិងការទទួលខុសត្រូវរួមរបស់យើងក្នុងការការពារជីវៈចម្រុះ បេតិកភណ្ឌវប្បធម៌ សុខមាលភាព និងជីវភាពរស់នៅនាពេលអនាគតរបស់មនុស្សរាប់លាននាក់ដែលពឹងផ្អែកលើទន្លេ។ លោកស្រីថា៖«ការរៀបចំគម្រោងអភិវឌ្ឍន៍ណាមួយត្រូវពិគ្រោះយោបល់ប្រកបដោយបរិយាបន្ន និងតម្លាភាពជាមួយសហគមន៍ អង្គការសង្គមស៊ីវិល និងស្ថាប័នពាក់ព័ន្ធ ដើម្បីធានាថាគម្រោងអភិវឌ្ឍន៍មានទំនួលខុសត្រូវខាងសង្គមសេដ្ឋកិច្ច និងបរិស្ថាន ហើយយុវជនគឺជាកម្លាំងស្នូល ដែលត្រូវចូលរួមចំណែកទទួលខុសត្រូវ»។

លោកស្រី​ ភាណ សោភ័ណ នាយិកាអង្គការអុកស្វាមកម្ពុជា មានប្រសាសន៍ថា នៅចំពោះមុខការប្រែប្រួលអាកាសធាតុ និងការគំរាមកំហែងដល់អត្ថិភាព ការការពារទន្លេតម្រូវឱ្យមានអភិបាលកិច្ចបែបបរិយាបន្ន កិច្ចសហប្រតិបត្តិការឆ្លងដែន និងការអនុវត្តប្រកបដោយចីរភាព។ ការចូលរួម និងសំឡេងជាពិសេសរបស់ក្រុមងាយរងគ្រោះបំផុតគឺជាការចាំបាច់។ លោកស្រីបន្តថា នៅពេលដែលសំឡេងចម្រុះ ត្រូវបានឮសម្រាប់ការធ្វើការសម្រេចចិត្ត ទន្លេត្រូវបានគ្រប់គ្រងប្រកបដោយចីរភាពដែលមានភាពធន់ និងសមធម៌សម្រាប់មនុស្សជំនាន់ក្រោយៗទៀត។

លោក ម៉ែន គុង អភិបាលរងខេត្តស្ទឹងត្រែង ក៏មានប្រសាសន៍ថា ”ទឹកទន្លេមេគង្គ និងទន្លេងផ្សេងៗទៀត មានសារ:សំខាន់ណាស់ក្នុងការរក្សាប្រព័ន្ធជីវៈចម្រុៈ និនជីវភាពរបស់ប្រជាជនតាមដងទន្លេទាំងនៅខេត្តស្ទឹងត្រែង និងក្នុងតំបន់មេគង្គ ហើយការគ្រប់គ្រងធនធានទឹកតាមសហគមន៍មានសារៈសំខាន់ណាស់ដើម្បីធានាបរិយាបន្ន និងនិរន្តរភាព”។

កញ្ញា ចេង ភារុន តំណាងស្រ្តី មកពីសហគមន៍កោះក្រូច ខេត្តស្ទឹងត្រែង បាននិយាយថា “ជំនាន់របស់យើងកំពុងទទួលមរតកទាំងសម្រស់ធម្មជាតិ និងបញ្ហាប្រឈមនៃទន្លេមេគង្គ។ តាមរយៈការធ្វើការរួមគ្នា និងភាពជាអ្នកដឹកនាំរបស់សហគមន៍ ជាពិសេសជនជាតិដើមភាគតិច និងស្ត្រី យើងកំពុងបង្ហាញថា ការការពារទន្លេ មិនមែនសម្រាប់តែការរស់រានមានជីវិតប៉ុណ្ណោះ ប៉ុន្តែជាយុត្តិធម៌នៃការប្រើប្រាស់ធនធាន អត្តសញ្ញាណ និងអនាគតរួមរបស់យើង”។

លោកស្រី អាន ភារី តំណាងស្រ្តីយុវជនជនជាតិដើមភាគតិច មកពីភូមិកំពង់ប៉ាង ខេត្តស្ទឹងត្រែង បាននិយាយថា “ទន្លេថែររក្សានូវប្រពៃណី និងស្មារតីរបស់យើង។ នៅពេលដែលយើងសម្តែងមតិក្នុងការធ្វើសេចក្តីសម្រេចចិត្តមិនត្រឹមតែការពារសហគមន៍របស់យើងប៉ុណ្ណោះទេ ប៉ុន្តែយើងកំពុងការពារទន្លេមេគង្គសម្រាប់អ្នកទាំងអស់ដែលពឹងផ្អែកលើវា”។

ការប្រារព្ធពិធីនៅខេត្តស្ទឹងត្រែង និងក្រចេះឆ្លុះបញ្ចាំងពីបញ្ហាប្រឈមសំខាន់ៗនៅទូទាំងអាងទន្លេមេគង្គ ស្របពេលដែលការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍធនធានទឹក និងការប្រើប្រាស់ធនធានមិនមានចីរភាពគំរាមកំហែងដល់ប្រព័ន្ធអេកូឡូស៊ី និងជីវភាពរស់នៅរបស់សហគមន៍។ សកម្មភាពក្នុងស្រុកទាំងនេះស្របនឹងការប្តេជ្ញាចិត្តជាសកល ដូចជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ ជាពិសេសគោលដៅទី៦ (ទឹកស្អាត និងអនាម័យ) គោលដៅទី១៣ (សកម្មភាពអាកាសធាតុ) និងគោលដៅទី១៥ (ជីវិតនៅលើដី) និងពង្រឹងការអំពាវនាវរបស់កិច្ចព្រមព្រៀងទីក្រុងប៉ារីសសម្រាប់ភាពធន់នៃអាកាសធាតុដែលដឹកនាំដោយសហគមន៍៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម