Connect with us

ព័ត៌មានជាតិ

វិទ្យាល័យ ហ៊ុន សែន ក្រុងក្រចេះ រៀបចំ​សង្ក្រាន្តឆ្នាំថ្មី អមដោយការតាំងពិព៌ណស្នាដៃសិស្សយ៉ាងសម្បូរ​បែប ​

បានផុស

នៅ

ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ វិទ្យាល័យ ហ៊ុន សែន ក្រុងក្រចេះបានរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តវិទ្យាល័យក្រុងក្រចេះ» រយៈពេល ២ ថ្ងៃ គឺនៅថ្ងៃទី ៦ និងទី ៧ ខែមេសា ឆ្នាំ២០២៦ ដែលបានបញ្ចប់ទៅដោយរលូន និងបង្កភាពសប្បាយរីករាយពោរពេញដោយស្នាមញញឹម និងក្រោមបរិយាកាសស្និតស្នាល។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សង្ក្រាន្តវិទ្យាល័យក្រុងក្រចេះ បានប្រព្រឹត្តទៅក្រោមវត្តមានលោកស្រី ខាំ សុភាព អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ និងជាប្រធានកិត្តិយសគណៈកម្មាការគ្រប់គ្រងវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ក្រុងក្រចេះ។ ក្នុងនោះក៏មានការនិមន្តចូលរួមពីសំណាក់ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ មាតាបិតាសិស្ស និងសិស្សានុសិស្សយ៉ាងច្រើនកុះករផងដែរ។

ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំនេះ ត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំងដោយបែងចែកជាពីរថ្ងៃ៖ ថ្ងៃទី១- មានការបង្ហាញសមត្ថភាព និងសិល្បៈវប្បធម៌ រៀបចំការតាំងពិព៌ណផលិតផលដែលជាស្នាដៃ និងទេពកោសល្យផ្ទាល់របស់សិស្សានុ​សិស្ស​ ដែលបង្ហាញពីភាពច្នៃប្រឌិតខ្ពស់។

បន្ទាប់មកក៏មានការសម្ដែងរបាំបុរាណនិងរបាំប្រពៃណី ដើម្បីលើកកម្ពស់តម្លៃវប្បធម៌ជាតិ។ ថ្ងៃទី២៖ ភាពសប្បាយរីក​រាយ និងល្បែងប្រជាប្រិយ បរិយាកាសកាន់តែពុះកញ្ជ្រោលជាមួយនឹងការលេងល្បែងប្រជាប្រិយខ្មែរជាច្រើនទម្រង់ ការដាក់តាំងលក់ម្ហូបអាហារ (ចាក់នំអំបែង) ការប្រឡងចម្រៀង ការដើរបង្ហាញម៉ូដយុវវ័យ និងការរាំលេងកម្សាន្តតាមចង្វាក់ប្រពៃណីខ្មែរយ៉ាងកក់ក្ដៅ។ ​ការរៀបចំសង្ក្រាន្តនេះ មិនត្រឹមតែជាការកម្សាន្តសប្បាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្កើនសាមគ្គីភាពរវាងសិស្ស និងសិស្ស លោកគ្រូ និងអ្នកគ្រូ ព្រមទាំងជាការជំរុញឲ្យយុវជនជំនាន់ក្រោយស្វែងយល់ និងស្រឡាញ់នូវទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរផងដែរ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម