Connect with us

ព័ត៌មានជាតិ

កម្ពុជា និងអាម៉េរិក បញ្ជាក់ជាថ្មីពីការប្ដេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយគ្នា

បានផុស

នៅ

កម្ពុជា និងសហរដ្ឋអាម៉េរិក បញ្ជាក់ជាថ្មីចំពោះការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយគ្នា។ ការប្ដេជ្ញាចិត្តនេះ បានកើតឡើងក្រោយជំនួបទ្វេភាគីរបស់នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ជាមួយនឹងនាយឧត្តមសេនីយ៍ RONALD P. CLARK មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាម៉េរិកប្រចាំប៉ាស៊ីហ្វិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំនួបរវាងមេបញ្ជាការទាំងពីរ ដែលធ្វើឡើងតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ គឺដើម្បីពិនិត្យវឌ្ឍនភាព និងពិភាក្សាអំពីទិសដៅនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកទាំងពីរ។

ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកទាំងពីរ ដែលសម្រេចបានក្នុងរយៈពេលកន្លងមក ជាពិសេសលទ្ធផលកិច្ចប្រជុំក្រុមការងារកងទ័ពជើងគោក ដែលបានកំណត់ទិសដៅច្បាស់លាស់សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការនេះ។

ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈគ្នាអំពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ និងបង្ហាញការប្តេជ្ញាចិត្តបន្តពង្រីកកិច្ចសហប្រតិបត្តិការលើការងារហ្វឹកហ្វឺន ការកសាងសមត្ថភាព និងការផ្លាស់ប្តូរអ្នកជំនាញលើវិស័យជាអាទិភាពរួម សំដៅលើកកម្ពស់នូវមិត្តភាព ទំនុកចិត្ត និងភាពជាដៃគូរវាងកងទ័ព និងប្រទេសទាំងពីរ កម្ពុជា-សហរដ្ឋអាម៉េរិក។

យោងតាមខ្លឹមសារចុះផ្សាយនៅលើបណ្ដាញសង្គមផ្លូវការរបស់កងទ័ពជើងគោកកម្ពុជា ក្នុងជំនួបនោះ មេបញ្ជាការទាំងពីរ ក៏បានជជែកពីវឌ្ឍនភាពនៃផែនការរៀបចំឡើងវិញសមយុទ្ធឆ្មាំអង្គររវាងកងទ័ពទាំងពីរ ដែលគ្រោងធ្វើក្នុងឆ្នាំ២០២៧ខាងមុខ។ ភាគីទាំងពីរ ចាត់ទុកសមយុទ្ធនេះ ថា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពប្រតិបត្តិការរួម ការផ្លាស់ប្តូរបទពិសោធ និងការកសាងទំនុកចិត្តរវាងគ្នា។

គួរកត់សម្គាល់ថា សហរដ្ឋអាម៉េរិកបានចាប់ដៃកម្ពុជា រួមគ្នាធ្វើជាសមយុទ្ធឆ្នាំអង្គរជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រនៃវិស័យការពារជាតិនៃប្រទេសទាំងពីរ នៅឆ្នាំ២០១០ ហើយសមយុទ្ធរួមគ្នានេះ ត្រូវបានធ្វើជារៀងរាល់ឆ្នាំ រយៈពេល៧លើកជាប់ៗគ្នា។ ប៉ុន្តែនៅឆ្នាំ២០១៧ សមយុទ្ធឆ្មាំអង្គរនេះត្រូវបានផ្អាក រហូតមកដល់ពេលនេះ ដែលប្រមាណជិត១០ឆ្នាំមកហើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម