ព័ត៌មានជាតិ
នៅមានឱកាស! កម្ពុជា នឹងបន្តចរចាជាមួយអាមេរិក ដើម្បីឱ្យទម្លាក់ពន្ធបដិការពី៣៦%មកទាបជាងនេះ
ក្រុមការងារជំនាញរបស់កម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចរចាជាមួយភាគីអាមេរិកបន្តទៀត សំដៅឱ្យអាមេរិកបន្ថយពន្ធបដិការពី៣៦% មកទាបជាងនេះ។ នេះបើតាមការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងសន្និសីទសារព័ត៌មាននាល្ងាចថ្ងៃទី០៨ កក្កដា នេះ។ លោក ស៊ុន ចាន់ថុល បញ្ជាក់ដូច្នេះ បន្ទាប់ពីនៅព្រឹកថ្ងៃទី០៨ ខែកក្កដា សហរដ្ឋអាមេរិកដាក់ពន្ធបដិការលើទំនិញដែលនាំចូលទីផ្សារសហរដ្ឋអាមេរិក៣៦% ប៉ុន្តែទុកឱកាសកម្ពុជា ចូលចរចាបន្តទៀតឱ្យបានមុនថ្ងៃទី០១ ខែសីហា ថ្ងៃដែលពន្ធបដិការ៣៦%ចូលជាធរមាន។

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល សង្កត់ធ្ងន់ដូច្នេះ៖«ក្រុមការងារចរចារបស់យើងត្រៀមរួចស្រេចហើយ! ខ្ញុំបានផ្ញើអ៊ីម៉ែល ទៅតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកព្រឹកមិញនេះថា យើងខ្ញុំត្រៀមរួចជាស្រេចក្នុងការធ្វើដំណើរ ឬចរចាតាមប្រព័ន្ធអនឡាញ ដើម្បីបន្ថយអត្រាពន្ធគយបដិការថែមទៀត។»។
សូមរម្លឹកថា នៅដើមខែមេសា សហរដ្ឋអាមេរិកសម្រេចដាក់ពន្ធបដិការចំនួន៤៩% លើទំនិញដែលនាំចូលពីកម្ពុជាទៅកាន់ទីផ្សារខ្លួន។ ក្រោយការដាក់ពន្ធនេះ កម្ពុជា អាមេរិកបានជួបចរចាគ្នា ដោយផ្ទាល់ផង និងតាមរយៈប្រព័ន្ធអនឡាញ ផង។ ជាលទ្ធផលក្រោយជួបចរចាគ្នា ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ត្រាំ សម្រេចបន្ថយអត្រាពន្ធពី៤៩% មកនៅត្រឹម៣៦%។

នៅក្នុងសន្នសីទសារព័ត៌មាន ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងនាមសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណដល់ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលទម្លាក់អត្រាពន្ធជូនកម្ពុជា និងអះអាងថា កម្ពុជា នឹងបន្តចរចាជាមួយអាមេរិកបន្ថែមទៀត និងពង្រឹង ក៏ដូចជាពង្រីកទីផ្សារជាមួយសហរដ្ឋអាមេរិក។
ជុំវិញការចោទសួរថា កម្ពុជា មានជំនឿជាក់បែបណាក្នុងការចរចាបន្តទៀតជាមួយអាមេរិក? លោក ស៊ុន ចាន់ថុល គូសបញ្ជាក់ថា កម្ពុជា មានសន្លឹកបៀរ នឹងជំនឿជាក់ក្នុងការចរចាពន្ធបដិការជាមួយសហរដ្ឋអាមេរិកឱ្យចុះមកនៅទាបជាង៣៦%។ លោក ស៊ុន ចាន់ថុល បោះពាក្យសម្ដីប្រាប់ទៅកាន់វិនិយោគិនដែលប្រុងឈប់វិនិយោគព្រោះ តែអត្រាពន្ធ៣៦%នេះ ថា ពន្ធនេះ មិនមែនមិនអាចប្រែប្រួលបានឡើយ គ្រប់យ៉ាងនៅការប្រែប្រួលជានិច្ច ព្រោះតែអត្រាពន្ធនេះសរសេរលើក្រដាសដែលងាយនិរាករណ៍ចោលយ៉ាងស្រួល។

លោក ស៊ុន ចាន់ថុល បង្ហាញសុទិដ្ឋិនិយមបែបនេះ៖« សួរថាយើងមានអ្វីយកទៅឱ្យសហរដ្ឋអាមេរិកចរចាជាមួយ? យើងមានប៉ុន្តែខ្ញុំមិនអាចប្រកាសជូនបងប្អូនបានទេថាមានអី ព្រោះជាសន្លឹកបៀររបស់យើងខ្ញុំ ដែលសម្ដេចធិបតី បានណែនាំថា “ថែរក្សាសន្លឹកបៀរមួយចំនួនក្នុងហោប៉ៅយើងនេះ ហើយយើងទៅដើម្បីដកម្ដងមួយៗចរចាជាមួយគេ ឱ្យខ្ញុំប្រាប់ ខ្ញុំប្រាប់មិនទេ!”។ ចំពោះអ្នកវិនិយោគថាចង់ពិនិត្យពិចារណាចង់រើ (ឈប់វិនិយោគ) ខ្ញុំថា នៅឱ្យស្ងៀម តួលេខ(អត្រាពន្ធ)៣៦% នេះ មិនមែនតួលេខដែលគេឆ្លាក់នៅលើថ្មទេ អាចលុបបានភ្លែត លុបចេញដាក់តួលេខទាប ក្រោយពីយើងចរចាជាមួយសហរដ្ឋអាមេរិក។ អ៊ីចឹងកុំអាលគិតរឿងទៅណាក្រៅពីកម្ពុជា។»។

បន្ថែមពីនេះ អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អះអាងប្រាប់អ្នកវិនិយោគ និងពលរដ្ឋថា រដ្ឋាភិបាលកម្ពុជា មានគម្រោងទាក់ទាញអ្នកវិនិយោគឱ្យមករកស៊ីនៅកម្ពុជា តាមរយៈសក្ដានុពលដែលមានស្រាប់ គឺកម្ពុជា មានសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពនយោបាយម៉ាក្រូសេដ្ឋកិច្ច សម្បូរកម្លាំងពលកម្មវ័យក្មេង ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អ ប្រទេសនៅក្នុងតំបន់មហាតំបន់អនុមេគង្គ ច្បាប់វិនិយោគនៅកម្ពុជាល្អ មានការលើកទឹកចិត្តល្អច្រើនជាងគេនៅតំបន់អាស៊ាន បើកទូលាយឱ្យអ្នកវិនិយោគដាក់ទុនលើគ្រប់វិស័យទាំងអស់ ហើយដាក់ទុន១០០%បាន ស្របពេលដែលប្រទេសមួយចំនួនហាមជនបរទេសដាក់ទុនលើគ្រប់វិស័យ១០០%ឡើយ រដ្ឋាភិបាលមានវិធានការកាត់តម្លៃផលិតផលិត ហើយកម្ពុជាក៏កំពុងចរចាពាណិជ្ជកម្មសេរីជាមួយប្រទេសចំនួន។
យ៉ាងណាមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឱ្យវិនិយោគិន និងពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហា ដើម្បីការពារអ្នកវិនិយោគដែលកំពុងរកស៊ីនៅកម្ពុជា និងទាក់ទាញអ្នកវិនិយោគបន្ថែមទៀតមកកម្ពុជា សម្ដៅផ្ដល់ជាប្រយោជន៍ជូនវិនិយោគិនផង និងជាពិសេសពលរដ្ឋកម្ពុជាផង៕
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា២ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


