Connect with us

ព័ត៌មានជាតិ

លោក ដេរិក យីប៖ មកដល់ពេលនេះ និស្សិតកម្ពុជាប្រមាណ ១,១០០នាក់ ទទួលបានអាហារូបករណ៍ Australia Awards ទៅសិក្សានៅអូស្ត្រាលី

បានផុស

នៅ

ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា លោក ដេរិក យីប បានឱ្យដឹងថា គិតចាប់តាំងពីឆ្នាំ១៩៩០ មក និស្សិតកម្ពុជាជាង ៣៥,០០០នាក់ បានជ្រើសរើសទៅសិក្សានៅប្រទេសអូស្ត្រាលី ឬនៅតាមស្ថាប័នអប់រំអូស្ត្រាលី។ ក្នុងចំណោមនោះ មាននិស្សិតកម្ពុជាប្រមាណ ១,១០០នាក់ ទទួលបានអាហារូបករណ៍ Australia Awards ដើម្បីបន្តការសិក្សានៅប្រទេសអូស្ត្រាលី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីជួបជុំអតីតនិស្សិតដែលបានសិក្សានៅប្រទេសអូស្ត្រាលី ដែលរៀបចំដោយស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា នាល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ, លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច, លោកស្រីបណ្ឌិត អេង នេត្រា នាយកប្រតិបត្តិវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI), លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម (Oxfam) ផងដែរ។

លោក ដេរិក យីប

ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោក ដេរិក យីប បានគូសបញ្ជាក់ថា អតីតនិស្សិតដែលបានបញ្ចប់ការសិក្សានៅប្រទេសអូស្ត្រាលី និងបានត្រឡប់មកកម្ពុជាវិញ កំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេស តាមរយៈការបម្រើការងារក្នុងស្ថាប័នរដ្ឋ អង្គការក្រៅរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងវិស័យឯកជន។

ឯកអគ្គរដ្ឋទូតអូស្ត្រាលី បានសង្កត់ធ្ងន់ថា អតីតនិស្សិតទាំងនេះ មិនត្រឹមតែបានយកចំណេះដឹង និងជំនាញមករួមចំណែកអភិវឌ្ឍន៍កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយពង្រឹងទំនាក់ទំនង និងភាពជាដៃគូរវាងកម្ពុជា និងអូស្ត្រាលីឱ្យកាន់តែរឹងមាំ ដែលជាកត្តារួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។

សូមជម្រាបថា កម្មវិធីជួបជុំអតីតនិស្សិតដែលរៀបចំដោយស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជានាពេលនេះ មានគោលបំណងបង្ហាញពីគុណភាព និងតម្លៃនៃការអប់រំរបស់ប្រទេសអូស្ត្រាលី ព្រមទាំងរំលេចការរួមចំណែករបស់ការអប់រំអូស្ត្រាលីចំពោះការអភិវឌ្ឍកម្ពុជា និងសមិទ្ធផលនានារបស់អតីតនិស្សិតអូស្ត្រាលីនៅកម្ពុជា។ កម្មវិធីនេះ ក៏មានកិច្ចពិភាក្សាចែករំលែកបទពិសោធន៍ពីអតីតនិស្សិតអូស្ត្រាលីផងដែរ៕

ដោយ៖ អ៊ុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម