Connect with us

ព័ត៌មានជាតិ

កម្ពុជាទាមទារវិធានការតឹងរ៉ឹងពីអង្គការសហប្រជាជាតិលើជម្លោះព្រំដែនកម្ពុជា-ថៃ ដែលអូសបន្លាយ១ឆ្នាំមកនេះ

បានផុស

នៅ

កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិចាត់វិធានការឱ្យកាន់តែខ្លាំងលើបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ដោយសង្កត់ធ្ងន់លើការដោះស្រាយដោយសន្តិវិធី ហើយផ្អែកលើច្បាប់អន្តរជាតិ។ ការលើកឡើងនេះបានធ្វើឡើងជាថ្មីដោយលោក កែវ ឈា មន្ត្រីការទូតកម្ពុជាប្រចាំនៅស្នាក់ការកណ្ដាលអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កែវ ឈា បានលើកឡើងនៅក្នុងកិច្ចពិភាក្សាបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ដោយបានអំពាវនាវឱ្យមាននូវការប្តេជ្ញាចិត្តជាសកលជាថ្មីចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី និងការប្រកាន់ខ្ជាប់កាន់តែខ្លាំងចំពោះច្បាប់អន្តរជាតិ។

ក្នុងសេចក្ដីថ្លែងការណ៍របស់លោក កែវ ឈា ក៏បានបញ្ជាក់ឡើងវិញផងដែរនូវការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជាចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការសន្ទនា ការទូត និងការគោរពច្បាប់អន្តរជាតិ។

ការអំពាវនាវជាថ្មីរបស់មន្ត្រីកម្ពុជាបែបនេះ ខណៈកម្ពុជាកំពុងរងការឈ្លានពានពីប្រទេសថៃ ដោយគិតមកត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ គឺជាខួប១ឆ្នាំគត់ នៃសង្គ្រាមឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា បន្ទាប់ពីព្រឹត្តិការណ៍បាញ់ប្រហារមកលើកងទ័ពកម្ពុជានៅតំបន់មុំបី ខេត្តព្រះវិហារ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ បណ្តាលឱ្យលោកព្រិន្ទបាលឯក សួន រោន ពលីជីវិត។

ផ្តើមពីចំណុចនេះ ភាពតានតឹងខាងយោធានៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃបានផ្ទុះឡើង ហើយបានក្លាយជាបញ្ហាជម្លោះព្រំដែនដែលអូសបន្លាយមកដល់បច្ចុប្បន្ន បើទោះជាមានកិច្ចអន្តរាគមន៍ពីសហគមន៍អន្តរជាតិ រហូតមានកិច្ចព្រមព្រៀងបទឈប់បាញ់ក៏ដោយ។

ក្នុងស្ថានភាពដែលកំពុងអូសបន្លាយនេះ តំណាងអចិន្ត្រៃកម្ពុជា បានគូសបញ្ជាក់ពីអាទិភាពមួយចំនួនដោយសង្កត់ធ្ងន់ដល់ការពង្រឹងតួនាទីរបស់អង្គការសហប្រជាជាតិ ក្នុងការបង្ការដោយវិធីសាស្រ្តការទូត ហើយត្រូវធានាថាជម្លោះត្រូវបានដោះស្រាយតាមរយៈមធ្យោបាយសន្តិវិធី និងការអនុលោមតាមសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ។

បន្ថែមពីនេះ លោកបានទាមទារនូវការពង្រឹងឯកភាព និងភាពមិនលម្អៀងរបស់ក្រុមប្រឹក្សា និងការដោះស្រាយផលប៉ះពាល់ផ្នែកមនុស្សធម៌នៃជម្លោះព្រំដែនរបស់កម្ពុជាដែលកំពុងបន្តកើតមាននេះដែលមានជនស៊ីវិលជាង២ម៉ឺននាក់នៅតែជាជនភៀសសឹក។

ចុងបញ្ចប់នៃសេចក្ដីថ្លែងការណ៍ លោក កែវ ឈា បានសង្កត់ធ្ងន់ទៅក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ថា ព្រំដែន និងអធិបតេយ្យមិនត្រូវផ្លាស់ប្តូរដោយកម្លាំង ឬតាមរយៈការបង្កើតស្ថានភាពថ្មីនៅលើដីជាក់ស្តែងនោះទេ។

គួររម្លឹកថា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កងទ័ពថៃបានបើកការវាយប្រហារមកលើកងកម្លាំងការពារព្រំដែនកម្ពុជា និងពង្រីកការវាយប្រហារនៅតាមបណ្តោយតំបន់ព្រំដែន។ ក្នុងអំឡុងសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃលើទឹកដីកម្ពុជាលើកទី១ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ បាននាំឱ្យមានការបាត់បង់ជីវិត ការខូចខាតទ្រព្យសម្បត្តិ ទីតាំងស៊ីវិល មានទាំងវត្តអារាម សាលារៀន មន្ទីរពេទ្យ ព្រមទាំងប្រាសាទបុរាណរបស់កម្ពុជារងបំផ្លិចបំផ្លាញ ខណៈប្រជាពលរដ្ឋកម្ពុជាជាច្រើនម៉ឺននាក់ត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែង ដើម្បីរត់គេចពីការបាញ់ផ្លោងដោយអាវុធធុនធ្ងន់របស់យោធាថៃ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម