Connect with us

ព័ត៌មានជាតិ

កម្ពុជាអរគុណឡាវចំពោះការរួមចំណែកជាអ្នកសង្កេតការណ៍លើបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ

បានផុស

នៅ

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានប្រគល់ប័ណ្ណសរសើរដល់នាយទាហានរបស់ឡាវ ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា ក្នុងនាមជាសមាជិកក្រុមអ្នកសង្កេតការណ៍អាស៊ានលើបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ។ លោកអគ្គមេបញ្ជាការបានអរគុណឡាវចំពោះការចូលរួមចំណែកនេះ ដែលលោកចាត់ទុកថា ជាការរក្សាសន្តិភាពក្នុងតំបន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយទាហានឡាវ ដែលទទួលប័ណ្ណសរសើរពេលនេះ គឺវរសេនីយ៍ត្រី ចន្ថាណម កែវឡោខាំ និងវរសេនីយ៍ត្រី សាយសាម៉ុន ស៊ុកផាស៊ើត។ លើកឡើងក្នុងពិធីប្រគល់ប័ណ្ណសរសើរ ដែលធ្វើឡើងកាលពីរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានអរគុណចំពោះបក្ស រដ្ឋ និងកងទ័ពឡាវ ដែលបានគាំទ្រដល់ការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ និងបានបញ្ជូននាយទាហានមកបំពេញបេសកកម្មជាអ្នកសង្កេតការណ៍ ក្នុងស្មារតីសាមគ្គីភាពគ្រួសារអាស៊ាន។

លោកអគ្គមេបញ្ជាការ បានគូសបញ្ជាក់ថា ក្នុងបរិបទដែលកម្ពុជាកំពុងប្រឈមបញ្ហាជម្លោះជាមួយប្រទេសថៃ ការចូលរួមរបស់ឡាវក្នុងនាមជាអ្នកសង្កេតការណ៍អាស៊ាន បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមក្នុងការស្វែងរកសន្តិភាព ស្ថិរភាព វិបុលភាព និងការរក្សាមជ្ឈភាពរបស់អាស៊ាន។

លោក បានកោតសរសើរចំពោះការលះបង់កម្លាំងកាយចិត្ត ស្មារតីទទួលខុសត្រូវ និងវិជ្ជាជីវៈខ្ពស់របស់មន្ត្រីសង្កេតការណ៍ទាំងពីរ ដែលបានឃ្លាតឆ្ងាយពីគ្រួសារ និងមាតុភូមិ ដើម្បីចូលរួមកសាងសន្តិភាព និងប្រក្រតីភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

ជំនួសអាណត្តិការងាររបស់នាយទាហានទាំងពីរខាងលើ រដ្ឋាភិបាលឡាវក៏បានបន្តបញ្ជូននាយទាហានប្តូរវេនចំនួនពីររូបផ្សេងទៀត ដើម្បីចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា ដែលដឹកនាំដោយប្រទេសហ្វីលីពីន ជាប្រធានប្តូរវេនអាស៊ាន ក្នុងការចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់ស្ថានភាពព្រំដែនកម្ពុជា-ថៃ ក្រោយបទឈប់បាញ់ចូលជាធរមាន។

កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹង និងពង្រឹងតួនាទីដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ក្នុងការធានាការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ ដើម្បីលើកកម្ពស់តម្លាភាព ការជឿទុកចិត្តគ្នា និងការពារអាយុជីវិតប្រជាពលរដ្ឋ។ កម្ពុជាក៏ស្វាគមន៍ជានិច្ចចំពោះបណ្តាប្រទេសជាមិត្តក្នុងការបញ្ជូនអ្នកសង្កេតការណ៍ ឬចូលរួមជួយលើកិច្ចការសន្តិភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម