ព័ត៌មានជាតិ
ខួប ៧០ឆ្នាំនៃ កម្ពុជា-ឡាវ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក សនសៃ វ៉ាន់ណាសៃ (Sonexay Vannaxay) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំកម្ពុជា នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងអបអរសាទរខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសជិតខាងទាំងពីរ។

នាឱកាសនោះ លោករដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះលោក សនសៃ វ៉ាន់ណាសៃ ដែលទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតឡាវថ្មីប្រចាំកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ។

លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា កម្ពុជា និងឡាវបានរក្សាចំណងមិត្តភាពប្រពៃណី សាមគ្គីភាព ភាពជាអ្នកជិតខាងល្អប្រកបដោយការជឿទុកចិត្ត និងការគាំទ្រគ្នាទៅវិញទៅមក។

លោកបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី ជាពិសេសបន្ទាប់ពីការអនុម័តផែនការសកម្មភាពសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងឆ្នាំ២០២៣-២០២៧ ហើយខួបលើកទី៧០នេះជាឱកាសបង្កើនសន្ទុះថ្មីដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។

លោករដ្ឋមន្រ្តីក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃកម្មវិធី TVET ក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ច ផលិតភាព និងសមត្ថភាពប្រកួតប្រជែង ហើយបានលើកទឹកចិត្តឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការតាមរយៈការផ្លាស់ប្តូរគ្រូបណ្តុះបណ្តាល និងអ្នកជំនាញ និងការបង្កើតភាពជាដៃគូរវាងគ្រឹះស្ថាននៃប្រទេសទាំងពីរ ដោយការបង្កើតអនុស្សរណៈនៃការយោគយល់រួមគ្នា។

លោកជឿជាក់យ៉ាងមុតមាំថា អាណត្តិការទូតរបស់លោកឯកអគ្គរដ្ឋទូតនឹងរួមចំណែកដ៏សំខាន់ក្នុងការពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឡាវឱ្យកាន់តែជិតស្និទ្ធ ដើម្បីជាឧត្តមប្រយោជន៍នៃប្រជាជាតិទាំងពីរ។
លោកបានបញ្ជាក់ឡើងវិញនូវការត្រៀមខ្លួនរួចជាស្រេចក្នុងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយភាគីឡាវ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមរួម និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។

ជាការឆ្លើយតប លោក សនសៃ វ៉ាន់ណាសៃ បានសម្តែងនូវសោមនស្សរីករាយ និងមោទនភាពចំពោះការបំពេញបេសកកម្មការទូតនៅកម្ពុជា ដែលជាប្រទេសជិតខាងមានប្រវត្តិសាស្ត្រដ៏យូរលង់ វប្បធម៌ដ៏ផូរផង់សម្បូរបែប ហើយបានថ្លែងអំណរគុណចំពោះលោករដ្ឋមន្រ្តីក្នុងកិច្ចពិភាក្សាប្រកបដោយការស្ថាបនា និងភាពស្និទ្ធស្នាល ក៏ដូចជាបានបង្ហាញពីចក្ខុវិស័យដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងដែលកំពុងតែអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ យ៉ាងសកម្ម។ លោកបានលើកឡើងថា ក្នុងខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនេះនឹងមានការរៀបចំកម្មវិធីអបអរសាទរទាំងនៅក្នុងរាជធានីភ្នំពេញ និងទីក្រុងវៀងចន្ទន៍។

ជាមួយនឹងការកត់សម្គាល់ពីកំណើនកម្មករនិយោជិតនៅកម្ពុជាជារៀងរាល់ឆ្នាំ លោកឯកអគ្គរដ្ឋទូតក៏បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា ជាពិសេសហេដ្ឋារចនាសម្ព័ន្ធ ដែលជាកម្លាំងចលករដ៏សំខាន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន។ លោកក៏បានសម្តែងការពេញចិត្តចំពោះភាពរីកចម្រើនលើគ្រប់វិស័យនៃទំនាក់ទំនងប្រទេសទាំងពីរ ហើយបានបញ្ជាក់ពីសារៈសំខាន់ និងការត្រៀមខ្លួនជាស្រេចក្នុងការបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងនេះសម្រាប់ផលប្រយោជន៍កម្ពុជា-ឡាវ៕


-
កីឡា១៦ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


