Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ស្ពឺ ចុះពិនិត្យទីតាំងឆបោកអនឡាញដែលត្រូវបានបិទសៀល និងដាក់កម្លាំងប្រចាំការ ២៤ម៉ោង

បានផុស

នៅ

ក្រុមការងារប្រតិបត្តិការ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ខេត្តកំពង់ស្ពឺ បានចុះត្រួតពិនិត្យទីតាំង «សណ្ឋាគារ ឡុងវ៉ាន រីសត» ដែលជាទីតាំងធ្លាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងត្រូវបានសមត្ថកិច្ចបិទសៀលនាពេលកន្លងមក ដើម្បីរៀបចំប្រគល់ជូនកម្លាំងនគរបាលប្រចាំការការពារសន្តិសុខ ២៤ម៉ោង លើ ២៤ម៉ោង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះត្រួតពិនិត្យនេះ ដឹកនាំដោយ លោកបណ្ឌិត តូច ប៉ូលីវា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារប្រតិបត្តិការ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តំណាង លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីអាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធ និងសម្របសម្រួលនីតិវិធីដោយ លោក សុខ វុទ្ធី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ។

លោកឧត្ដមសេនីយ៍ត្រី ញ៉ែម សៅ ស្នងការរង (តំណាង លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ) បានឱ្យដឹងថា ទីតាំង «សណ្ឋាគារ ឡុងវ៉ាន រីសត» ស្ថិតនៅចំណុចប្រឡាយទឹក ភូមិវល្លិ៍ប្រេង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ត្រូវបានកំណត់យកជាកន្លែងរក្សាទុកសម្ភារ និងវត្ថុតាងផ្សេងៗ ដែលបានដកហូតពីប្រតិបត្តិការបង្ក្រាបបទល្មើស Online Scams កន្លងមក។ ដោយទទួលបានការឯកភាពជាគោលការណ៍ពីថ្នាក់ដឹកនាំ ទីតាំងនេះត្រូវបានប្រគល់ជូនកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ជាអ្នកគ្រប់គ្រង និងថែរក្សាសន្តិសុខផ្ទាល់។

បច្ចុប្បន្ន មានកម្លាំងនគរបាលប្រចាំការជាប្រចាំ ២៤ម៉ោង លើ ២៤ម៉ោង ព្រមទាំងបានរៀបចំកម្លាំង និងមធ្យោបាយបម្រុងគ្រប់គ្រាន់ ដើម្បីធានាសុវត្ថិភាព និងទប់ស្កាត់ការជ្រៀតជ្រែកផ្សេងៗ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម