Connect with us

ព័ត៌មានជាតិ

ប្រមុខការទូតកម្ពុជា៖ ជម្លោះព្រំដែនកម្ពុជា-ថៃ មិនមែនជាបញ្ហាទ្វេភាគីប៉ុន្តែពាក់ព័ន្ធអាស៊ានដោយផ្ទាល់

បានផុស

នៅ

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានលើកឡើងនៅក្នុងវេទិកាតំបន់អាស៊ាន (ARF) ថា ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ មិនមែនជាបញ្ហារវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែពាក់ព័ន្ធដោយផ្ទាល់ដល់អាស៊ាន និងសហគមន៍អន្តរជាតិទាំងមូល ព្រោះប៉ះពាល់ដល់គោលការណ៍ជាមូលដ្ឋានដែលមានចែងក្នុងធម្មនុញ្ញអាស៊ាន និងធម្មនុញ្ញអង្គការសហប្រជាជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបូកបីលើកទី២៧ វេទិកាតំបន់អាស៊ាន (ARF) លើកទី៣៣ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលរៀបចំឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងបទអន្តរាគមន៍របស់លោកប្រមុខការទូតកម្ពុជា បានបញ្ជាក់ជាថ្មីថា គោលការណ៍គ្រឹះរបស់ ARF ដែលផ្អែកលើកិច្ចសន្ទនាដោយចំហ ការកសាងជំនឿទុកចិត្តទៅវិញទៅមក និងការបង្ការតាមរយៈការទូត មានសារៈសំខាន់ជាងពេលណាៗទាំងអស់ ក្នុងការជួយដល់ប្រទេសសមាជិកដោះស្រាយភាពខុសគ្នាដោយសន្តិវិធី រក្សាបណ្តាញទំនាក់ទំនង និងទប់ស្កាត់កុំឱ្យភាពតានតឹងវិវត្តទៅជាជម្លោះ។

ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ រដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងអំណរគុណដល់ការយកចិត្តទុកដាក់ ក្តីកង្វល់ ការគាំទ្រ និងការរួមចំណែករបស់ប្រទេសសមាជិក ARF ចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។ ទន្ទឹមនឹងនេះ លោកបានសង្កត់ធ្ងន់ថា ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ មិនមែនគ្រាន់តែជាបញ្ហារវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែពាក់ព័ន្ធដោយផ្ទាល់ដល់អាស៊ាន និងសហគមន៍អន្តរជាតិទាំងមូល ព្រោះប៉ះពាល់ដល់គោល​ការណ៍មូលដ្ឋានដែលមានចែងក្នុងធម្មនុញ្ញអាស៊ាន និងធម្មនុញ្ញអង្គការសហប្រជាជាតិ រួមមានការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដី ការមិនគំរាមកំហែង ឬប្រើប្រាស់កម្លាំង និងការដោះស្រាយវិវាទដោយសន្តិវិធី។

ជុំវិញស្ថានភាពនៅតាមព្រំដែន លោកបានគូសបញ្ជាក់ថា ទោះបីបទឈប់បាញ់នៅជាធរមានក៏ដោយ ស្ថានភាពជាក់ស្តែងនៅតែគួរឱ្យព្រួយបារម្ភ។ វិធានការរារាំងនៅជុំវិញភូមិដែលកំពុងស្ថិតក្រោមការកាន់កាប់ នៅតែបន្តរារាំងប្រជាពលរដ្ឋកម្ពុជាជាង ២០,០០០នាក់ មិនឱ្យវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញដោយសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងដោយគ្មានការរារាំង ស្របតាមការឯកភាពគ្នារវាងភាគីទាំងពីរ។ ក្នុងន័យនេះ លោកបានអំពាវនាវឱ្យមានការអនុវត្តដោយពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ជាមួយគ្នានេះ លោកបានសង្កត់ធ្ងន់ថា ទោះបីកម្ពុជាកំពុងប្រឈមនឹងការលំបាកទាំងនេះក៏ដោយ កម្ពុជានៅតែប្រកាន់ខ្ជាប់នូវមធ្យោបាយដោះស្រាយវិវាទដោយសន្តិវិធី ទាំងចំពោះព្រំដែនសមុទ្រ និងព្រំដែនគោក។ ក្នុងន័យនេះ កម្ពុជាបានផ្តួចផ្តើមប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាការឆ្លើយតបទៅនឹងការលុបចោលដោយឯកតោភាគីរបស់ថៃ នូវអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ (MOU 2001) ដែលជាក្របខ័ណ្ឌទ្វេភាគីតែមួយគត់ សម្រាប់ដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ។

បច្ចុប្បន្ន ប្រទេសទាំងពីរកំពុងចូលរួមក្នុងដំណើរការផ្សះផ្សានេះ ដោយកម្ពុជាសង្ឃឹមថា ដំណើរការនឹងប្រព្រឹត្តទៅដោយសុចរិត និងនាំទៅរកដំណោះស្រាយដែលអាចទទួលយកបានទៅវិញទៅមក ផ្អែកលើច្បាប់អន្តរជាតិ ដូចលទ្ធផលវិជ្ជមានក្នុងករណីរវាងប្រទេសទីម័រឡេស្តេ និងអូស្ត្រាលី។

លោកបានគូសបញ្ជាក់បន្ថែមថា អភិក្រមដូចគ្នានេះណែនាំពីអភិក្រមរបស់កម្ពុជា ចំពោះបញ្ហាព្រំដែនគោក ដែលបានបន្សល់ទុកតាំងពីសម័យអាណានិគមបារាំង រួមជាមួយនឹងសន្ធិសញ្ញា និងផែនទី។ លោក ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា បញ្ហាព្រំដែនគោក និងព្រំដែនសមុទ្រ គឺជាបញ្ហាពីរដាច់ដោយឡែកពីគ្នាដែលស្ថិតក្រោមក្របខ័ណ្ឌច្បាប់ពីរផ្សេងគ្នា ដូច្នេះមិនមានហេតុផលផ្នែកច្បាប់ ឬផ្នែកតាមការ អនុវត្តជាក់ស្តែងណាមួយ ដែលយកបញ្ហាមួយទៅរារាំងវឌ្ឍនភាពនៃដំណោះស្រាយចំពោះបញ្ហាមួយទៀតឡើយ។

ទោះជាយ៉ាងណា ប្រមុខការទូតកម្ពុជាបានបញ្ជាក់ជាថ្មីថា គោលដៅរបស់កម្ពុជានៅតែជាដំណោះស្រាយប្រកប ដោយយុត្តិធម៌ សន្តិភាព និងយូរអង្វែង ដែលអាចអនុញ្ញាតឱ្យប្រជាជនទាំងពីររស់នៅជាប់គ្នា ដោយ សន្តិភាព ស្ថិរភាព និងវិបុលភាពរួម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម