Connect with us

ព័ត៌មានជាតិ

កម្ពុជា-អាមេរិក ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ខណៈទីក្រុង​វ៉ាស៊ីនតោនគាំទ្រការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី

បានផុស

នៅ

កម្ពុជា និងសហរដ្ឋអាម៉េរិក បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ខណៈភាគីអាមេរិកបានបង្ហាញការយកចិត្តទុកដាក់ចំពោះស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ និងគាំទ្រការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈកិច្ចសន្ទនាការទូត និងការគោរពច្បាប់អន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជាក់នេះ ធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោកស្រី Aleksandra Zittle ភារធារីស្តីទីថ្មីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងជំនួបនេះ លោក​ ប្រាក់ សុខុន បានស្វាគមន៍លោកស្រី Aleksandra Zittle ដែលបានវិលត្រឡប់មកបំពេញបេសកកម្មការទូតនៅកម្ពុជាជាលើកទី២ ដោយបង្ហាញជំនឿថា បេសកកម្មរបស់លោកស្រីនឹងរួមចំណែកធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ។

ភាគីទាំងពីរបានពិភាក្សាអំពីការពង្រឹងភាពជាដៃគូយូរអង្វែង និងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ ការពារជាតិ សន្តិសុខ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការអភិវឌ្ឍសេដ្ឋកិច្ច និងការអភិរក្សបេតិកភណ្ឌវប្បធម៌។ ភាគីទាំងពីរក៏បានកត់សម្គាល់ពីសន្ទុះវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនៃពាណិជ្ជកម្ម វិនិយោគ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ព្រមទាំងការប្រាស្រ័យទាក់ទងកម្រិតខ្ពស់ជាបន្តបន្ទាប់។

ក្នុងឱកាសនោះ លោកស្រី Aleksandra Zittle ក៏បានអបអរសាទរកម្ពុជា ដែលត្រូវបានជ្រើសរើសជាសមាជិកគណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់ការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការ UNESCO សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣០។ ជាមួយគ្នានេះ លោក ប្រាក់ សុខុន បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ដែលបានផ្តល់ជំនួយហិរញ្ញវត្ថុសម្រាប់ការអភិរក្សប្រាសាទភ្នំបាខែង ក្នុងឧទ្យានបុរាណអង្គរ។

ពាក់ព័ន្ធនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ លោក​ ប្រាក់ សុខុន បានជម្រាបជូនភាគីអាមេរិកអំពីការវិវត្តថ្មីៗ និងបញ្ជាក់ជាថ្មីថា កម្ពុជាប្តេជ្ញាដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់។ លោក​ក៏បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ដែលបន្តគាំទ្រសន្តិភាព ស្ថិរភាព និងការចូលរួមប្រកបដោយស្ថាបនាក្នុងតំបន់ រួមទាំងការផ្តល់ជំនួយហិរញ្ញវត្ថុផងដែរ។

ជាការឆ្លើយតប លោកស្រី Aleksandra Zittle បានកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ហើយបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិក ជាពិសេសលើវិស័យសន្តិសុខ។ លោកស្រីក៏បានបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការវិវត្តនៃស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ និងស្វាគមន៍ការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា និងការទូត។

ជំនួបនេះបានបញ្ចប់ដោយភាគីទាំងពីរបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការរក្សាកិច្ចសន្ទនាយ៉ាងជិតស្និទ្ធ និងបន្តពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីលើកកម្ពស់ផលប្រយោជន៍រួមរវាងកម្ពុជា និងសហរដ្ឋអាមេរិក ព្រមទាំងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម