ព័ត៌មានជាតិ
អភិបាលរងខេត្តសៀមរាប ជំរុញឲ្យពង្រឹងចលនាវិស័យកីឡាទូទាំងខេត្ត ដើម្បីលើកកម្ពស់សុខុមាលភាព និង កសាងធនធានមនុស្ស
លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប បានជំរុញដល់ថ្នាក់ដឹកនាំ រដ្ឋបាលក្រុង-ស្រុក និង វិស័យឯកជន ឲ្យចូលរួមបំផុសចលនាវិស័យកីឡានៅទូទាំងខេត្ត ដើម្បីលើកកម្ពស់សុខុមាលភាព និង កសាងធនធានមនុស្ស។

ការជំរុញនេះក្នុងពិធីបិទការប្រកួតនៅពហុកីឡដ្ឋានខេត្តសៀមរាប ក្រោមអធិបតីភាពលោក តោ គឹមស៊ាន សមាជិកាក្រុមប្រឹក្សាខេត្ត តំណាងលោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អស់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធទាំងបី រដ្ឋបាលក្រុង-ស្រុក រួមទាំងប្រតិភូកីឡាករទាំង ២៨ ក្រុម ព្រមទាំងមានទស្សនិកជនចូលរួមទស្សនាយ៉ាងច្រើនកុះករ កាលពីរសៀលថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៦។

តាមរបាយការណ៍របស់លោក លី ប៊ុនណា ប្រធានមន្ទីអប់រំ យុវជន និង កីឡាខេត្ត បញ្ជាក់ថា ក្នុងការប្រកួតនេះ មានប្រតិភូ គ្រូបង្វិក និង កីឡាករ សរុប ៦៤៤ នាក់ និង អាជ្ញាកណ្តាល ចំនួន ៣៥ នាក់ ដោយមានក្រុមចូលរួមប្រកួត ២៨ ក្រុម មកពីបណ្តាក្រុង-ស្រុក ទាំង ១៣ ក្នុងខេត្តសៀមរាប ព្រមទាំងមានការប្រកួតជាមិត្តភាព ១ ប្រកួត ផងដែរ។

លោក លី ប៊ុនណា បន្តថា ក្នុងការប្រកួតរយៈពេល ១០ សប្តាហ៍ មកនេះ មាន ៥៨ ប្រកួត ហើយជាលទ្ធផល ចំណាត់ថ្នាក់លេខ ១ បានទៅក្រុមកីឡាករយុវជនសន្តិភាព ២៩ ធ្នូ ក្រុងសៀមរាប , ចំណាត់ថ្នាក់លេខ ២ បានទៅក្រុមកីឡាករ អេហ្វស៊ី វេហាស៍ , លេខ ៣ ក្រុមក្លិបបាល់ទាត់ ដំរី ស្រុកអង្គរជុំ , លេខ ៤ ក្រុមសៀមរាបអង្គរ អេហ្វស៊ី។


មានប្រសាសន៍បិទការប្រកួតកីឡាមហាជននោះដែរ លោក សំកុល សុចិត្រា បានថ្លែងអំណរគុណ និង កោតសរសើរដល់ក្រុមកីឡាបាល់ទាត់ទាំង ២៨ ក្រុម មកពីបណ្តាក្រុង-ស្រុក និង វិស័យឯកជន ក្នុងខេត្តសៀមរាប ដែលបានអញ្ជើញចូលរួមការប្រកួតបាល់ទាត់មហាជនខេត្តសៀមរាប ឆ្នាំ ២០២៦ ក្នុងរយៈពេល ១០ សប្តាហ៍ មកនេះ បានបង្ហាញពីភាពរីកចម្រើន ក្នុងវិស័យកីឡានៅកម្ពុជា ក៏ដូចក្នុងខេត្តសៀមរាបផងដែរ។

លោក សំកុល សុចិត្រា បន្តថា ព្រឹត្តការណ៍ប្រកួតកីឡាមហាជន ក្រោមប្រធានបទ «ទាំងអស់គ្នាដើមី្បកីឡា កីឡាដើមី្បសុខភាព និង សាមគ្គីភាព» ក្នុងគោលបំណង រឹតចំណងមិត្តភាព សាមគ្គីភាព សន្តិភាព រវាងអ្នកស្នេហាកីឡាបាល់ទាត់ក្នុងខេត្ត និង ផ្តោតលើកីឡានាំមកនូវសុខភាពល្អ កម្លាំងមាំមួន និង ធ្វើឲ្យយុវជនជៀសឆ្ងាយពីគ្រឿងញៀន និង លើកកម្ពស់សេដ្ឋកិច្ចក្នុងខេត្តទៀតផង។

លោកបញ្ជាក់ថា ការបង្កើតឲ្យមានការប្រកួតបាល់ទាត់ពានរង្វាន់មហាជននេះឡើង ក្នុងការលើកស្ទួយវិស័យកីឡា ផ្សារភ្ជាប់នឹងទេសចរណ៍ ដោយខេត្តសៀមរាប ជាខេត្តគោលដៅរបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ។ ចំពោះការប្រកួតនេះ ដើមី្បផ្តល់ឱកាសដ៏ល្អដល់កីឡាករបានវាស់ស្ទង់គុណផលកីឡា និងជាការផ្លាស់ប្តូរបច្ចេកទេស បទពិសោធ ពីក្រុមមួយទៅក្រុមមួយ ក្នុងការពង្រឹងគុណភាពកីឡាឲ្យកាន់តែរឹងមាំ ព្រមទាំងជួយបំផុសស្មារតីឲ្យយុវជនស្រឡាញ់ និង គាំទ្រវិស័យកីឡាកាន់តែល្បីល្បាញលើឆាកជាតិ និង អន្តរជាតិ។
លោកគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី ៧ នៃរដ្ឋសភា បានធ្វើការកំណែទម្រង់ស៊ីជម្រៅ ៨ ចំណុច របស់ ក្រសួងអប់រំ យុវជន និង កីឡា ដោយសំដៅមួយចំណុចលើការកំណែទម្រង់ការងារអប់រំកាយ និង កីឡា។ កីឡា បានឆ្លុះបញ្ចាំងពីស្មារតីស្រឡាញ់ជាតិ ស្រឡាញ់កីឡា និង ចលនាជាតិយ៉ាងផុសផុល តាមរយៈការចូលរួមគាំទ្រ ការកោតសរសើរ សាមគ្គីភាព មិត្តភាព និង កិច្ចសហប្រតិបត្តិការ ក្រោមពាក្យស្លោក «កីឡាជាទូតសន្តិភាព និង កីឡារស់ក្នុងសន្តិភាព»។
លោក សំកុល សុចិត្រា ក៏បានជំរុញដល់ថ្នាក់ដឹកនាំ និង រដ្ឋបាលក្រុង-ស្រុក វិស័យឯកជន សូមចូលរួមបំផុសចលនាវិស័យកីឡានៅទូទាំងខេត្ត ដើមី្បលើកកម្ពស់សុខុមាលភាពទាំងផ្លូវកាយ ផ្លូវចិត្ត បញ្ញា ស្មារតីរបស់កីឡាករ ក្នុងការចូលរួមចំណែកលើកស្ទួយកិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិ។ កត្តាសំខាន់ កីឡា មានតួនាទីសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សឲ្យមានកាយសម្បទារឹងមាំ មានបញ្ញាភ្លឺថ្លា និង សីលធម៌ល្អ។ កីឡា ក្លាយជាសេវាសុខភាព មានតម្លៃដូចសេវាសុខាភិបាលសាធារណៈដែរ។
លោកអភិបាលរងខេត្ត បានផ្តាំផ្ញើដល់ក្រុមកីឡាករទាំងអស់ ត្រូវខិតខំហ្វឹកហាត់បន្តថែមទៀត ទោះបីក្រុមរបស់ខ្លួនទទួលបានជ័យលាភីហើយក្តី ក៏ត្រូវបន្តការហ្វឹកហាត់បន្តទៀត ដើមី្បពង្រឹងនូវកាយសម្បទារឹងមាំរបស់ក្រុមខ្លួនបន្តយកជ័យលាភីនៅពេលក្រោយៗ ទៀត។ ចំពោះក្រុមដែលមិនទទួលបានជ័យលាភី ក៏ត្រូវធ្វើការដកបទពិសោធនូវបច្ចេកទេសពីក្រុមជ័យលាភី និង បន្តការហ្វឹកហាត់ក្រុមរបស់ខ្លួនឲ្យកាន់តែមានគុណភាពក្នុងការចូលរួមប្រកួតដណ្តើមជ័យលាភីនៅឆ្នាំខាងមុខផងដែរ៕
អត្ថបទ ៖ គឿនវេត
-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក


