ព័ត៌មានជាតិ
ដើរស្ពាយការុងជាង២០ឆ្នាំ អ្នកគ្រប់គ្នាស្មានតែវិកលចរិត ពេលមើលក្នុងការុងមានលុយរាប់លាន
នេះពិតជារឿងដែលកម្រជួប ធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម និងមហាជនមានការភ្ញាក់ផ្អើលគ្រប់គ្នា ក្រោយពេលដឹងនូវរឿងរ៉ាវការពិតរបស់បុរសដើរពនេចរស្ពាយការុងផ្សងវាសនាគ្រប់ច្រកល្ហកជាង២០ឆ្នាំ ដែលកន្លងមកគ្រប់គ្នាស្មានតែជនវិកលចរិត។
យ៉ាងណាមិញបន្ទាប់ពីអាថ៌កំបាំងនេះត្រូវបានលាក់កប់ទុកអស់រយ:ពេលជាង២០ឆ្នាំមកនោះ ពេលនេះការពិតត្រូវបានបើកទម្លាយ ខណៈរឿងដែលហួសចិត្តនិងមិននឹកស្មាននោះ គឺរបស់ដែលមាននៅក្នុងបាវការុងជាង២០ឆ្នាំដែលបុរសនោះតែងស្ពាយជាប់ខ្លួនសុទ្ធតែលុយទាំងអស់។

ជាក់ស្តែងយោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកឈ្មោះVadthanak Preapបានបង្ហោះដោយរៀបរាប់បង្ហាញការពិតដូច្នេះថា គូព្រេងមិនព្រាត់ អាយុមិនអស់ មិនស្លាប់(បែកគ្នា២០ឆ្នាំ)ពេលអស់កម្មបានជួបគ្នាវិញមានទាំងលុយ ។
បុរសម្នាក់ឈ្មោះ យៀន ធី អាយុប្រហែល៤៨ឆ្នាំ មានដើមកំណើតនៅភូមិរវៀង ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានបែកគ្នាជាមួយសាច់ញាតិបងប្អូនជាង២០ឆ្នាំធ្លាក់ខ្លួនដើរពនេចរផ្សងវាសនា គ្រប់ច្រកល្ហកយកវត្ត និងសាលាដំណាក់ធ្វើជាផ្ទះស្នាក់អាស្រ័យ ។ ពេលថ្ងៃដើរសុំអាហារពីអ្នកភូមិហូបដោយមិនគិតថា មានរសជាតិឆ្ងាញ់ពិសារអ្វីឡើយ។ ចំណែកទឹកវិញឲ្យតែឃើញចេះតែហូប ទោះទឹកអ្វីក៏ដោយមិនបានគិតថា ទឹកមានមេរោគឬអត់នោះទេ ។

ប្រភពបន្តថា ជីវិតពិតជាមានការតស៊ូមែន បើតាមមើលលោក យៀន ធី ប្រហែលជាមានទេវតាតាមថែរក្សារាងកាយរបស់លោកហើយមើលទៅ ព្រោះគាត់សូម្បីតែឈឺ ឬគ្រុនក្តៅក៏មិនដែលដែរ មួយថ្ងៃៗដឹងតែដើរផ្សងព្រេងពីភូមិមួយទៅភូមិមួយ ពីខេត្តមួយទៅខេត្តមួយ អ្វីដែលមនុស្សគ្រប់រូបមិនដឹងនោះ គឺលោក យៀន ធី បានសន្សំលុយដែលបានមកពីការអាណិតអាសូរ្យ របស់បងប្អូនខ្មែរយើងឲ្យគាត់ គឺគាត់ទុកដាក់បានយ៉ាងល្អ រុំព័ទ្ធមូលដូចបាល់ ស្ពាយដើរដាក់តាមខ្លួនគ្រប់ពេលវេលា គ្មានអ្នកណាដឹងថា ជាលុយនោះឡើយ ។ មនុស្សទាំងឡាយតែងយល់ឃើញថា លោក យៀន ធី ជាមនុ ស្សមានសតិមិនគ្រប់គ្រាន់ ហើយការុងដែលគាត់ដាក់លុយស្ពាយនោះ គ្មានអ្នកចាប់អារម្មណ៍អ្វីទេ ។

ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមក ស្រាប់តែបងស្រីរបស់ យៀន ធី ចេះតែមានអារម្មណ៍នឹកដល់ប្អូនប្រុសជាទីស្រ លាញ់ខុសពីធម្មតា ដែលប្រាកដក្នុងចិត្តថាបានស្លាប់យូរហើយ។ បើនៅរស់មិនដឹងជានៅទីណាទេ ? ស្ត្រីរូបចំណាស់នោះថា គាត់នឹកប្អូនប្រុសប្រហែលជាង២ខែ គឺនឹកខ្លាំង ស្រាប់តែឮដំណឹងថាប្អូនប្រុសរបស់គាត់មិនទាន់ស្លាប់ទេ គេឃើញឆ្គួត គឺដើររើសសំរាម ស្ពាយថង់ដើរដេកតាមវត្តអារាម និងផ្សារនៅម្តុំស្រុកកោះធំ ខេត្តកណ្ដាល។ ឮដូច្នោះស្ត្រីដែលជាបងស្រីបង្កើត យៀន ធី បានពិគ្រោះយោបល់គ្នាជាមួយបងប្អូន និងកូនប្រសារហើយក៏ជិះម៉ូតូកង់បីដើរស្វែងរកប្អូនប្រុសចេញដំណើរពីខេត្តត្បូងឃ្មុំទៅស្រុកកោះធំតែម្តង។

ប្រភពនិយាយទៀតថា ពេលទៅដល់ហើយបានជួបដូចក្តីប្រាថ្នាមែន គឺឃើញប្អូនអាណិតខ្លោចចិត្ត ជាពន់ពេកទឹកភ្នែកហូរមិនដឹងខ្លួន ព្រោះឃើញសកម្មភាព យៀន ធី ដើរឆ្កឹះសំរាម និងដេកលើឥដ្ឋធ្វើជាផ្ទះ ដោយឃើញបែបនេះ គាត់ក៏បានចូលទៅជិតប្អូនប្រុសស្រែកហៅ ឈ្មោះ យៀន ធីៗ ចំណែក យៀន ធី ក៏នៅចាំចងសម្លេងបងស្រីបានផងដែរ ហើយក៏យំអោបគ្នា ហើយក៏ឡើងជិះម៉ូតូកង់បីមករកវត្តដែលពូ ធី ធ្លាប់ស្នាក់នៅពេលយប់ៗ ។
យៀន ធី ក៏បង្គំថ្វាយព្រះសង្ឃចៅអធិការវត្តថា គាត់នឹងលាលោកគ្រូទៅស្រុកកំណើតវិញហើយ ជាហេតុធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះម្នាក់ៗក៏យល់ថា យៀន ធី ឆ្គួតមិនដឹងអ្វីទេ ។

លោក យៀន ធី បានប្រាប់ព្រះសង្ឃថា មុននឹងទៅខ្ញុំករុណាសុំពេលរាប់លុយសិន ហើយក៏ទាញការុងរបស់គាត់ចំនួន៣ដែលស្ពាយតាមខ្លួន ពេលនោះព្រះអង្គចៅអធិការវត្តក៏បានហៅញាតិញោមឧបាសក់មកឲ្យជួយរាប់លុយ យៀន ធី កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១។ ប្រាក់របស់ យៀន ធី មានប្រាក់ដុល្លារចំនួន៨៣០ដុល្លារ និងប្រាក់រៀលមានចំនួន១៤,៤២០,០០០រៀល(ដប់បួនលានបួនសែនពីរម៉ឺនរៀល) ។
សូមបញ្ជាក់ថា ស្ត្រីត្រូវជាបងស្រី យៀន ធី បានរៀបរាប់ថា មូលហេតុដែលប្អូនប្រុសរបស់គាត់ចេញចោលផ្ទះនោះ ដោយសារឳពុករបស់គាត់មានប្រពន្ធចុងក្រោយ ហើយ យៀន ធី រស់នៅមិនកើតមិនចំណុះចុះនឹងម្តាយចុងនោះទេ ក៏សុខចិត្តចេញពីផ្ទះដោយមិនបានប្រាប់អ្នកផ្ទះឲ្យដឹងនោះទេ គឺបាត់ឈឹងតែម្តង ។
ក្រោយពីរាប់លុយអស់ចំនួន៣ការរ៉ុងហើយ យៀន ធី បានថ្វាយបង្គំទូលលាព្រះគ្រូចៅអធិការវត្តដោយក្តីគោរព និងសុំឲ្យព្រះអង្គប្រទានពរជ័យដល់បងប្អូនរបស់គាត់ផងដែរ ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២៤ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?