ព័ត៌មានជាតិ
រដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន ប្តេជ្ញាធ្វើឲ្យប្រជាជនទទួលបានអនាគតកាន់តែរីកចម្រើន
នៅក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន នៅទីក្រុងឆុងឈីង ប្រទេសចិន រដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន បានប្តេជ្ញាចិត្តថា នឹងធ្វើឲ្យប្រជាជននៅក្នុងបណ្តារដ្ឋ នៃប្រទេសក្នុងអាស៊ាន និងចិន ទទួលបានអនាគតកាន់តែប្រសើរឡើង។

នេះបើតាមការបញ្ជាក់របស់លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចូលរួមកិច្ចប្រជុំនោះ។
លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានឲ្យដឹងនៅរសៀលថ្ងៃទី០៨ ខែមិថុនា នេះថា កិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន ដើម្បីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងសន្ទនាអាស៊ាន-ចិន ប៉ុន្តែការជួបជុំគ្នាដោយផ្ទាល់នេះ មិនត្រឹមតែជាការប្រារព្ធខួបលើកទី៣០ នៃដំណើរប្រកបដោយផ្លែផ្កាជាមួយគ្នាប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់យើងចំពោះទំនាក់ទំនងនេះ និងបញ្ជាក់ពីសេចក្តីប្រាថ្នា និងផែនការរបស់យើង ដើម្បីធានាថា ប្រជាជនរបស់យើងនឹងទទួលបានអនាគតកាន់តែរស់រវើក និងរីកចម្រើនថែមទៀត។

សូមបញ្ជាក់ថា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអញ្ជើញទៅចូលរួមកិច្ចប្រជុំនៅទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិនរយៈពេល២ថ្ងៃ ហើយនៅថ្ងៃទី៧ ខែមិថុនា គឺជាកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន ដែលជាផ្នែកមួយ នៃការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងសន្ទនាអាស៊ាន-ចិន។
នៅក្នុងជំនួបដើម្បីអបអរសាទរនេះ រដ្ឋមន្រ្តីការបរទេសអាស៊ាន និងចិន ត្រូវបានរំពឹងថា នឹងពិនិត្យមើលឡើងវិញនូវវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការជាក់លាក់នៅក្នុងវិស័យផ្សេងៗ ក៏ដូចជាធ្វើការពិភាក្សាអំពីការលើកកម្ពស់បន្ថែមទៀត នូវភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-ចិន ក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ-១៩ និងបញ្ហាប្រឈមនានា ដែលកំពុងកើតមានឡើង។ រដ្ឋមន្រ្តីការបរទេសអាស៊ាន និងចិន ក៏នឹងផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាចំណាប់អារម្មណ៍រួមផងដែរ។

ចំណែកនៅថ្ងៃទី៨ ខែមិថុនា គឺជាកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាង លើកទី៦ ដែលអង្គប្រជុំ នឹងធ្វើការវាយតម្លៃទៅលើវឌ្ឍនភាព ដែលសម្រេចបានក្នុងរយៈពេល៥ឆ្នាំកន្លងមក នៃកិច្ចសហប្រតិបត្តិការកំណត់ទិសដៅអនាគតសម្រាប់កិច្ចសហប្រតិបត្តិការ ដែលកាន់តែទូលំទូលាយ ជាពិសេសក្នុងកាលៈទេសៈនៃជំងឺរាតត្បាតកូវីដ-១៩ ហើយនឹងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវចំណងមិត្តភាព និងការគាំទ្រគ្នាទៅវិញទៅមករវាងបណ្តាប្រទេសមេគង្គ និងប្រទេសចិន ស្ថិតក្រោមស្មារតីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងការតភ្ជាប់ផ្នែកសង្គម និងវប្បធម៌ នៅក្នុងតំបន់មេគង្គ-ឡានឆាង។

ស្របគ្នាជាមួយកិច្ចប្រជុំទាំងពីរខាងលើនេះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងបំពេញទស្សនកិច្ចការងារនៅក្នុងប្រទេសចិនផងដែរ ដែលក្នុងឱកាសនោះ លោកនឹងមានជំនួបទ្វេភាគីជាមួយលោកទីប្រឹក្សារដ្ឋ វ៉ាង យី ហើយនៅចុងបញ្ចប់នៃជំនួបនេះ លោករដ្ឋមន្រ្តីការបរទេសទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន២រួមមាន៖
ទី១. អនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទូរគមនាគមន៍ ព័ត៌មាន និង បច្ចេកវិទ្យាទំនាក់ទំនង រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យាចិន ។
ទី២. គម្រោងកម្មវិធីស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កម្ពុជា និងក្រសួងវប្បធម៌ចិន។

ក្នុងឱកាស នៃការស្នាក់នៅទីក្រុងឆុងឈីង លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន គ្រោងនឹងមានជំនួបទ្វេភាគីជាមួយរដ្ឋមន្រ្តីការបរទេស នៃប្រទេសមួយចំនួនដោយផ្ទាល់ ដើម្បីពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគី៕
អត្ថបទ៖ កោះកែវ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


