Connect with us

ព័ត៌មានជាតិ

ជំនួប​រវាង​រដ្ឋមន្ត្រីការបរទេស​អង់គ្លេស និង លោក ប្រាក់ សុខុន ផ្ដោត​ខ្លាំង​លើ​វិស័យ​ពាណិជ្ជកម្ម

បានផុស

នៅ

ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា​បាន​ឲ្យដឹងមុននេះបន្តិចថា នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ​២០២១​នេះ ​នៅក្នុងដំណើរទស្សនកិច្ចនៅ​ប្រទេសកម្ពុជា លោក Dominic Raab រដ្ឋមន្រ្តីក្រ​សួ​ង​​​ការបរទេសអង់គ្លេស ​​បានជួបជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោកឧបនា​យក​រដ្ឋមន្រ្តី ប្រាក់ សុខុន ​ដើម្បី​ពិភាក្សាអំពីកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរ និង​បញ្ហា​ឥណ្ឌូប៉ាស៊ីហ្វិក ជុំវិញអាទិភាពរួមមួយ​ចំនួន ​រួមមាន ពាណិជ្ជកម្ម ភាពប្រសើរឡើងវិញនៃស្ថានភាពកូវីដ១៩ បញ្ហាសិទ្ធិមនុស្ស និង​ស្ថានការនៅប្រទេសមីយ៉ាន់ម៉ា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមស្ថានទូតអង់គ្លេសប្រចាំកម្ពុជា​ នៅក្នុងជំនួបរវាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោក ដូមីនិក រ៉ាអាប់ (Dominic Raab) រដ្ឋមន្រ្តីការប្រទេស និងអភិវឌ្ឍន៍ នៃចក្រភពអង់គ្លេស នោះ ​ លោក Dominic Raab​ បានអះអាងថា ចក្រភពអង់គ្លេស​ទន្ទឹងរង់ចាំ ក្នុងការធ្វើការយ៉ាងជិតដិតជា​មួយកម្ពុជា នាពេលខាងមុខ គឺក្នុងអំឡុងពេល ដែលប្រទេសកម្ពុជាធ្វើជាប្រធានកិច្ចប្រជុំអាស៊ាន ក្នុងឆ្នាំ២០២២។​

សូមបញ្ជាក់ថា លោក Dominic Raab បានដឹកនាំគណៈប្រតិភូ​មកបំពេញទស្សនកិច្ច​ផ្លូវការ​នៅកម្ពុជារយៈពេល១ថ្ងៃ​ ហើយលោកបាន​មកដល់ប្រទេសកម្ពុជាកាលពីវេលាម៉ោងប្រមាណជាង៨ យប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ​២០២១​។

ដំណើរបំពេញទស្សនកិច្ចរបស់លោក Dominic Raab ​នៅកម្ពុជា ធ្វើឡើងតបតាមការអញ្ជើញរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ​ហើយ​នៅក្នុងដំណើរទស្សនកិច្ចនេះ ​ក្រៅពីកិច្ចប្រជុំទ្វេភាគី​ជាមួយប្រមុខកាទូតកម្ពុជា លោក ដូមីនិក រ៉ាអាប់ ​មានជំនួបជាមួយលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ហើយក៏នឹងអញ្ជើញទៅទស្សនាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈ​មណ្ឌលឯកសារកម្ពុជាផងដែរ។

ក្រសួងការបរទេសកម្ពុជាបានឲ្យដឹងដែរថា ទស្សនកិច្ច​ផ្លូវ​ការរបស់លោក ដូមីនិក រ៉ាអាប់ នៅកម្ពុជា នឹងជួយរួមចំណែកជំរុញ ​និងពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងជាការបោះជំហានទៅមុខ នៅក្នុងកិច្ចសហប្រតិ​បត្តិការពហុភាគី ក្នុងក្របខ័ណ្ឌអាស៊ាន​៕

កោះកែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម