លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា មិនទាន់មានការសិក្សាស្រាវជ្រាវណាមួយច្បាស់លាស់ ជុំវិញប្រសិទ្ធិភាពការចាក់វ៉ាក់សាំងលាយគ្នានៅឡើយនោះទេ។
មានប្រសាសន៍ក្នុងឱកាសនាំយកថវិកាចំនួន១០លានរៀលព្រមទាំងសម្ភារៈផ្សេងទៀត ជាជំនួយឧបត្ថម្ភសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រគល់ជូនអ្នកចាក់វ៉ាក់សាំងទី៥លាន នៅព្រឹកថ្ងៃទី១៤ ខែកក្កដា នេះលោកជំទាវបញ្ជាក់ថា មុននឹងធ្វើការសម្រេចចិត្តយើងត្រូវមានការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រ មានន័យថាភស្តុតាង ដែលបានមកពីការសិក្សា ប៉ុន្តែការសិក្សានេះ គឺទាមទារពេលវេលាយូរ ។
អង្គកាសុខភាពពិភពលោក ក៏មិនទាន់ផ្តល់នូវអនុសាសន៍ នៅក្នុងការប្រើប្រាស់វ៉ាក់សាំងលាយបែបនេះដែរ។ អង្គការសុខភាពពិភពលោក ក៏បានចេញផ្សាយការហាមប្រាម មិនឱ្យចាក់វ៉ាក់សាំងលាយគ្នាដែរកាលពីពេលថ្មីៗនេះ។
ជាយោបល់ផ្ទាល់ខ្លួន លោកជំទាវ ឱ វណ្ណឌីន យល់ឃើញថា វ៉ាក់សាំងផលិតចេញមក មានភាពខុសគ្នា បើយើងនិយាយពី ស៊ីណូហ្វាម ស៊ីណូវ៉ាក់វាប្រហាក់ប្រហែលគ្នា ដោយសារតែការប្រើប្រាស់ របៀបរបបផលិតវ៉ាក់សាំង ដូចទៅនឹង វ៉ាក់សាំងនៃជំងឺផ្សេងៗទៀត ដូចជាវ៉ាក់សាំងជំងឺកញ្ជ្រិល និងជំងឺស្អូចជាដើម។
ប៉ុន្តែសម្រាប់វ៉ាក់សាំងមួយចំនួន ដែលគេហៅថា RNA មិនមែនធ្វើដូចវ៉ាក់សាំងមុនៗទេ មានន័យថា គេយក DNA ឬក៏ RNA របស់វីរុសផ្នែកណាមួយ សាច់ណាមួយរបស់វីរុស ឬជាតិប្រូតេអ៊ីនរបស់វីរុស គេដកយកវាចេញមក ដើម្បីយកចេញមកបន្ស៉ាំចេញមកផលិតឱ្យទៅជាវ៉ាក់សាំង។ ប្រសិនបើការផលិតខុសគ្នាបែបនេះ ហើយយើងយកមកបញ្ចូលគ្នា សួរថាតើវានឹងមានប្រតិកម្ម បែបណា?
តាមលោកជំទាវបានគូសបញ្ជាក់បន្ថែមថា ការចាក់វ៉ាក់សាំងលាយគ្នាដូច្នេះ គឺកំពុងស្ថិតក្នុងដំណាក់កាលស្រាវជ្រាវ ខណៈមិនទាន់មានភស្តុតាងណាបញ្ជាក់ថា ការធ្វើបែបនេះ មានផលល្អ ឬមិនល្អនៅឡើយ។
លោកជំទាវ បញ្ជាក់ថា “តាមការគិតរបស់ខ្ញុំ ផលល្អ គឺវាអាចជួយរៀងៗខ្លួន វ៉ាក់សាំងបុរាណវាជួយបង្កើតកងការពារយើងទៅបែបមួយទៅ ហើយវ៉ាក់សាំងសម័យ ដែលបង្កើតជាតិប្រូតេអ៊ីន ពពួក RNA យកមកផលិតនេះ ប្រហែលជាវាបង្កើតផ្សេងព្រោះ ពពួក RNA ពេលចាក់ចូលក្នុងខ្លួនយើង ឱ្យចូលទៅបង្កើតកោសិការក្នុងខ្លួនមនុស្ស ឱ្យវាទទួលស្គាល់ថា ប្រសិនបើមានវីរុសប្រភេទហ្នឹងចូលមក ចាំវ៉ៃមេរោគនោះទៅ។ ចំណែកឯប្រភេទបុរាណ វាចូលទៅបង្រៀនកោសិកាមួយទៀត ដើម្បីឱ្យកោសិកាដក់ចិត្តដក់គំនិតស្គាល់ ថាប្រសិនបើមានប្រភេទមេរោគប្រភេទហ្នឹងមក ត្រូវតែចេញទៅវ៉ៃវា ដូចជាកងទ័ពចឹងដែរ”។
រដ្ឋាភិបាលវៀតណាមបាននិយាយកាលពីថ្ងៃអង្គារម្សិលមិញថា ប្រទេសវៀតណាមនឹងចាក់វ៉ាក់សាំង Pfizer-BioNTech ជាដូសទី ២ ដល់ប្រជាជន ដែលបានចាក់វ៉ាក់សាំង AstraZeneca ដូសទី ១ ខណៈប្រទេសថៃកាលពីប៉ុន្មានសប្តាហ៍មុនលោកវេជ្ជបណ្ឌិត Yong Poovorawan អ្នកឯកទេសខាងផ្នែករោគសាស្ត្រនៃសាកលវិទ្យាល័យ Chulalongkorn របស់ប្រទេសនេះបាននិយាយថា អ្នកស្ម័គ្រចិត្តជាង ៧០០ នាក់ត្រូវបានជ្រើសរើសសម្រាប់ការសាកល្បងលើសុវត្ថិភាព និងប្រសិទ្ធភាព នៃការចាក់វ៉ាក់សាំងការពារកូវីដ ១៩ ដែលផលិតដោយក្រុមហ៊ុនឱសថផ្សេងៗគ្នា។
ការសិក្សារបស់ថៃនេះនឹងផ្តោតលើការផ្លាស់ប្តូរពីការចាក់វ៉ាក់សាំងចិន Sinovac ដូសដំបូងទៅចាក់ដូសទី ២ នៃវ៉ាក់សាំង AstraZeneca វិញ ខណៈអ្នកចូលរួមក្នុងការសិក្សានេះតម្រូវឲ្យមានអាយុចន្លោះពី ១៨ ដល់ ៥៩ ឆ្នាំ ហើយរស់នៅក្នុង និងជុំវិញទីក្រុងបាងកក៕
អត្ថបទ៖ ឡេង ដេត