Connect with us

ព័ត៌មានជាតិ

ស្រុក​ប្រាសាទបាគង នឹង​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ ជូន​ប្រជាពលរដ្ឋ​ ចាប់ស្អែក​នេះ

បានផុស

នៅ

​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម «​ហ្វេ​ស​ប៊ុ​ក​» ផ្លូវការ​របស់​រដ្ឋបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា រដ្ឋបាលខេត្ត​នឹង​រៀបចំ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ដោយ​ឥតគិតថ្លៃ ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ស្រុក​ប្រាសាទបាគង ចាប់ពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២១​នេះ​តទៅ ក្នុងនោះ​មាន​តាំង​ស្ថិតក្នុង​បរិវេណ​អនុវិទ្យាល័យ​ហ៊ុន សែន រលួស និង ចំនួន ០៨​ទីតាំង​ទៀត ដែល​អាជ្ញាធរ​ស្រុក និង ឃុំ បានរៀបចំ​នៅតាម​ភូមិ​ក្នុង​ឃុំ​នីមួយៗ និង​ស្រុក​សូទ្រនិគម នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២១ ដែល​ស្ថិតក្នុង​បរិវេណ​ភោជនីយដ្ឋាន​ពេញចិត្ត ខណៈ​ស្រុក​ផ្សេងទៀត​នឹង​ជូនដំណឹង​ពេល​ក្រោយ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការប្រកាស​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​ចំនួន​០២​នេះ គឺ​បន្ទាប់ពី​ចុះ​ត្រួតពិនិត្យ​ទីតាំង​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​-១៩ ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ស្រុក​ប្រាសាទបាគង និង​ស្រុក​សូទ្រនិគម កាលពី​រសៀល​ទី​១៣ ខែកក្កដា ឆ្នាំ​២០២១ ពី​សំណាក់​ក្រុមការងារ​ចម្រុះ​របស់​ខេត្ត ដឹកនាំ​ដោយ​លោកស្រី យូ សុភា អភិបាលរង​ខេត្ត និង​ជា​ប្រធាន​ក្រុមការងារ​ទី​២ នៃ​ក្រុមការងារ​ទទួលបន្ទុក​និង​សម្របសម្រួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ដែល​ទទួល​មុខព្រួញ​នៅ​ស្រុក​ពួក ស្រុក​ប្រាសាទបាគង និង​ស្រុក​សូទ្រនិគម ។​

​លោក សុខ ថុល នាយក​រដ្ឋបាល​សាលាខេត្ត​សៀមរាប បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​១០ មកដល់​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២១ មាន​ព្រះសង្ឃ និង​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ក្រុង​សៀមរាប សរុប​ចំនួន​៦៣.៧៨៩​នាក់ ក្នុងនោះ​ស្រី​ចំនួន ៣៣.៩៣០​នាក់ បានទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ទី​១ រួចរាល់​ហើយ។​

​គួររំលឹកថា ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​-១៩ ដោយ​ឥតគិតថ្លៃ ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប​នាពេលនេះ ត្រូវបាន​រដ្ឋបាលខេត្ត រៀប​ចំបែង​ចែកជា​ពីរ​ជំហាន ក្នុងនោះ​ជំហាន​ទី​១ គឺ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​មាន​ទីលំនៅ​ក្នុង​ក្រុង​សៀមរាប ដែល​បាន​ដំណើរ​ការចាក់​វ៉ាក់សាំង តាំងពី​ថ្ងៃទី​១០ ខែកក្កដា មកម្ល៉េះ​ក្នុង​គម្រោង​ផែនការ​រយៈ​១៤​ថ្ងៃ ដោយ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២១​ខាង​មុននេះ និង ជំហាន​ទី​២ គឺ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​មាន​ទីលំនៅ​តាម​បណ្ដា​ស្រុក ខណៈ​ស្រុក​ប្រាសាទបាគង​នេះ បានចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​មុនគេ។​

​ការ​វ៉ាក់សាំង​នាពេលនេះ គឺ​ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ប៉ុន្តែ​ប្រការ​ដែល​សំខាន់​នោះ គឺ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​មក​ទទួល​ការចាក់​វ៉ាក់សាំង​នាពេលនេះ សូម​ចូលរួម​អនុវត្ត​រក្សា​គម្លាត សណ្តាប់ធ្នាប់ នៅ​ទីតាំង​ចាក់​វ៉ាក់សាំង តាម​សង្កាត់​នីមួយៗ សូមកុំ​ប្រជៀត និង ដណ្តើម​គ្នា ព្រោះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែលមាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង នឹង​ទទួលបាន​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ នេះ​គ្រប់ៗ​គ្នា នៅតាម​ទីតាំង​ដែល​បានកំណត់។​

​ក្នុងឱកាស​នេះដែរ រដ្ឋបាលខេត្ត​ក៏ដូចជា​ប្រជាពលរដ្ឋ បាន​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គណៈកម្មការ​កាតព្វកិច្ច​ចាក់​វ៉ាក់សាំង និង ក្រុមការងារ​ចាក់​វ៉ាក់សាំង​ទាំងអស់ ដែល​បានរៀបចំ​និង​បាន​ចាក់​វ៉ាក់សាំង​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប​នាពេលនេះ៕​

អត្ថបទ៖ គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម