Connect with us

ព័ត៌មានជាតិ

មក​មើល​សំណុំរឿង​អតីត​មេដឹកនាំ​ខ្មែរក្រហម​ម្តង ! ECCC បន្ត​សវនាការ​លើ​បណ្តឹង​សាទុក្ខ​ក្នុង​សំណុំរឿង ខៀវ សំផន​

បានផុស

នៅ

​តាម​ការគ្រោងទុក អង្គជំនុំជម្រះ​តុលាការ​កំពូល កាលពី​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២១ បាន​បើកសវនាការ​លើ​បណ្តឹង​សាទុក្ខ​ក្នុង​សំណុំរឿង​០០២/០២ (​សំណុំរឿង​០០២ វគ្គ​២) ប្រឆាំងនឹង ខៀវ សំផន អតីត​ប្រធាន​គណៈ​ប្រធាន​រដ្ឋ នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សវនាការ​គ្រោង​ធ្វើឡើង​សម្រាប់​រយៈពេល​៤​ថ្លែង គឺ​ផ្តោតលើ​ប្រធានបទ​សំខាន់ៗ​រួមមាន​៖ ទី​១- ភាពត្រឹមត្រូវ​នៃ​កិច្ចដំណើរការ​នីតិវិធី ទី​២- ភាពត្រឹមត្រូវ​នៃ​យុត្តាធិការ ទី​៣- បទឧក្រិដ្ឋ​ដែល​ខៀវ សំផន ត្រូវ​សម្រេច​ដាក់​ពិរុទ្ធភាព និង​ទី​៤- វគ្គ​បិទ​សវនាការ​រួម​បញ្ចូល​បទ​បង្ហាញ​សង្ខេប បដិសេធ​របស់​មេធាវី​ការពារ​ក្តី ព្រមទាំង​ផ្តល់ឱកាស​សម្រាប់​ខៀវ សំផន ថ្លែង​ទៅកាន់​អង្គជំនុំជម្រះ​ដោយ ផ្ទាល់​នៅក្នុង​អំឡុងពេល​សវនាកា​រលើ​បណ្តឹងសាទុក្ខ​។​

​លោក នេត្រ ភក្ត្រា ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​សាលាក្តី​ខ្មែរក្រហម​បាន​ថ្លែងថា ថ្ងៃនេះ​ជា​ថ្ងៃ​ដ៏​មាន​សារៈ​សំខាន់បំផុត​សម្រាប់​យុត្តិធម៌​អន្តរជាតិ សម្រាប់​មនុស្សជាតិ ជាពិសេស​សម្រាប់​ជនរងគ្រោះ នៃ​របប​ខ្មែរក្រហម ដែល​អង្គជំនុំជម្រះ​តុលាការ​កំពូល នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​បាន​បើកសវនាការ​លើ​បណ្តឹង​សាទុក្ខ​ក្នុង​សំណុំរឿង​០០២/០២ ប្រឆាំងនឹង ខៀវ សំផន អតីត​ប្រធាន​គណៈ​ប្រធាន​រដ្ឋ នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ តែ​ម្នាក់​គត់​ដែល​នៅ​រស់រានមានជីវិត ដើម្បី​ឈានទៅ​ការបញ្ជាក់​ចុងក្រោយ​ថា ខៀវ សំផន នឹងមាន​ពិរុទ្ធភាព​ដូច​អ្វី ដែល​អង្គជំនុំជម្រះ​សាលាដំបូង នៃ អ​.​វ​.​ត​.​ក រកឃើញ និង​សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​អស់​មួយជីវិត​ពី​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដែរឬទេ​។​

​ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​រូបនេះ​បាន​ថ្លែងថា ខៀវ សំផន ត្រូវបាន​អង្គជំនុំជម្រះ​សាលាដំបូង នៃ អ​.​វ​.​ត​.​ក ជំនុំ​ជម្រះក្តី និង​រកឃើញថា មាន​ពិរុទ្ធភាព​ចំពោះ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​បានសម្រេច​ផ្តន្ទាទោស​ដាក់​ព័ន្ធ​នាគារ​អស់​មួយជីវិត​កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ សវនាការ​លើ​អង្គសេចក្ដី​ក្នុង​សំណុំរឿង​០០២/០២ បានចាប់ផ្តើម​នៅ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៤​។ ការបង្ហាញ​ភស្តុតាង​បានចាប់ផ្តើម​នៅ​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០១៥ និង​បានបញ្ចប់​នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៧​។ សេចក្តីប្រកាស​បិទ​បញ្ចប់​ត្រូវបាន​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ ២០១៧​។ ការជំនុំជម្រះ​ក្តី រួមទាំង​ការ​ស្តាប់​សេចក្តីសន្និដ្ឋាន​បិទ​បញ្ចប់​កិច្ចពិភាក្សា​ដេញដោល​ផង លើ​សំណុំរឿង​០០២/០២ មាន​រយៈពេល​សរុប​ចំនួន​២៨៣ ថ្ងៃ​។ ក្នុងអំឡុងពេល​សវនាកា​រ​នេះ អង្គជំនុំជម្រះ​សាលាដំបូង​បាន​ស្តាប់​សក្ខីកម្ម​ពី​បុគ្គល​សរុប​ចំនួន​១៨៥ នាក់ ក្នុងនោះ​មាន​សាក្សី​បញ្ជាក់​អង្គហេតុ​ចំនួន​១១៤ នាក់ ដើមបណ្តឹង​រដ្ឋប្បវេណី​ចំនួន​៦៣ នាក់ និង​អ្នកជំនាញ​ចំនួន​៨ នាក់​។ សវនាការ​នេះ មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សាធារណជន ដោយមាន​សាធារណជន​ចូលរួម​ស្តាប់ និង​តាមដាន​សវនាការ​នេះ ដោយផ្ទាល់​សរុប​ជិត ១០​ម៉ឺន​នាក់​។​

​គួរ​បញ្ជាក់ថា សាលក្រម​ក្នុង​សំណុំរឿង​០០២/០២ ត្រូវបាន​អង្គជំនុំជម្រះ​សាលាដំបូង​ប្រកាស​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ បានសម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​អស់​មួយជីវិត​ប្រឆាំងនឹង​ជនជាប់ចោទ នួន ជា និង​ខៀវ សំផន ពីបទ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​។ ឧ​ក្រ​ដ្ឋ​កម្ម​ទាំងនេះ​បាន​ប្រព្រឹត្តឡើង​នៅតាម​ទីកន្លែង​នានា នៅក្នុង​ប្រទេស​កម្ពុជា អំឡុងពេល​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​គ្រប់គ្រង​ប្រទេស​ពីថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃទី​៦ ខែមករា ឆ្នាំ ១៩៧៩​។

​ក្រោយ​ការសម្រេចសេចក្តី​លើ​សំណុំ​រឿងនេះ អង្គជំនុំជម្រះ​សាលាដំបូង​នៃ សាលាក្តី​ខ្មែរក្រហម បានរួម​បញ្ចូល​គ្នា​នៃ​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​អស់​មួយជីវិត​ក្នុង​សំណុំរឿង ០០២/០១ និង​សំណុំរឿង ០០២/០២ ប្រឆាំងនឹង​នួន ជា និង​ខៀវ សំផន​ឱ្យ​ជាការ​ផ្តន្ទាទោស​ដាក់​ពន្ធ នាគារ​អស់​មួយជីវិត​តែមួយ​សម្រាប់​ជនជាប់ចោទ​ម្នាក់​។ ខៀវ សំផន និង​នួន ជា បានប្រកាស​ប្តឹង​សាទុក្ខ​ទៅកាន់​អង្គជំនុំជម្រះ​តុលាការ​កំពូល ហើយ​អង្គជំនុំជម្រះ​តុលាការ​កំពូល​នៃ អ​.​វ​.​ត​.​ក បានចេញ​ដីកា កំណត់​កាលបរិច្ឆេទ​បើកសវនាការ​នៅ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២១ ខាងមុខនេះ​។ សវនាការ ដែល​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២១ ដល់​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២១ ហើយ​ថ្ងៃ សុក្រ ទី​២០ ខែសីហា រក្សា​ជា​ថ្ងៃ​បម្រុង​នៃ​សវនាការ​។​

​នៅក្នុង​បណ្តឹងសាទុក្ខ​របស់ខ្លួន ជនជាប់ចោទ​ខៀវ សំផន តាមរយៈ​មេធាវី​ការពារ​ក្តី​របស់ខ្លួន បានស្នើ​សុំ​ដល់​អង្គជំនុំជម្រះ​តុលាការ​កំពូល​មេត្តា​៖

​ទី​១- ជា​ចម្បង​កត់សម្គាល់​ពី​មោឃភាព​នៃ​សាលក្រម របស់​អង្គជំនុំជម្រះ​សាលាដំបូង​ដែល​បានប្រកាស​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ព្រមទាំង​សំអាង​ហេតុដែល​បាន​ជូនដំណឹង​ដល់​ភាគី​នៅ​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៩ ដោយ​រំលោភ​លើ​វិធាន ផ្ទៃក្នុង​។​

​ទី​២-​ជា​បន្ទាប់បន្សំ ធ្វើ​មោឃភាព​សាលក្រម និង​សំអាង​ហេតុ​សាលក្រម​នៃ​សាលាដំបូង ដោយ​ចេញ​សាលក្រម​ពី​ការ​គ្មាន​ពិរុទ្ធភាព​ចំពោះ​បទ​ចោទ​នីមួយៗ​។ ខៀវ សំផន ត្រូវបាន​រកឃើញថា មាន​ពិរុទ្ធភាព​ពី​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ប្រឆាំងនឹង​ជនជាតិ​វៀតណាម ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ​។​

​និង​ទី​៣-​ជា​បន្ទាប់បន្សំ​បំផុត កែប្រែ​ការផ្តន្ទាទោស និង​ប្រកាស ដាក់ទោស​ឱ្យេ​ជាប់ពន្ធនាគារ​ក្នុង​រយៈពេល​កំណត់​មួយ​។​

​ចំណែក​ការិយាល័យ​សហ​ព្រះរាជអាជ្ញា​មិនបាន​ប្តឹង សាទុក្ខ​លើ​ផ្នែក​ពិរុទ្ធភាព​ទេ តែ​បាន​ប្តឹង​សាទុក្ខ​ពាក់ព័ន្ធ​នឹង​ការរៀប​អា​ពា​ហ៍​ដោយ​បង្ខំ ដោយបាន​ស្នើសុំ​អង្គជំនុំជម្រះ​តុលាការ​កំពូល​សន្និដ្ឋាន​ថា អង្គជំនុំជម្រះ​សាលាដំបូង​មាន​កំហុស​នៅពេលដែល​អង្គជំនុំជម្រះ​បាន​សន្និដ្ឋានថា បរុស​ដែល​ត្រូវបាន​បង្ខំ​ឱ្យ​រួមដំណេក​នៅ​អាពាហ៍ពិពាហ៍​របស់​ពួកគេ មិនមែនជា​ជនរងគ្រោះ​នៃ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង មនុស្សជាតិ​នៃ​អំពើ​អមនុស្សធម៌​ផ្សេងៗ​ទៀត​នោះទេ​។ សហ​ព្រះរាជអាជ្ញា​ស្នើថា ការរកឃើញ​ដោយមាន​កំហុស​នេះ​ទុក​មួយអន្លើ​សិន ហើយ​ការផ្តន្ទាទោស​ចំពោះ​ឧក្រិដ្ឋកម្ម​នៃ​អំពើ​អមនុស្សធម៌ ផ្សេងទៀត​នេះ ត្រូវ​កែតម្រូវ​ដោយ​រួមបញ្ចូល​ហិង្សា​ផ្លូវភេទ​លើ​ជនរងគ្រោះ​ជា​បុរស​ដើម្បីឱ្យ​ជនរងគ្រោះ​ទាំង​បុរស​និង​ទាំង​ស្ត្រី​នៃ​អំពើ​បង្ខំ​ឱ្យ​រួម​ដំ​ណែ​ក​ដូចគ្នានេះ ត្រូវបាន​ទទួលស្គាល់​យ៉ាង​ត្រឹមត្រូវ​។ ការណ៍​នេះ គឺ​ត្រូវ​តាម​វិធាន​១១០(៤) នៃ​វិធាន​ផ្ទៃក្នុង​ដូចដែល ខៀវ សំផន ត្រូវបាន​ផ្តន្ទាទោស​រួចហើយ​ចំពោះ​ឧក្រិដ្ឋកម្ម​នៃ​អំពើ​អមនុស្សធម៌​ផ្សេងទៀត​។​

​ចំណែក​សហ​មេធាវី​នាំមុខ​តំណាង​ដើម​បណ្តឹងរដ្ឋប្បវេណី បានស្នើ​សុំ​ដោយ​សេចក្តី​គោរព​ដល់​អង្គជំនុំជម្រះ​តុលាការ​កំពូល​មេត្តា​៖ ទី​១- ច្រាល​ចោល​បណ្តឹងសាទុក្ខ​របស់​ជនជាប់ចោទ ខៀវ សំផន ទាំងស្រុង ទី​២- តម្កល់​ពិរុទ្ធភាព ខៀវ សំផន ទាំងអស់ និង​ទី​៣- តម្កល់​ការផ្តន្ទាទោស ខៀវ សំផន ដាក់ពន្ធនាគារ​អស់​មួយជីវិត​។​

​លោក នេត្រ ភក្ត្រ​ឆ បាន​ថ្លែង​ដែរ​ថា ក្រោយពេល​បើកសវនាកា​រលើ​បណ្តឹងសាទុក្ខ អង្គជំនុំជម្រះ​តុលាការ​កំពូល​ដែលមាន​ចៅក្រម ៧ រូប​រួមមាន​ចៅក្រម​កម្ពុជា ៤ រូប និង​ចៅក្រម​អន្តរជាតិ ៣ រូប រំពឹងថា នឹង​ប្រកាស​សាលដីកា​ស្ថាពរ​របស់ខ្លួន​លើ​សំណុំរឿង ០០២/០២ នៅ​ត្រីមាស​ទី​៤ ឆ្នាំ​២០២២ ខាងមុខ​។ លោក​បន្តថា សវនាការ​លើ​បណ្តឹងសាទុក្ខ​សំណុំរឿង ០០២/០២ ជា​ផ្នែក​ចុងក្រោយ​នៃ​សំណុំរឿង ០០២ ប្រឆាំងនឹង​អតីត​មេដឹកនាំ​ខ្មែរក្រហម​៤ រូប​។ ជនជាប់ចោទ ខៀវ សំផន អតីត​ប្រធាន​គណៈ​ប្រធាន​រដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ បច្ចុប្បន្ន​មាន​អាយុ​៩១ ឆ្នាំ​។

​ចំណែក​ជនជាប់ចោទ​ជា​អតីត​មេដឹកនាំ​ខ្មែរក្រហម ៣ រូប​ទៀត​បាន​ស្លាប់បាត់​បង់ជីវិត ក្នុងនោះ ទី​១- នួន ជា អតីត​អនុ​លេខា​បក្សកុម្មុយនិស្ត​កម្ពុជា និង​ជា​ប្រធានសភា​តំណាង​ប្រជាជន ស្លាប់​នៅ​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៩ ក្នុងអំឡុងពេល​នៃ​ដំណើរការ​បណ្តឹងសាទុក្ខ​ក្នុង​សំណុំ រឿង ០០២/០២ ដែល​គាត់​ត្រូវបាន​អង្គជំនុំជម្រះ​សាលាដំបូង​សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​អស់​មួយជីវិត​។ ទី​២- អតីត​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ស្លាប់​នៅ​ខែមីនា ឆ្នាំ​២០១៣ និង​អៀង ធី​រិ​ទ្ធ អតីតរដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច ស្លាប់​នៅ​ឆ្នាំ​២០១៥៕

ដោយ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ១៤ នាទី មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ យុត្តិធម៌​សម្រាប់​មន្ដ្រី​ស្អាតស្អំ មិន​អាច​កាត់​ថ្លៃ​បាន​ទេ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សិង្ហបុរី ប្រកាសថា ខ្លួននឹងស៊ើបអង្កេតករណីកប៉ាល់កុងតឺន័រ Dali បុកជាមួយស្ពាន Francis Scott Key

Sokha Hotels

ព័ត៌មានពេញនិយម