Connect with us

ព័ត៌មានជាតិ

រោងចក្រកាត់ដេរ ចំនួន២០ ទៀត នឹងបើកដំណើរការ នៅខេត្តកំពង់ស្ពឺ ក្នុងពេលឆាប់ៗនេះ

បានផុស

នៅ

(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា ក្នុងពេលឆាប់ៗខាងមុខនេះ ខេត្តនឹងមានរោងចក្រ ចំនួន២០បន្ថែមទៀត បើកដំណើរការអាជីវកម្មកាត់ដេរ និងវាយនភ័ណ្ឌដែលនឹងផ្តល់ឱកាសការងារ រាប់ពាន់នាក់ដល់កម្មករ-កម្មការិនី ទទួលបានការងារធ្វើ ជួយលើកស្ទួយសេដ្ឋ កិច្ចគ្រួសារកាន់តែប្រសើឡើង។

លោកអភិបាលខេត្ត បានបន្តថា នៅក្នុងចំណោមរោងចក្រ ទាំង២០នេះ មានរោងចក្រចំនួន៤ហើយ ដែលបានចាប់ផ្តើមបើកទ្វារដំណើរការ ក្នុងបរិយាការណ៍ជំងឺកូវីដ-១៩ និងកំពុងបន្តជ្រើសរើសកម្មករ-កម្មការិនីឲ្យចូលបម្រើ​ការងារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងឱកាស ចែកប័ណ្ណចាក់វ៉ាក់សាំងជូនកម្មករ-កម្មការិនី នៅក្រុងច្បារមនខេត្តកំពង់ស្ពឺ លោក វ៉ី សំណាងបានបន្តទៀតថា ទោះស្ថិតក្នុងវិបត្តិកូវីដ-១៩ កំពុងរីករាលដាល ក្នុងសហគមន៍ក៏ដោយ ក៏ខេត្តកំពង់ស្ពឺនៅតែជាខេត្តគោលដៅ សម្រាប់អ្នកវិនិយោគទុន ដែលចង់ដាក់ទុនរកស៊ី នៅក្នុងខេត្តនេះ ដោយសារស្ថានភាពភូមិ សាស្ត្រខេត្ត មានភាពអំណោយផល មានសក្តានុពលវិនិយោគច្រើន ជាពិសេសកម្មករ-កម្មការិនី ជាមនុស្សឧស្សាហ៍ព្យាយាម និងមិនចូលចិត្តធ្វើកូដកម្ម។

យ៉ាងណាក៏ដោយ លោកអភិបាលខេត្ត បានសម្ដែងនូវ ការព្រួយបារម្ភយ៉ាងខ្លាំងផងដែរ ចំពោះកង្វះកម្មករ-កម្មការិនី ដែលជាកម្លាំងពលកម្មចម្បង សម្រាប់បំពេញតម្រូវការការងារ តាមផ្នែកនីមួយៗ ក្នុងរោងចក្រដែលខេត្តមិនអាច រកមកបំពេញឲ្យតម្រូវការ របស់រោងចក្របាន។

លោកអភិបាលខេត្ត បានបន្ថែមថា «សព្វថ្ងៃខេត្តកំពុងប្រឈម និងកង្វះកម្មករ-កម្មការិនី ប្រមាណជាងមួយម៉ឺននាក់បន្ថែមទៀត ដែលនេះមិនទាន់និយាយដល់ រោងចក្រទាំង២០ ដែលគ្រោងនឹងបើកឲ្យដំណើរការ វិនិ យោគនាពេលខាងមុខនេះ នោះទេ»។

បើតាមលោក ចឹក បូរិន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ បានឲ្យដឹងថា បច្ចុប្បន្នខេត្តកំពង់ស្ពឺមានរោង ចក្រចំនួន៣៣៥កន្លែង មានកម្មករ និយោជិក សរុបជាង១៣ម៉ឺន ៧ពាន់នាក់៕

(ដោយ)៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម