Connect with us

ព័ត៌មានជាតិ

អនុព័ន្ធយោធារុស្ស៊ី ស្នើឲ្យមាន​សមយុទ្ធរួមគ្នា រវាងកងទ័ព កម្ពុជា និង រុស្ស៊ី

បានផុស

នៅ

អនុព័ន្ធយោធាសហព័ន្ធរុស្ស៊ី បានស្នើដល់អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទកម្ពុជា បង្កើនកិច្ចសហប្រតិ​បត្តិ​ការឲ្យកាន់តែជិតស្និទ្ធថែមទៀត ពិសេសលើការធ្វើសមយុទ្ធរវាងកងទ័ពប្រទេសទាំងពីរ។ ការស្នើនេះ គ្រាដែល​លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០​២១នេះ បានអនុញ្ញាតឲ្យលោកវរនាវីឯក Ivan STADCHENKO អនុព័ន្ធយោធាសហព័ន្ធរុស្ស៊ីចាស់ និងលោកវរនាវីឯក Vitaly LUCHSHEV អនុព័ន្ធយោធាសហព័ន្ធរុស្ស៊ីថ្មី ប្រចាំនៅកម្ពុជា ចូលជួប​សម្ដែងការគួរសម​ និងជម្រាបលា។

នៅក្នុងជំនួបនេះ លោកវីរនាវីឯក Ivan STADCHENKO បានគួសបញ្ជាក់អំពីរយៈពេល៤ឆ្នាំ នៃការបំពេញ​បេ​សកកម្មកាទូតនៅកម្ពុជា ដោយលោកមានការចាប់អារម្មណ៍ និងស្រឡាញ់ចំពោះវប្បធម៌ដ៏ល្អរបស់កម្ពុជា ព្រមទាំងថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ ក្នុងកងយោធពលខេមរភូមិន្ទ ដែលបានផ្តល់កិច្ចសហការ និងគាំទ្រ។ ចំពោះកិច្ចសហប្រតិបត្តិការវិស័យយោធា លោកវរនាវីឯក Ivan STADCHENKO បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៧មក រុស្ស៊ី បានទទួលសិក្ខាកាមយោធាកម្ពុជា ទៅធ្វើការសិក្សានៅប្រទេសរុស្ស៊ីបន្តបន្ទាប់។ ប៉ុន្តែក្នុងរយៈពេល ២ឆ្នាំមកនេះ ត្រូវអាក់ខានដោយសារ បញ្ហាប្រឈមជំងឺកូវីដ-១៩។

ជាមួយគ្នានេះលោកវរនាវីឯក Ivan STADCHENKO ក៏បានស្នើដល់លោកអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទកម្ពុជា ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែជិតស្និទ្ធថែមទៀត ពិសេសលើការធ្វើសមយុទ្ធ​រវាងកងទ័ពប្រទេសទាំងពីរ។

ក្នុងកិច្ចឆ្លើយតបលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា រហូតមកទល់ពេលនេះកម្ពុជា និង​រុស្ស៊ី មានទំនាក់ទំនងការទូត ជាមួយគ្នារយៈពេល៦៥ឆ្នាំមកហើយ។ ក្នុងរយៈពេល៦៥ឆ្នាំនេះ រុស្ស៊ី បានជួយឧបត្ថម្ភដល់កម្ពុជាច្រើន ទាំងគ្រឿងបំពាក់ សម្ភារៈបច្ចេកទេស ក៏ដូចជាការបណ្ដុះបណ្ដាលធនធានមនុស្ស។

បើតាមលោកនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ជំនួយរបស់រុស្ស៊ីមកកម្ពុជា គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ស្វែងរកសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ជាពិសេសការជំនួយលើវិស័យអប់រំ ដែលបានបណ្តុះបណ្តាលធនធានមនុស្សល្អៗ ហើយកំពុងបម្រើការងារ នៅក្នុងជួររាជរាដ្ឋាភិបាលកម្ពុជា ដែលបានជួយជំរុញឲ្យកម្ពុជា រីកចំរើន រហូតមកដល់សព្វថ្ងៃនេះ។

ជាមួយគ្នានេះលោកអគ្គមេបញ្ជាការ បានថ្លែងនូវការជឿជាក់ថា ជាមួយប្រពៃណីទំនាក់ទំនងដ៏ល្អទាំងនេះ ប្រទេ​សទាំងពីរនឹងធានាបាន នូវការអភិវឌ្ឍទ្វេភាគីបន្ថែមទៀត ដើម្បីជាប្រយោជន៍រួមរបស់ប្រជាជនរុស្ស៊ី និងកម្ពុជា និងរួមចំណែកដល់ការពង្រឹងសន្តិសុខ និងស្ថេរភាពនៅក្នុងតំបន់ ។

ក្នុងនោះផងដែរលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានឯកភាពចំពោះអនុព័ន្ធយោធាសហព័ន្ធរុស្ស៊ី ក្នុងការស្នើសុំឲ្យមានសមយុទ្ធរួមគ្នា រវាងកងទ័ពកម្ពុជា និង រុស្ស៊ី ដោយចាត់ទុកថា នេះជាកិច្ចការដ៏សំខាន់មួយ ដល់ការបង្កើននូវទំនាក់ទំនងល្អ ក៏ដូចជាការបង្ហាញនូវបទពិសោធន៍ និងបង្កើនសមត្ថភាព រវាងកងទ័ពប្រទេសទាំងពីរផងដែរ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម