ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមិនអាចគេចផុតពីការប្រកួតប្រជែងឥទ្ធិពលរវាងមហាអំណាចនោះទេ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងសារលិខិតចូលរួមទិវាសន្តិភាពអន្តរជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ បានមានប្រសាសន៍លើកឡើងថា បន្ថែមលើវិបត្តិនៃជំងឺកូវីដ-១៩ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពសង្គមអន្តរជាតិ ការប្រកួតប្រជែងរវាងមហាអំណាច ដើម្បីការពារផលប្រយោជន៍ និងរក្សាឥទ្ធិពលទាំងនយោបាយ យោធា និងសេដ្ឋកិច្ចរបស់ខ្លួន បាន និងកំពុងគំរាមកំហែងដល់សុខសន្តិភាព និងស្ថិរភាពទាំងនៅក្នុងតំបន់ និងអន្តរជាតិ ហើយក្នុងនោះ កម្ពុជាក៏មិនអាចគេចផុតពីការទទួលរងឥទ្ធិពលនៃជម្លោះភូមិសាស្ត្រនយោបាយរវាងមហាអំណាចអស់ទាំងនោះដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា ការរីករាលដាលនៃជំងឺកូវីដ-១៩ បាន និងកំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យជាច្រើន ជាពិសេសស្ថានភាពសង្គម និងសេដ្ឋកិច្ចរបស់ពិភពលោកទាំងមូល។ រហូតមកដល់ពេលបច្ចុប្បន្ននេះ នៅទូទាំងសកលលោក ប្រជាជនជាងពីររយលាននាក់បានឆ្លង និងជាងបួនលាននាក់បានស្លាប់ ដោយសារជំងឺកូវីដ-១៩។ ទន្ទឹមនិងនេះ ពិភពលោកក៏កំពុងជួបប្រទះវិបត្តិសេដ្ឋកិច្ចជាសកល តាមរយៈការធ្លាក់ចុះនូវកំណើនសេដ្ឋកិច្ចជាតិ និងអន្តរជាតិ ដោយសារការបង្អាក់លំហូរសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម។
សម្តេចលើកឡើងទៀតថា៖ “បន្ថែមលើវិបត្តិនៃជំងឺកូវីដ-១៩ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពសង្គមអន្តរជាតិ ការវិវត្តដ៏ស្មុគស្មាញមិនអាចប្រមាណទុកជាមុននៃស្ថានការណ៍ពិភពលោក បង្កឡើងដោយការប្រកួតប្រជែងរវាងមហាអំណាច ដើម្បីការពារផលប្រយោជន៍ និងរក្សាឥទ្ធិពលទាំងនយោបាយ យោធា និងសេដ្ឋកិច្ចរបស់ខ្លួន បាននិងកំពុងគំរាមកំហែងដល់សុខសន្តិភាព និងស្ថិរភាពទាំងនៅក្នុងតំបន់ និងអន្តរជាតិ។ កម្ពុជាយើង មិនអាចគេចផុតពីការទទួលរងឥទ្ធិពលនៃជម្លោះភូមិសាស្ត្រនយោបាយរវាង មហាអំណាចអស់ទាំងនោះបានទេ។ ប្រទេសមហាអំណាចខ្លះ និងសម្ព័ន្ធមិត្ត នៅបន្តប្រើប្រាស់គ្រប់ល្បិចកល គំរាមកំហែង ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា តាមរយៈការអនុវត្តស្តង់ដារពីរអំពី ការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស”។
ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ សែន លើកឡើងបន្តថា៖ “រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា មិនភ្លេចទេនូវវិនាសកម្ម និងការឈឺចាប់ ដែលបង្កឡើង ដោយសង្គ្រាមដែលប្រទេសមហាអំណាចខ្លះ និងសម្ព័ន្ធមិត្តអស់ទាំងនោះ បានដាក់បង្ខំមកលើយើង។ យើងក៏មិនបានឱ្យប្រទេសអស់ទាំងនោះសងបំណុលសីលធម៌ ដែលពួកគេជំពាក់ចំពោះប្រជាជនកម្ពុជាទេ តែយើងគ្រាន់តែប្រើប្រាស់សិទ្ធិអធិបេតយ្យរបស់ខ្លួនជាម្ចាស់ទឹកម្ចាស់ដីការពារការរស់រានមានជីវិតឡើងវិញរបស់ប្រជាជនកម្ពុជា ការពាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិតប៉ុណ្ណោះ។ នៅក្នុងទិសដៅនេះ កម្ពុជាបានប្រកាន់យកយ៉ាងខ្ជាប់ខ្ជួន នូវគោលនយោបាយអព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធ សន្តិសហវិជ្ជមាន មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផងគ្នា និងការគោរពគ្នា និងមានផលប្រយោជន៍ទៅវិញទៅមក ជាមួយបណ្តាប្រទេសទាំងអស់នៅក្នុងពិភពលោក”។
សម្តេចតេជោ ហ៊ុន សែន អះអាងជាថ្មីថា កម្ពុជានឹងបន្តរួមចំណែកក្នុងការការពារសន្តិភាព ស្ថិរភាព និងសន្តិសុខពិភពលោក តាមរយៈការចូលរួមកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈមនានានៅលើសកលលោក។ កម្ពុជាមានឆន្ទៈដ៏មោះមុត និងប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវស្មារតីសាមគ្គីភាព ភាតរភាពជាអន្តរជាតិ និងរួមវិភាគទានដល់កិច្ចប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ និងមនុស្សធម៌។

ជាមួយគ្នានោះ សម្តេចបញ្ជាក់ថា អង្គការសហប្រជាជាតិបានអនុម័តយកថ្ងៃទី២១ ខែកញ្ញា ជារៀងរាល់ឆ្នាំ សម្រាប់ពិភពលោក ប្រារព្ធទិវាសន្តិភាពអន្តរជាតិ ដើម្បីឧទ្ទិសដល់ការពង្រឹងឧត្តមគតិសន្តិភាព សម្រាប់ប្រជាជន និងបណ្តាប្រទេសទាំងអស់នៅទូទាំងសកលលោក។ សម្រាប់ឆ្នាំ២០២១នេះ នៅក្នុងបរិបទ ដែលពិភពលោកកំពុងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាតកូវីដ-១៩ ទិវាសន្តិភាពអន្តរជាតិ ត្រូវបានរៀបចំក្រោមមូលបទ “ការស្តារពិភពលោកឱ្យមានភាពប្រសើរឡើងវិញប្រកបដោយសមធម៌ និងនិរន្តរភាព” ដោយផ្តល់គុណតម្លៃជាចម្បងដល់សន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការខឹតខំប្រឹងប្រែង រួមគ្នាស្ដារពិភពលោកឱ្យរួចផុតពីគ្រោះមហន្តរាយបង្កឡើងដោយជំងឺរាតត្បាតនេះ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា បទពិសោធន៍ និងមេរៀនដ៏ជូរចត់ដែលកម្ពុជាធ្លាប់ទទួលបាននៅក្នងតំណាក់កាលឆ្លងកាត់អស់រយៈជាងពីរទសវត្សរ៍នៃភ្លើងសង្គ្រាម និងរបបប្រល័យពូជសាសន៍ បានធ្វើឱ្យយើងទាំងអស់គ្នា យល់ច្បាស់ពីតម្លៃនៃសន្តិភាព និងស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសជាតិ។ សម្តេចបន្តថា អស់រយៈពេលជិត២៣ឆ្នាំហើយ ការបញ្ចប់សង្គ្រាមនៅលើទឹកដីមាតុភូមិកម្ពុជាដោយ “នយោបាយឈ្នះ-ឈ្នះ” បាននាំមកនូវសុខសន្តិភាពពេញលេញ និងការឯកភាពជាតិទាំងស្រុងពិតប្រាកដជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា។ រយៈពេលដ៏វិសេសវិសាលថ្លៃថ្លានេះ បានផ្ដល់ឱកាសដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាខិតខំប្រឹងប្រែងស្តារ និងកសាងប្រទេសជាតិឡើងវិញ ព្រមទាំងបោះជំហានយ៉ាងរឹងមាំនៅលើមាគ៌ាអភិវឌ្ឍន៍ និងទទួលបានការរីកចម្រើនលើគ្រប់វិស័យគួរជាទីមោទនៈ សមស្របតាមពាក្យស្លោក “មានសន្តិភាព មានការអភិវឌ្ឍ”៕
អត្ថបទ៖ កោះកែវ

-
ចរាចរណ៍៣ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
សុខភាព៤ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
ក្រោយបញ្ចប់ទស្សនកិច្ចនៅកម្ពុជា២ថ្ងៃ នាយករដ្ឋមន្ត្រីថៃ ផែថងថាន ចូលសម្រាកពេទ្យ