Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​ស្រុក​មង្គល​បូរី​ ប្រកាស​អាសន្នឱ្យ​ពលរដ្ឋ​ដែលរស់នៅ​បណ្តោយ​ស្ទឹង​ ប្រុងប្រយ័ត្ន​​គ្រោះទឹកជំនន់

បានផុស

នៅ

នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ រដ្ឋបាល​ស្រុក​មង្គល​បូរី​ ដឹកនាំដោយលោក រ័ត្ន ដាសុីណង់ អភិបាលស្រុកមង្គលបូរី និងក្រុមការងារបានចុះធ្វើការត្រួតពិនិត្យទឹកជំនន់នៅតាមដងស្ទឹងមង្គលបូរី បានធ្វើការប្រកាស​អាសន្នឱ្យ​ពលរដ្ឋ​ដែលរស់នៅ​តាមបណ្តោយ​ស្ទឹង​មង្គលបូរី ត្រូវប្រុងប្រយ័ត្ន​ឱ្យបានខ្ពស់​ពី​មហន្តរាយ​គ្រោះទឹកជំនន់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ​រ័ត្ន ដា​ស៊ី​ណង់ បានលើកឡើងថា សូមបងប្អូន​ដែលរស់នៅ​តាមបណ្តោយ​ដងស្ទឹង​មង្គល​បូរី​ ត្រូវ​ប្រុង​ប្រយ័ត្នឱ្យបានខ្ពស់បំផុត ដោយសារមានសញ្ញា​គ្រោះថ្នាក់​នឹង​មកដល់ក្នុងពេលឆាប់ បើ​ភ្លៀង​នៅ​ធ្លាក់​ជា​បន្តបន្ទាប់ក្នុងស្ថានភាព​ទឹក​ចេះតែ​ហក់​ឡើងខ្លាំងនោះ។
លោក ​រ័ត្ន ដា​ស៊ី​ណង់ បានឱ្យប្រជាពលរដ្ឋ​ត្រៀមលក្ខណៈ​សម្បត្តិ មធ្យោបាយ​ដឹកជញ្ជូន​ ទូក កាណូត អាវ​ពោង និង​រក​ទីទួល​សុវត្ថិភាព ដើម្បី​សង្គ្រោះ​អាយុជីវិត​ទាំងអស់គ្នា​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ស្រុក​បាន​បញ្ជាក់ថា សូម​បងប្អូន ពិសេស​ពលរដ្ឋ​រស់នៅ​បណ្តោយ​ដងស្ទឹង​មង្គលបូរី ​ចូលរួម​ និង​យកចិត្តទុកដាក់​ខ្ពស់​ និង​អនុវត្ត​វិធានការ​ដូចជា៖ ១. ​ត្រៀម​ស្បៀង​ និង​ថ្នាំ​ស​ង្គូ​វ ​២. រៀបចំ​ទុកដាក់​ឯកសារ​សំខាន់​ឱ្យបានគង់វង្ស ៣. ​ត្រៀម​មធ្យោបាយ​ទុក​ដឹកជញ្ជូន​ ឬ​ជម្លៀស​ ៤. ប្រយ័ត្ន​មនុស្សចាស់ ក្មេង​លេង​ទឹក ៥. ពេល​ទឹក​ជន់​ឡើង​ត្រូវ​បិទ​ចរន្ត​អគ្គីសនី ប្រយ័ត្ន​សត្វ​អ​សិរ​ពិសជាដើម៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម