ព័ត៌មានជាតិ
ផ្លូវបេតុងថ្មីមួយខ្សែទៀត នឹងចេញជារូបរាងឆាប់ៗ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ
ប្រជាពលរដ្ឋ ដែលរស់នៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ នឹងបានប្រើប្រាស់ផ្លូវបេតុងថ្មីមួយខ្សែទៀត ប្រវែងសរុបជាង ៦,២០០ម៉ែត្រ នៅក្នុងពេលឆាប់ខាងមុខនេះ។

បើយើងក្រឡេកទៅមើល នៅឯមូលដ្ឋានសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ប្រជាពលរដ្ឋរស់នៅតំបន់នោះ ក៏មានភាពល្អប្រសើរជាងមុនផងដែរ។ ដែលតំបន់នេះពីមុន ប្រជាពលរដ្ឋភាគច្រើន ប្រកបមុខរបរធ្វើស្រែ បង្កបង្កើនផល ដោយឡែកប្រព័ន្ធ ផ្លូវ ថ្នល់ ក៏មិនសូវសម្បូរ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវបេតុង ប្រព័ន្ធលូកំពុងកើតមានខ្វាត់ខ្វែង សម្រាប់បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋទូទៅ។
សមិទ្ធិផលទាំងអស់នេះ ត្រូវបានបងប្អូនប្រជាពលរដ្ឋមានការត្រេកអរយ៉ាងខ្លាំង ដែលកន្លែងខ្លះមានផ្លូវដីហើយ ត្រូវបានអាជ្ញាធរស្ថាបនាផ្លូវជាបេតុង ដោយឡែកកន្លែងខ្លះទៀតមិនមានផ្លូវសោះ ប៉ុន្តែរហូតមកដល់ពេលនេះ ត្រូវបានអាជ្ញាធរកសាងជាផ្លូវ បេតុង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។
ពលរដ្ឋរស់នៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រៀបរាប់ឲ្យដឹងថា ពួកគាត់រស់នៅភូមិនេះ រាប់ឆ្នាំមកហើយមិនមានផ្លូវល្អសម្រាប់ធ្វើដំណើរនោះទេ រាល់ពេលធ្វើដំណើរទៅមកម្តងៗ លំបាកណាស់ ពិបាកទាំងខែប្រាំង និងខែវស្សា ពីព្រោះថា នៅពេលដែលខែវស្សាចូលមកដល់ម្តងៗ ដីមានសភាពស្អិត និងរអិលទៀតផង។ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះ ពួកគាត់លែងសូវលំបាកដូចកាលពីមុនទៀតហើយ ដោយបានអាជ្ញាធរសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ជាពិសេសសាលារាជធានីភ្នំពេញ យកចិត្តទុកដាក់ជួយកសាងផ្លូវបេតុងជាបន្តបន្ទាប់ ជូនពួកគាត់ប្រើប្រាស់។


អ្នកភូមិព្រែកតាគង់ រៀបរាប់បន្តឲ្យដឹងថា សមិទ្ធផលថ្មី ដែលនឹងរៀបលេចចេញជារូបរៀងក្នុងពេលឆាប់ៗនេះ គឺជាផ្លូវបេតុងថ្មី មួយខ្សែ ដែលតភ្ជាប់ចេញពីផ្លូវជាតិលេខ៦ ចាប់ពីភូមិព្រែកខ្វិត សង្កាត់ព្រែកលៀបឆ្លងកាត់ភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រហូតទៅដល់ចំណុច ស្ពាន លី យ៉ុងផាត់។ ផ្លូវបេតុងថ្មីមួយខ្សែ ដែលនឹងកើតចេញនាពេលឆាប់ៗនេះ ពីមុន គឺជាផ្លូវរទេះសម្រាប់ប្រជាកសិករដឹកជញ្ជូនផលស្រូវទៅលក់។ ប៉ុន្តែដោយមានការចូលរួមពីអ្នកភូមិ បងប្អូនប្រជាពលរដ្ឋមួយចំនួន ក៏បានបរិច្ចាគដីកម្មសិទ្ធិផ្ទាល់ខ្លួនរបស់ពួកគាត់ ក្នុងការអភិវឌ្ឍន៍ជាផ្លូវដីសម្រាប់អ្នកដំណើរទៅមករាប់ឆ្នាំមកហើយ។


អ្នកភូមិព្រែកតាគង់ រៀបរាប់បន្តទៀតថា អ្វីដែលពួកគាត់ចង់បានបំផុតនោះ គឺផ្លូវស្អាតនេះឯង បើទោះបីនៅសល់ដីកម្មសិទ្ធិមានសភាពតូចក៏ដោយ ហើយដោយដឹងថា អាជ្ញាធរមានគម្រោងអភិវឌ្ឍន៍ផ្លូវ ទៅជាផ្លូវបេតុងទៀតនោះ ប្រជាពលរដ្ឋរស់នៅក្នុងភូមិទាំងអស់ ពិតជាមានការត្រេកអរយ៉ាងខ្លាំង។ យោងតាមប្រភពព័ត៌មានពីក្រុមការងារ ដែលកំពុងបំពេញភារកិច្ចនៅទីនោះ ប្រាប់ឲ្យដឹងថា ផ្លូវបេតុង ដែលកំពុងស្ថាបនានេះ មានប្រវែង សរុបជាង ៦,២០០ម៉ែត្រ ទទឹង ២០ម៉ែត្រ ក្រាលសរសៃដែកកម្រាស់ ២តឹក ៕
អត្ថបទ៖ រ៉ាវុទ្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ២៣ ម៉ោង agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ២៣ ម៉ោង agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


