ព័ត៌មានជាតិ
កម្ពុជា នឹងតម្រូវឲ្យភ្ញៀវទេសចរអន្តរជាតិ ធ្វើចត្តាឡីស័កត្រឹមតែ ៧ថ្ងៃប៉ុណ្ណោះ ពេលបើកឡើងវិញ
នៅពេលប្រទេសកម្ពុជា បើកទេសចរណ៍អន្តរជាតិឡើងវិញ នាពេលឆាប់ៗខាងមុខ រាជរដ្ឋាភិបាលនឹងតម្រូវឲ្យភ្ញៀវទេសចរ ចាក់វ៉ាក់សាំងគ្រប់ដូស ធ្វើចត្តាឡីស័កត្រឹមតែ ៧ថ្ងៃប៉ុណ្ណោះ។ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងត្រៀមលក្ខណៈ ក្នុងការបើកទទួលភ្ញៀវទេសចរអន្តរជាតិ ដែលចាក់វ៉ាក់សាំងរួចឡើងវិញ នាពេលឆាប់ៗខាងមុខ តែស្របតាមយន្តការទេសចរណ៍សុវត្ថិភាព។
ថ្លែងនៅក្នុងជំនួប ជាមួយក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងទេសចរណ៍ លោកបណ្ឌិត ថោង ខុន បានបន្តថា នាពេលខាងមុខឆាប់ៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងប្រកាសអំពីការបើកទេសចរណ៍សុវត្ថិភាពនេះជាផ្លូវការ ដោយកាលពីពេលកន្លងទៅ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានបង្ហើបម្ដងរួចមកហើយដែរ អំពីការត្រៀមបើកទេសចរណ៍អន្តរជាតិ ឡើងវិញនេះ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា «តាមគម្រោង ដូចដែលសម្តេចតេជោ បានមានប្រសាសន៍ គឺចំពោះភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនាកម្ពុជានោះ នឹងតម្រូវឲ្យធ្វើចត្តាឡីស័កត្រឹមតែ ៧ថ្ងៃប៉ុណ្ណោះ គឺត្រូវធ្វើចត្តាឡីស័ក នៅក្នុងតំបន់ទេសចរណ៍ ឬគោលដៅទេសចរណ៍ជាក់លាក់ណាមួយដែលមានសុវត្ថិភាព ពោលគឺជាតំបន់ ដែលគ្មានការរាតត្បាតពីជំងឺកូវីដ-១៩»។
លោករដ្ឋមន្ត្រី បានណែនាំឲ្យក្រុមហ៊ុនទេសចរ ត្រៀមលក្ខណៈឲ្យបានរួចរាល់ ក្នុងការដឹកជញ្ជូនភ្ញៀវទេសចរ ក៏ដូចជាអ្នកដំណើរពីអន្តរជាតិ មកទស្សនាកម្សាន្ត នៅកម្ពុជាឡើងវិញ។
លោក គូ ថេអូ អ្នកគ្រប់គ្រងទូទៅ របស់ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline បានឲ្យដឹងថា ក្រោយពីសម្តេចតេជោ ហ៊ុន សែន ប្រកាសអំពីបំណង ចង់បើកទេសចរណ៍សុវត្ថិភាពឡើងវិញ អគ្គនាយកក្រុមហ៊ុន បានរួសរាន់ត្រលប់ទៅសាធារណរដ្ឋកូរ៉េភ្លាម ដើម្បីធ្វើការជាមួយក្រុមហ៊ុនទេសចរណ៍នៅប្រទេសកូរ៉េ ក៏ដូចជាប្រទេសចិន លើការផ្សព្វផ្សាយឲ្យភ្ញៀវទេសចរធ្វើដំណើរមកលេងកម្សាន្តនៅប្រទេសកម្ពុជា ក្រោយពេលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបើកវិស័យទេសចរណ៍ជាផ្លូវការ នាពេលខាងមុខនោះ។
លោកគូ ថេអូ ក៏បានបង្ហាញនូវក្ដីសង្ឃឹម ក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ឲ្យបានច្រើនមកពីប្រទេសចិន ក៏ដូចជាប្រទេសកូរ៉េ ប្រទេសកំណើតរបស់លោកផងដែរ។
សូមជម្រាបថា ថ្លែងក្នុងពិធីបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារអាយុពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ នៅវិមានសន្តិភាព កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហើបថា កម្ពុជានឹងរកលទ្ធភាព បើកទេសចរណ៍វ៉ាក់សាំង ដើម្បីទាក់ទាញចំណូល ដោយថារលកចម្លងនៃជំងឺកូវីដ-១៩ ស្ថិតក្នុងស្ថានភាពធូរស្រាល និងមានភាពស៊ាំក្នុងសហគមន៍។
សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅក្រសួងពាក់ព័ន្ធ ឲ្យសិក្សាពីលទ្ធភាពបើកឲ្យមានទេសចរណ៍វ៉ាក់សាំង ដើម្បីឲ្យវិស័យទេសចរណ៍ដំណើរការឡើងវិញ ក្នុងការទាញយកចំណូលសម្រាប់សេដ្ឋកិច្ចជាតិ និងពលរដ្ឋ។ តែយ៉ាងណា សម្តេចតេជោ បានបញ្ជាក់ថា ការបើកឡើងវិញ សម្រាប់ទេសចរណ៍ក្នុងស្រុក ឬទេសចរណ៍សហគមន៍ ត្រូវបន្តអនុវត្តវិធានសុខាភិបាល រួមទាំងគម្លាតសុវត្ថិភាពសង្គម។ ចំណែកទេសចរណ៍ក្រៅប្រទេសវិញ ពេលមកដល់កម្ពុជាត្រូវធ្វើចត្តាឡី ស័កសិន ទើបអាចធ្វើដំណើរឆ្លងខេត្តបាន៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


