គិតត្រឹមដំណាច់ឆមាសទី១ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជាបានខ្ចីបំណុលក្រៅប្រទេសប្រមាណជាង ៩ពាន់លានដុល្លារអាមេរិកក្នុងនោះប្រទេសចិនមានជាង៤៣ភាគរយនៃបំណុលសរុប។
យោងតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឱ្យដឹងថា សន្និធិបំណុលសាធារណៈក្រៅប្រទេសគិតត្រឹមដំណាច់ឆមាសទី១ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលបានខ្ចីមានចំនួន៩១៨៨.៩១លានដុល្លារអាមេរិកក្នុងនោះ ខ្ចីពីរដ្ឋាភិបាលចិនចំនួន៤៣.៧៨ភាគរយ ជប៉ុនចំនួន៨.៩១ភាគរយ សាធារណរដ្ឋកូរ៉េខាងត្បូង៥.០៤ភាគរយ ទ្វេភាគីផ្សេងៗចំនួន៥.៣៨ភាគរយ។ បំណុលមរតក ដែលកំពុងចរចារដោះស្រាយ៦.៧៥ភាគរយ និងពហុភាគី៣០.១៣ភាគរយ។
តាមសេចក្តីពា្រងច្បាប់ដដែលបានបន្តថាសម្រាប់ឆ្នាំ២០២២ រដ្ឋាភិបាលបានដាក់ផែនការខ្ចីបំណុលបន្ថែមក្នុងកម្រិត ១ ៦០០លាន SDR (ប្រហែល ២ ២៥៦ លានលានដុល្លារ) ពីដៃគូអភិវឌ្ឍ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ១៩។ ក្នុងនោះរាជរដ្ឋាភិបាលគ្រោងចុះហត្ថលេខាខ្ចីប្រាក់ពីដៃគូអភិវឌ្ឍ សម្រាប់ហិរញ្ញប្បទានកម្មវិធី/គម្រោងវិនិយោគសាធារណៈចំនួន ៣៥ ដែលរួមមាន៖
-សាធារណរដ្ឋប្រជាមានិតចិន ចំនួន ៦ គម្រោង
-ព្រះរាជាណាចក្រថៃ ចំនួន ១ គម្រោង
-ប្រទេសជប៉ុនចំនួន ៣ គម្រោង
-សាធារណរដ្ឋកូរ៉េចំនួន ៥ គម្រោង
-សាធារណរដ្ឋបារាំងចំនួន ៥ គម្រោង
-ធនាគារអភិវឌ្ឍអាល្លឺម៉ង់ចំនួន ២ គម្រោង
-ធនាគារអភិវឌ្ឍអាស៊ីចំនួន ៩ គម្រោង
-ធនាគារពិភពលោកចំនួន ៣ គម្រោង
-ធនាគារវិនិយោគអឺរ៉ុបចំនួន ១ គម្រោង
-ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីចំនួន ១ គម្រោង។
កំណត់ទំហំនៃការខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍ក្នុងកម្រិត ១ ៦០០លានSDR របស់រដ្ឋាភិបាលគឺកើនឡើង ១០០ លាន SDR ធៀបនឹងច្បាប់ថវិកាឆ្នាំ២០២១ ដោយឈរលើមូលដ្ឋាននៃការគិតគូរ និងផ្អែកលើទិដ្ឋភាពសំខាន់ៗចំនួន៥រួមមាន៖
១. តម្រូវការវិនិយោគសាធារណៈ ដែលមានទំហំកាន់តែធំ ដើម្បីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ នៅក្រោយពេលការរីករាលដាលនៃជំងឺកូវីដ១៩ ស្រាកស្រាន្ត
២.គម្រោងអភិវឌ្ឍន៍ដែលនឹងចុះកិច្ចព្រមព្រៀងឥណទានសម្បទានក្នុងឆ្នាំ២០២១ ជាគម្រោងវិនិយោគសាធារណៈក្នុងវិស័យអាទិភាព ហើយដែលចេះតែរំកិលពីឆ្នាំមុនៗមក តែមានចរិតយុទ្ធសាស្ត្រ ក្នុងការទ្រទ្រង់ដល់ចីរភាព នៃកំណើនសេដ្ឋកិច្ចក្នុងរយៈពេលមធ្យម និង វែង
៣.ឥណទានមានកម្រិតសម្បទានខ្ពស់
៤.ស្ថានភាពបំណុលសធារណៈកម្ពុជាបច្ចុប្បន្ន និងក្នុងរយៈពេលមធ្យមនៅតែមាន ចីរភាព និងហានិភ័យកម្រិតទាប
៥.ការបន្តបង្កើនប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រងនិងអនុវត្តគម្រោង។
គួរបញ្ជាក់ថា ការខ្ចីប្រាក់ក្នុងទំហំខាងលើនេះ នឹងមិនបង្កើតជាបន្ទុកបំណុលវ័ណ្ឌកដល់កម្ពុជាទេ ពោលគឺជាទិដ្ឋភាពបច្ចេកទេស ស្ថានភាពបំណុលសាធារណៈកម្ពុជានៅតែត្រូវបានវាយតម្លៃថាមាន«ចីរភាព» និង «ហានិភ័យកម្រិតទាប ដដែល ដោយរាល់សូចនាករ បំណុលគន្លឹះៗ របស់កម្ពុជា សុទ្ធតែស្ថិតក្រោមអនុបាតគោលទាំងអស់។
តាមសេចក្តីពា្រងច្បាប់ឆ្នាំ២០២២ រដ្ឋាភិបាលគ្រោងចំណាយថវិកាជាតិចំនួន៣៤៧០៨៦៣០លានរៀល នៃផលិ តផលសរុបមានកំណើន៨.៤ភាគរយបើធៀបនឹងឆ្នាំ២០២១នេះ៕
អត្ថបទ៖ សំអឿន