ព័ត៌មានជាតិ
លោក ស្រ៊ុន ពៅ ៖ ការទប់ស្កាត់ ការនាំចូលជ្រូកខុសច្បាប់ពី វៀតណាម មានភាពល្អប្រសើរជាងមុន ក្រោយមានការស្នើសុំ
កាលពីពេលថ្មីៗនេះ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានដាក់លិខិតទៅកាន់រដ្ឋបាលខេត្ត ជាប់ព្រំដែនវៀតណាម ដើម្បីស្នើសុំទប់ស្កាត់ការនាំចូលសត្វជ្រូករស់ ខុសច្បាប់ពីប្រទេសវៀតណាម។ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានឲ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែតុលានេះថា ខេត្តដែលសមាគមរបស់លោក បានដាក់លិខិតទៅនោះ រួមមាន៖ ខេត្តត្បូងឃ្មុំ, ព្រៃវែង, ស្វាយរៀង, តាកែវ, និងខេត្តកណ្ដាល។
លោក ស្រ៊ុន ពៅ បានប្រាប់កម្ពុជាថ្មីថា ប្រសិនបើមិនមានការស្នើសុំយ៉ាងដូច្នេះទេ លោកបារម្ភខ្លាចមានការនាំចូលដោយលួចលាក់ច្រើន ដែលនាំទៅដល់ការប៉ះពាល់ប្រជាកសិករ ចិញ្ចឹមសត្វជ្រូកនៅក្នុងស្រុក ព្រោះថា នៅប្រទេសវៀតណាមតម្លៃជ្រូករស់ ក្នុង ១គីឡូក្រាមត្រឹម ៦០០០រៀលប៉ុណ្ណោះ ដែលខុសគ្នាពី ២០០០ ទៅ៣០០០រៀលដែរ បើប្រៀបធៀបតម្លៃជ្រូករស់ នៅក្នុងប្រទេសកម្ពុជា។
លោកឲ្យដឹងបន្តថា បន្ទាប់ពីមានការស្នើសុំរបស់សមាគម លោកសង្កេតឃើញថា អាជ្ញាធរខេត្តជាប់ព្រំដែន បានចូលរួមពិនិត្យ និងទប់ស្កាត់ការនាំចូលសត្វជ្រូករស់ ពីប្រទេសវៀតណាមល្អជាងមុន ដែលនេះជាការចូលរួមដ៏មួយ។ លោក ស្រ៊ុន ពៅ បានបញ្ជាក់បន្ថែមថា «ទីមួយ គឺមានការនាំចូលដោយលួចលាក់ ទីពីរគឺតម្លៃនៅវៀតណាមនោះ វាថោកមែនទែន បើសិនជាមិនមែនការទប់ស្កាត់ទេនោះ នឹងធ្វើឲ្យប៉ះពាល់ដល់អ្នកចិញ្ចឹមក្នុងស្រុកហើយ ប៉ះពាល់យ៉ាងគំហុកម៉ង»។
បើតាមប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា មកដល់ពេលនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យនាំចូលសត្វជ្រូករស់ ពីប្រទេសជិតខាងចំនួនតែ ៣០០ក្បាលប៉ុណ្ណោះ ក្នុង ១ថ្ងៃ។ លោកថា ក្រសួងកសិកម្ម ជាពិសេសអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចូលរួមយ៉ាងសកម្ម នៅក្នុងការទប់ស្កាត់ការនាំចូលខុសច្បាប់ នូវសត្វជ្រូករស់ពីប្រទេសជិតខាងកម្ពុជា។
ទោះបីជាយ៉ាងណាក្ដី តម្លៃជ្រូករស់នៅកម្ពុជា គឺទ្រឹងដដែល ពោលគឺ ១គីឡូក្រាមតម្លៃ ៩០០០រៀល ទៅជាង ៩០០០រៀល សម្រាប់កសិដ្ឋាន និងក្រុមហ៊ុនក្នុងស្រុក។ ប៉ុន្តែសម្រាប់ប្រជាកសិករ លក់មិនបានតម្លៃ ៩០០០រៀលនោះទេ។ លោកថា មកដល់ពេលនេះ ជ្រូករស់ទាំងនៅក្នុងកសិដ្ឋាន និងប្រជាកសិករចិញ្ចឹម កំពុងតែកកស្ទះ ហើយក៏កំពុងជួបការខាតបង់ថវិកាផងដែរ។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា ធ្លាប់បានលើកឡើងថា ប្រសិនបើតម្លៃជ្រូករស់នៅកម្ពុជា នូវតែបន្តធ្លាក់ថ្លៃទៀតនោះ នឹងធ្វើឲ្យប្រជាកសិករអ្នកសត្វជ្រូកមួយចំនួន អាចសម្រេចចិត្តឈប់ចិញ្ចឹម។ លោកថា «អានេះធម្មតាទេ បានន័យថា ដូចខ្ញុំបានជម្រាបតាំងពីដើមមកថា បើសិនជាកសិករ បានសេចក្ដីថា កសិករគាត់មិនសូវមានប្រាក់ទេ ពេលណាដែលគាត់ចំណេញ គាត់ខំនាំគ្នាចិញ្ចឹមហើយ ពេលណាដែលគាត់ខាត ឬមួយក៏មិនចំណេញ គាត់ឈប់ចិញ្ចឹមហើយ អាហ្នឹងគឺថា អូតូម៉ាទិចម៉ងបាទ»។
កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១កន្លងទៅនេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ការផ្អាកការរៀបចំពិធីកាន់បិណ្ឌនៃបុណ្យភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌទី៤ រហូតដល់ភ្ជុំធំ បានធ្វើឲ្យតម្លៃជ្រូករស់ បន្តធ្លាក់ថ្លៃនាពេលបច្ចុប្បន្ន។ លោករដ្ឋមន្ត្រី បានបន្តថា តាមស្ថិតិកសិដ្ឋានចិញ្ចឹមជ្រូក មានការកើនចំនួន ៣៦កន្លែងស្មើនឹង៧,២% គឺកើនពីចំនួន ៥០៣កន្លែង ឆ្នាំ២០២០ ឡើងដល់ចំនួន ៥៣៩កន្លែង ក្នុងឆមាសទី១ ឆ្នាំ២០២១។
លោករដ្ឋមន្ត្រី បានបន្តទៀតថា កសិករចិញ្ចឹមជ្រូកត្រៀមបញ្ចេញលក់ ក្នងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។ ប៉ុន្តែត្រូវបានផ្អាក កម្មវិធីរៀបចំពីធីបុណ្យចាប់ពីបិណ្ឌទី៤ រហូតដល់បុណ្យភ្ជុំបិណ្ឌ បានធ្វើឲ្យជ្រូកមានការកកស្ទះ។ ជាងនេះទៀត តម្លៃជ្រូកនៅប្រទេសជិតខាង ដូចជាប្រទេសវៀតណាម ក៏មានការធ្លាក់ថ្លៃយ៉ាងគំហុក ពោលគឺតម្លៃត្រឹមតែចំនួន ៦ ៥០០រៀល ក្នុង ១គីឡូក្រាមប៉ុណ្ណោះ។ ខណៈតម្លៃនៅកម្ពុជា គឺចន្លោះពីចំនួន ៩៥០០រៀល ទៅចំនួន ១០ ១០០រៀល ក្នុង ១គីឡូក្រាម នាពេលបច្ចុប្បន្ននេះ។
ម្យ៉ាងទៀត វិបត្តិនៃជំងឺកូវីដ-១៩ ក៏បានធ្វើឲ្យតម្រូវការសាច់ជ្រូក មានការប្រែប្រួលមិនទៀងទាត់ ដោយសារមានការបិទខ្ទប់ ពុំមានកម្មវិធីតាមបុណ្យទាន កម្មវិធីជួបជុំផ្សេង ជាពិសេសពុំមានភ្ញៀវទេសចរ ធ្វើដំណើរកម្សាន្ដតាមតំបន់រម្យណីយដ្ឋាននានា ក្នុងព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?