ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យប្រើប្រាស់ប័ណ្ណ ឬកាតចាក់វ៉ាក់សាំងថតចម្លង សម្រាប់កុមារពេលពួកគេទៅរៀន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឲ្យពិចារណាប្រើប្រាស់ប័ណ្ណ ឬកាតចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ថតចម្លង សម្រាប់កុមារា-កុមារី នៅពេលដែលពួកគេទៅសាលារៀន។ ការធ្វើយ៉ាងដូច្នេះ ដើម្បីចៀសវាងការខូចខាត ឬបាត់បង់ក្នុងករណីណាមួយ ជាយថាហេតុ។
យោងតាមសារជាសំឡេង ផ្សព្វផ្សាយនៅរសៀលថ្ងៃទី២ ខែវិច្ឆិកានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជម្រាបជូនរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងអភិបាលរាជធានី-ខេត្ត ព្រមទាំងមន្ត្រីផ្នែកអប់រំពាក់ព័ន្ធនានា ដោយសង្កេតឃើញថា កុមារា-កុមារី ដែលជាសិស្សានុ-សិស្ស បានប្រើប្រាស់នូវកាតចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីបង្ហាញដល់គណៈគ្រប់គ្រងសាលាសម្រាប់ការចូលរៀន នៅពេលដែលពួកគេបានចូលរៀន ដូចដែលសម្ដេតេជោ បានបង្ហោះរូបភាពកុមារាម្នាក់ នៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីព្រឹកមិញនេះ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា ប្រសិនបើយើងអនុញ្ញាតឲ្យប្រើប្រាស់ កាតចាក់វ៉ាក់សាំងច្បាប់ដើម ដើម្បីបង្ហាញគណៈគ្រប់គ្រងសាលាសម្រាប់ការចូលរៀនបែបនេះ នោះអាចធ្វើឲ្យប័ណ្ណ ឬកាតចាក់វ៉ាក់សាំងរងការខូចខាត ឬបាត់បង់ជាដើម។ ម្យ៉ាងទៀតកុមារា-កុមារី ដែលនៅតូចៗ អាចខ្វះការថែទាំ ហើយប្រសិនបើមានមេឃភ្លៀងទៀតនោះ នឹងធ្វើឲ្យខូចខាតមិនខាន។
ក្នុងន័យនេះសម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យមានការពិចារណា គប្បីប្រើប្រាស់ប័ណ្ណ ឬកាតចាក់វ៉ាក់សាំង ដែលជាឯកសារថតចម្លង ហើយឯកសារច្បាប់ដើម យកទៅរក្សាទុកនៅផ្ទះរបស់ពួកគេរៀងៗ ខ្លួន ហើយប័ណ្ណ ឬកាតចាក់វ៉ាក់សាំង ដែលថតចម្លង អាចឲ្យកុមារា-កុមារី យកទៅប្រើប្រាស់នៅពេលពួកគេ ចូលរៀន។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «ធ្វើយ៉ាងដូច្នេះ ដើម្បីចៀសវាងការបាត់ប័ណ្ណ ឬខូចខាតប័ណ្ណ ច្បាប់ដើម ដូច្នេះខ្ញុំសូមស្នើឲ្យឯកឧត្ដម រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាអភិបាលខេត្ត-រាជធានី ធ្វើការពិនិត្យ ហើយខិតខំដោះស្រាយបញ្ហានេះ យើងអាចថតចម្លងជាស ខ្មៅ ឬក៏ពណ៌ ដោយសុំឲ្យលោកគ្រូ-អ្នកគ្រូ សាលានីមួយៗ ជួយរៀបចំថត គ្រួសារនីមួយៗ ដែលមានលទ្ធភាពថត ក៏សូមថត ហើយក្នុងករណី ដែលគ្រួសារពុំមានលទ្ធភាពថតទេ អាចឲ្យសាលាជួយថត សម្រាប់ឲ្យសិស្សប្រើប្រាស់នូវកាតចាក់វ៉ាក់សាំងនេះ»៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?