ព័ត៌មានជាតិ
កម្ពុជាមិនយកថ្លៃធ្វើតេស្តរហ័ស ដល់អ្នកដំណើរចូលមកកម្ពុជាទេ
ប្រទេសកម្ពុជាមិនយកកម្រៃសេវាធ្វើតេស្តរហ័សរកជំងឺកូវីដ១៩ ដល់អ្នកដំណើរខ្មែរនិងបរទេសដែលធ្វើដំណើរចូលមកប្រទេសកម្ពុជានោះទេ។
លោកស្រី វេជ្ជបណ្ឌិត យក់សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍នៅព្រលានយន្តហោះភ្នំពេញអន្តរជាតិ នៅល្ងាចថ្ងៃទី១៥វិច្ឆិកាពេលអញ្ជើញទៅទទួលវ៉ាក់សាំងAstrazenecaជាង៣២ម៉ឺនដូសទៀតផ្ដល់តាមរយៈយន្ដការកូវ៉ាក់ថា ក្រោយពីទទួលបានអនុសាសន៍ណែនាំពីសម្តេចតេជោនាយករដ្ឋមន្ត្រីក្រុមការងារបានចាប់ផ្តើមអនុវត្តនៅថ្ងៃនេះតទៅហើយដោយបានធ្វើតេស្តរហ័សដល់ភ្ញៀវចូលនិងអ្នកកំពុងធ្វើចត្តាឡីស័កហើយ។

លោកស្រីបានបន្តថា« នៅចំពោះមុខនេះមិនមានគោលការណ៍ណាមួយឱ្យបង់ប្រាក់នោះទេប្រមុខរដ្ឋាភិបាលអនុញ្ញាតធ្វើតេស្តដល់ប្រជាពលរដ្ឋនិងជនបរទេសដោយមិនមានការបង់លុយកាក់ទេហើយនិន្នាការទៅមុខទៀតក្រុមការងារនិងគណៈកម្មការអន្តរក្រសួងនឹងពិនិត្យពិចារណាថាតើការធ្វើតេស្តរហ័សនេះនឹងគិតក្នុងកម្រៃយ៉ាងណានោះលុះត្រាមានការសម្រេចពីក្រសងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងការសម្រេចដ៏ខ្ពង់ខ្ពស់ពីប្រមុខរដ្ឋាភិបាល»។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានអះអាងថា អ្នកដំណើរចូលមកប្រទេសកម្ពុជាទាំងបរទេសនិងខ្មែរដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួនរួចរាល់មិនតម្រូវឲ្យធ្វើចត្តាឡីស័កនោះទេ។
លោករដ្ឋមន្ត្រីបានបន្តថា បើទោះបីមិនតម្រូវឲ្យធ្វើចត្តាឡីស័ក សម្រាប់អ្នកចាក់វ៉ាក់សាំងហើយក៏ពិតមែន ប៉ុន្ដែត្រូវបំពេញកាតព្វកិច្ចមួយទៀត គឺការយកសំណាកដោយប្រើប្រាស់ឧបករណ៍តេស្ដរហ័សនៅក្នុងរយៈពេល១៥ទៅ២០នាទី។ បន្ទាប់ពីលទ្ធផលតេស្តអវិជ្ជមានបុគ្គលនោះអាចធ្វើដំណើរបានដោយសេរីនៅទូទាំងប្រទេសកម្ពុជាដោយមិនកម្រិតតំបន់ ឬ ខេត្តក្រុងនោះទេនិងមិនតម្រូវឱ្យធ្វើចត្តាឡីស័កឡើយ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ចំពោះអ្នកដំណើរដែលមិនបានចាក់វ៉ាក់សាំងហើយធ្វើដំណើរចូលមកប្រទេសកម្ពុជាត្រូវឆ្លងកាត់ការធ្វើតេស្តរកកូវីដ១៩ដោយម៉ាស៊ីនPCRនិងត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ស្របទៅតាមនីតិវិធីជាធរមាន។
លោករដ្ឋមន្ត្រីបានបន្តទៀតថា អ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ហើយកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័ក, សណ្ឋាគារ និងគេហដ្ឋាន នៅទូទាំងប្រទេស និងដែលមិនមានវិជ្ជមានកូវីដ-១៩ ត្រូវអនុញ្ញាតឲ្យចេញពីការធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃ១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ។

តាមរយៈសារសំឡេងពិសេសកាលពីរសៀលថ្ងៃម្សិលមិញ សម្តេចតេជោហ៊ុនសែនបានមានប្រសាសន៍ថា យើងចាំបាច់កែប្រែការអនុវត្តការធ្វើចត្តាឡ័ស័កដែលបច្ចុប្បន្នអនុវត្តចំពោះអ្នកចាក់វ៉ាក់សាំងបានពីរដូស ពេលមកដល់កម្ពុជាត្រូវធ្វើចត្តាឡីស័កចំនួន៧ថ្ងៃ។ ចំណែកធុរជននិងគណៈប្រភូខ្មែរត្រឡប់មកពីបរទេសធ្វើ៣ថ្ងៃ និងត្រៀមអនុវត្តចំពោះអ្នកទេសចរវ៉ាក់សាំងត្រូវធ្វើ៥ថ្ងៃនៅតំបន់ដែលខ្លួនស្នាក់នៅ។
សម្តេចតេជោបានបន្តថា សម្រាប់អ្នកដែលចាក់វ៉ាក់សាំងរួចទាំងជនជាតិខ្មែរនិងបរទេសចូលមកកម្ពុជាធ្វើដំណើរតាមផ្លូវអាកាស ផ្លូវទឹកនិងផ្លូវគោកមិនតម្រូវឱ្យធ្វើចត្តាឡីស័កទៀតទេប៉ុន្តែត្រូវយកសំណាករកមេរោគកូវីដ១៩ដោយឧបករណ៍តេស្តរហ័សដោយត្រូវរង់ចាំត្រឹម១៥ទៅ២០នាទីប៉ុណ្ណោះ។ បើលទ្ធផលតេស្តអវិជ្ជមានបងប្អូនមានលទ្ធភាពចេញដំណើរទៅកាន់កន្លែងណាមួយក្នុងក្របខណ្ឌទូទាំងប្រទេសដោយគ្មានការកំណត់ទៅតាមចំណង់ចំណូលចិត្តតែម្តង។
សម្តេចបានបន្តថា ចំពោះអ្នកដែលមិនបានចាក់វ៉ាក់សាំងត្រូវធ្វើធ្វើចត្តាឡីស័ក១៤ថ្ងៃនិងធ្វើតេស្តដោយម៉ាស៊ីនPCRដដែល។ សម្តេចបានបញ្ជាក់ថា ការអនុវត្តនេះដោយគ្មានការរើសអើងទាំងបងប្អូនខ្មែររស់នៅបរទេស អ្នកធុរកិច្ច ជនបរទេសគឺអនុវត្តដូចៗគ្នា៕
ដោយ ៖ សំអឿន

-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


