ព័ត៌មានជាតិ
ឯកសារសំខាន់ៗចំនួន ៣ ត្រូវបានអនុម័ត នៅក្នុងកិច្ចប្រជុំកំពូល ASEM13 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
ប្រទេសកម្ពុជាបានរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) ក្រោមមូលបទ “ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួម” នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូលនេះ ដោយមានការអញ្ជើញចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ឬតំណាងជាន់ខ្ពស់នៃបណ្តាប្រទេសដៃគូ ASEM ប្រធានក្រុមប្រឹក្សាអឺរ៉ុប ប្រធានគណៈកម្មការអឺរ៉ុប និងអគ្គលេខាធិការអាស៊ាន។

នៅក្នុងកិច្ចប្រជុំកំពូលនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ កិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) បានក្លាយជាវេទិកាដ៏មានសារសំខាន់មួយ ក្នុងការភ្ជាប់ទំនាក់ទំនងអាស៊ី និងអឺរ៉ុប ព្រមទាំងលើកកម្ពស់ភាពជាដៃគូរវាងទ្វីបទាំងពីរ។
សម្រាប់ដំណើរឆ្ពោះទៅអនាគតនាពេល ២៥ ឆ្នាំខាងមុខទៀត សម្តេច បានសង្កត់ធ្ងន់ថា ដៃគូ ASEM ចាំបាច់ត្រូវពង្រឹងការប្តេជ្ញាចិត្តទ្វេដងដើម្បីឈានទៅសម្រេចបានពហុភាគីនិយមប្រកបដោយប្រសិទ្ធភាព ការស្តារឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ ប្រកបដោយបរិយាប័ន្ន និងភាពធន់ និងធ្វើឱ្យ ASEM កាន់តែមានភាពលេចធ្លោ និងរឹងមាំនៅក្នុងអភិបាលកិច្ចសកល។

ដើម្បីសម្រេចបានគោលបំណងខាងលើនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអំពាវនាវឱ្យពង្រឹងកាន់តែស៊ីជម្រៅនូវការតភ្ជាប់អន្តរតំបន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនិងកំណើនរួមគ្នា ការលើកកម្ពស់ភាពជាដៃគូអន្តរតំបន់សម្រាប់អភិបាលកិច្ចសកល ប្រព័ន្ធពហុភាគីផ្អែកលើវិធានច្បាប់កាន់តែមានប្រសិទ្ធភាព តម្រូវការទាញផលប្រយោជន៍បន្ថែមទៀតពីនវានុវត្តន៍ ការតភ្ជាប់ ឌីជីថល និងបដិវត្តន៍ឧស្សាហកម្ម ៤.០ ការលើកកម្ពស់ភាពលេចធ្លោនិងភាពពាក់ព័ន្ធ ASEM និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដោះស្រាយបញ្ហាពហុវិស័យនានា ជាអាទិ៍ បម្រែបម្រួលអាកាសធាតុ ភាពក្រីក្រ ការលើកកម្ពស់សិទ្ធិអំណាចស្ត្រី និងបញ្ហាប្រឈមឆ្លងដែនផ្សេងៗទៀត។
ថ្នាក់ដឹកនាំ ASEM បានបានកោតសរសើរកម្ពុជា ដែលបានរៀបចំមហោស្រពវប្បធម៌ ASEM ដើម្បីបង្ហាញពីភាពដ៏សម្បូរបែបនៃគំនិតច្នៃប្រឌិតសិល្បៈ និងភាពចម្រុះសិល្បៈ នៅអាស៊ីនិងអឺរ៉ុប ព្រមទាំងផ្តួចផ្តើមឱ្យមានវេទិកា ស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃនេះ ថ្នាក់ដឹកនាំ ASEM បានផ្លាស់ប្តូរទស្សនៈត្រង់ទៅត្រង់មក ឥតលាក់លៀមទៅលើបញ្ហាជាច្រើន ដែលជាក្តីបារម្ភ និងផលប្រយោជន៍រួម។
នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូល ថ្នាក់ដឹកនាំ ASEM បានអនុម័តឯកសារលទ្ធផលសំខាន់ៗចំនួន៣នៃកិច្ចប្រជុំកំពូល ASEM13 គឺទី១, សេចក្តីថ្លែងការណ៍ប្រធានអង្គប្រជុំ ASEM13 ទី២, សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ស្តីពីការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញក្រោយជំងឺកូវីដ-១៩ និងទី៣, ឯកសារសកម្មភាពអនាគត ស្តីពីការតភ្ជាប់ ASEM។
ថ្នាក់ដឹកនាំ ASEM បានសម្តែងការកោតសរសើរខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំកិច្ចប្រជុំកំពូលនេះបានយ៉ាងល្អឥតខ្ចោះ និងបានអបអរសារទរដ៏ស្មោះស្ម័គ្រជូន សម្តេចតេជោនាយករដ្ឋមន្រ្តី ចំពោះការដឹកនាំកិច្ចប្រជុំកំពូលនេះយ៉ាងជោគជ័យ៕
អត្ថបទៈ កោះកែវ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
កីឡា២២ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


