ព័ត៌មានជាតិ
អាជ្ញាធរមីនកំពុងពន្លឿនឱ្យកម្ពុជា ចាកផុតពីគ្រាប់មីនឱ្យបានឆាប់
រាជរដ្ឋាភិបាលកម្ពុជា កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ ប្រទេសជាមិត្ត និងអង្គការសប្បុរសធម៌នានា ក្នុងការពន្លឿនឱ្យកម្ពុជារួចចាកផុតទុក្ខពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជាឲ្យបានឆាប់។

លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន រួមជាមួយ លោកស្រី Tina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា បានចុះទស្សនកិច្ចសិក្សាស្វែងយល់អំពីវឌ្ឍនភាពការងារបោសសម្អាតគ្រាប់បែកចង្កោមរបស់អង្គការ MAG នៅស្រុកវើនសៃ នៅខេត្តរតនគិរី ដោយមានការអញ្ជើញចូលរួមពី លោក ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ផងដែរ។
អង្គការ MAG បានទទួលស្វាគមន៍គណៈប្រតិភូយ៉ាងកក់ក្តៅ ដោយបានរៀបចំឲ្យមានការធ្វើបទបង្ហាញអំពីលទ្ធផលសម្រេចបាន ការអប់រំយល់ដឹងអំពីគ្រាប់មិនទាន់ផ្ទុះនៅតាមសហគមន៍ជនជាតិភាគតិច ការស្រាវជ្រាវចម្ការគ្រាប់ចង្កោម និងកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់បែកចង្កោមនៅទឹកដីខេត្តរតនគិរី។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជននៃចក្រភពអង់គ្លេស ដែលបាននិងកំពុងចូលរួមជួយដល់ការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ដើម្បីផ្តល់ដីមានសុវត្ថិភាព ជួយសង្រ្គោះជីវិតមនុស្ស និងបង្កើនកំរិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ហើយលោកទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា បេសកកម្មរបស់លោកជំទាវឯកអគ្គរាជទូតនាថ្ងៃនេះ គឺដើម្បីសិក្សាស្វែងយល់បន្ថែមអំពីវឌ្ឍនភាពការងារបោសសម្អាតគ្រាប់បែកចង្កោមរបស់អង្គការ MAG លើទឹកដីខេត្តរតនគិរី ដែលជាខេត្តរងផលប៉ះពាល់ខ្លាំងជាងគេដោយសារគ្រាប់បែកចង្កោម។

លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ ប្រទេសជាមិត្ត និងអង្គការសប្បុរសធម៌នានា ក៏ដូចចក្រភពអង់គ្លេស ក្នុងគោលដៅពន្លឿនឱ្យកម្ពុជារួចចាកផុតទុក្ខពីគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមឲ្យបានឆាប់ ក៏ដូចជាកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីននិងគ្រាប់មិនទាន់ផ្ទុះឲ្យនៅកំរិតអប្បបរមា និងឈានទៅលប់បំបាត់ឲ្យអស់គ្រាប់មីនពីទឹកដីកម្ពុជានៅឆ្នាំ ២០២៥។

លោកជំទាវ Tina Redshaw បានមានប្រសាសន៍ថា ចក្រភពអង់គ្លេស បានផ្តល់ជំនួយជួយដល់អង្គការ MAG ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាធ្វើការបោសសម្អាតមីន ផ្តល់ដីមានសុវត្ថិភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅទីជនបទ ព្រមទាំងបានផ្តល់សារអប់រំផ្សេងៗក្នុងគោលដៅបង្កើនការយល់ដឹងអំពីគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ហើយលោកស្រីសង្ឃឹមថា ប្រជាពលរដ្ឋដែលបានទទួលសារអប់រំនាថ្ងៃនេះ នឹងផ្សព្វផ្សាយណែនាំបន្តដល់ក្រុមគ្រួសារ និងញាតិមិត្តរបស់ខ្លួន។
ក្នុងឱកាសនោះ លោកស្រីបានបញ្ជាក់បន្ថែមថា ចក្រភពអង់គ្លេស ក៏ដូចជាម្ចាស់ជំនួយដទៃទៀត នឹងបន្តចូលរួមជួយបោសសម្អាតមីនឲ្យអស់ពីទឹកដីកម្ពុជា៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


