ព័ត៌មានជាតិ
រដ្ឋមន្រ្តីសាធារណការ ឲ្យមន្រ្តីជិះកង់ ពិនិត្យគុណភាពផ្លូវអ៊ុតកៅស៊ូរួច
គម្រោងស្ថាបនាផ្លូវ ៣៨ ខ្សែនៅ ក្រុងសៀមរាប សម្រេចបានជាង ៩២ %។ ខណៈការដ្ឋានស្ថាបនាផ្លូវទាំង ៣៨ ខ្សែនឹងបញ្ចប់នៅ ពេលដ៏ខ្លីខាងមុខនេះ លោករដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានណែនាំឲ្យមន្រ្តីបច្ចេកទេសចុះពិនិត្យផ្លូវដែលបានអ៊ុតកៅ ស៊ូរួច ដើម្បីធានាគុណភាពប្រើប្រាស់។

កាលពីម្សិលមិញនេះ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានប្រចាំការនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្នុងក្រុងសៀមរាប បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅ ក្រុងសៀមរាប ក្នុងគោលបំណងដើម្បីពិនិត្យគុណភាពនៃការសាងសង់ ជំរុញឱ្យអង្គភាពសាងសង់ អនុវត្តតាមលក្ខណៈបច្ចេកទេស សៀវភៅ បន្ទុកឱ្យបានត្រឹមត្រូវ និងស្តង់ដារពោលគឺធ្វើផ្លូវឱ្យមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង និងបញ្ចប់តាមផែនការគ្រោងទុក។



ក្នុងដំណើរចុះពិនិត្យស្ថានភាពនៃការសង់សង់នាពេលនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានអញ្ជើញធ្វើដំណើរដោយថ្មើរជើងដឹកនាំក្រុមជំនាញបច្ចេកទេសពាក់ព័ន្ធ ចុះពិនិត្យបច្ចេកទេសនៃការអ៊ុតកៅ ស៊ូបេតុង(AC) ការដាំកូនរុក្ខជាតិលម្អសោភ័ណភាពនៅតាមបណ្ដោយទ្រូងផ្លូវ ការអ៊ុតភ្ជាប់មុខតំណបេតុងកៅ ស៊ូ គំនូសសញ្ញាចរាចរណ៍ គំនូសចែកទ្រូងផ្លូវ រង្វង់មូលព្រះរាជដំណាក់ ខឿនចិញ្ចើមផ្លូវ គំនូសសញ្ញាចរាចរណ៍សម្រាប់អ្នកថ្មើរជើង ការដាំស្មៅ និងផ្កាលំអសួន និងការដាំបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារជំនាញបច្ចេកទេសរបស់អង្គភាពសាងសង់ទាំងអស់ជិះកង់ ឬដើរត្រួតពិនិត្យគុណភាពផ្លូវដែលបានអ៊ុតកៅ ស៊ូរួច ដើម្បីធានាបាននូវគុណភាពរឹងមាំប្រើប្រាស់ជាប់បានយូរអង្វែង។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានសំណូមពរឱ្យក្រុមការងារជំនាញបច្ចេកទេសពាក់ព័ន្ធពិនិត្យលទ្ធភាពដាំផ្កាមុខផ្លូវចូលទៅ កាន់ប្រាសាទអង្គរវត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ស័ក្តិសមជាមជ្ឈមណ្ឌលវប្បធម៌ ប្រវត្តិសាស្រ្ត ក៏ដូចជាជួយបង្កើនសោភ័ណភាពថែមមួយកម្រិតទៀត និងត្រូវយកចិត្តទុកដាក់លើការដឹកជញ្ជូនកៅស៊ូស្រោចផ្លូវឱ្យបានហ្មត់ចត់ទៅកាន់ការដ្ឋាន ជៀសវាងកុំឱ្យស្រក់នៅតាមដងផ្លូវ ធ្វើឱ្យបាត់បង់សោភ័ណភាពផ្លូវ ដែលបានស្ថាបនារួច។


បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានអញ្ជើញចុះពិនិត្យមើលស្ពានដែលបានសាងសង់ឆ្លងកាត់ដងស្ទឹងសៀមរាប ផងដែរ និងបានស្នើឱ្យអ្នកជំនាញបច្ចេកទេសក្រោមឱវាទលាបថ្នាំពណ៌ដូចគ្នាលើតួស្ពាន និងបង្កាន់ដៃស្ពានចំនួនប្រាំកន្លែង។ជាលទ្ធផលនៃការត្រួតពិនិត្យ ទាក់ទងនឹងការអ៊ុតបេតុងកៅ ស៊ូ ឯកឧត្តមទេសរដ្ឋមន្ត្រី បានពិនិត្យឃើញបញ្ហាកំហុសបច្ចេកទេសបន្តិចបន្តួចក្នុងអំឡុងពេលធ្វើការអ៊ុតកៅ ស៊ូ និងបានណែនាំឱ្យក្រុមការងារបច្ចេកទេសរបស់អង្គភាពសាងសង់ ក៏ដូចជាអ្នកជំនាញបច្ចេកទេសពាក់ព័ន្ធធ្វើការកែតម្រូវឱ្យបានសមស្របទៅនឹងស្តង់ដាបច្ចេកទេសនៃការសាងសង់។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា វឌ្ឍនភាពគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាបនេះ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១ សម្រេចបាន៩២,៧២%នៃទំហំការងារសរុប។ គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀមរាបចំនួន៣៨ ខ្សែ នេះ មានប្រវែងសរុប ១០៦,៤២ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩ ២១៦ ៥៩៥ ដុល្លារអាមេរិក ដោយក្នុងនោះចំនួន៩លានដុល្លារអាមេរិកចំណាយលើការងារចាំបាច់ក្នុងការរៀបចំ ស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ចំណាយ ពេលសាងសង់ចំនួន១៣ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


