Connect with us

ព័ត៌មានជាតិ

លោកស្រី ឱ វណ្ណឌីន៖ អាចនឹងមានការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ដូសទី៥

បានផុស

នៅ

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នៅ ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២១ នេះមានប្រសាសន៍ថា មិនត្រឹមតែចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ទេ គឺអាចនឹងចាក់ដល់ដូសទី៥ ដែលប្រហែលជាដូសទី៤ត្រូវចាក់នៅ ឆ្នាំ២០២២ សម្រាប់អ្នកដែលបានចាក់ដូសទី៣ បានរយៈពេលអាចពី៦ខែទៅ ១ឆ្នាំ តែចំណុចនេះត្រូវមានភាពច្បាស់លាស់នៅ ពេលណាមានភាពបកស្រាយ ឬការសិក្សាអ្វីបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន មានប្រសាសន៍បញ្ជាក់ថា៖ “ប៉ុន្តែចំណុច១ដែលខ្ញុំគិតថា ប្រាកដ ការចាក់វ៉ាក់សាំងដូសទី៤ នឹងត្រូវចាក់ហើយ គ្រាន់តែមិនទាន់ដឹងថា ចាក់នៅ ថ្ងៃណា ​ហើយក្រោយពីដូសទី៤ទៅ ដូសទី៥ នឹងមាន ប្រសិនបើមានការលើកឡើងថា ៦ខែត្រូវចាក់វ៉ាក់សាំងកូវីដ ១៩ម្ដង ឬក៏១ឆ្នាំត្រូវចាក់ម្ដង។ គេកំពុងសិក្សា”។

រដ្ឋលេខាធិការក្រសួងសុខាភិបាល ខាងលើ បានបញ្ជាក់បន្ថែមថា ទោះបី ៦ខែចាក់ម្ដង ឬ១ឆ្នាំចាក់ម្ដង ក៏ត្រូវតែចាក់ ដូចចាក់វ៉ាក់សាំងផ្ដាសាយធម្មតា ដែលគេ​​ត្រូវចាក់១ឆ្នាំម្ដង។

ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ដដែលនេះ មានប្រសាសន៍ថា  ក្រសួងសុខាភិបាល បានផ្ដល់ឱកាសដល់វិស័យឯកជនដើម្បីផ្ដល់សេវាចាក់វ៉ាក់សាំងកូវីដ១៩នេះដែរ ដែលប្រជាពលរដ្ឋមានជម្រើសស្វែងរកសេវាចាក់វ៉ាក់សាំងកូវីដ១៩​ នៅ ពេលណាវិស័យឯកជនអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងមានការរក្សាទុកដាក់វ៉ាក់សាំងតាមបច្ចេកទេសត្រឹមត្រូវ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៨ ខែឆ្នូ ឆ្នាំ២០២១ តាមកំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅ កម្ពុជា លើប្រជាជនអាយុពី ១៨ ឆ្នាំឡើង មាន ១០១,១៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់។ លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅ ក្រោម ១៨ ឆ្នាំ មាន ៩៨,៨៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១ ៨២៧ ៣៤៨ នាក់។ លើកុមារអាយុពី ០៦ ឆ្នាំ ដល់ក្រោម ១២ ឆ្នាំ មាន ១០៤,៧៤ % ធៀបជាមួយនឹងប្រជាជនគោលដៅ ១ ៨៩៧ ៣៨២ នាក់។ លើកុមារអាយុ ០៥ ឆ្នាំ មាន ៩២,៩១% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤ ៣១៧ នាក់។ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់  មាន ៨៨,៦៩%៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម