Connect with us

ព័ត៌មានជាតិ

​ក្រសួង​នឹង​ចាត់ការ​តាមច្បាប់​ចំពោះប្រតិបត្តិករ​ណា​ពុំបានកែលម្អ​គុណភាព​សេវាអ៊ីនធឺណិត​ និង​ទូរសព្ទ​តាមបុរី

បានផុស

នៅ

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានធ្វើការព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះប្រតិបត្តិករណាដែលពុំមានការកែលម្អគុណភាពសេវាអ៊ីនធឺណិត និងសេវាទូរសព្ទនៅតាមបុរីឱ្យបានល្អប្រសើរទេនោះ។

ការព្រមាននេះបានធ្វើឡើងបន្ទាប់ពីមានបងប្អូនប្រជាពលរដ្ឋរស់មៅតាមបុរីជាច្រើនបានរអ៊ូរទាំពីសេវាទូរសព្ទចល័ត សេវាអ៊ិនធឺណិតមានការរអាក់រអួល ឬមិនមានសេវាដែលធ្វើឱ្យរំខាន និងរាំងស្ទះដល់ការប្រកបការងារប្រចាំថ្ងៃរបស់ពួកគាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែងថ្មីៗនេះ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅបុរី ប៉េងហួត ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីរកដំណោះស្រាយក្នុងការលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការជួបប្រទះបញ្ហាប្រឈមទាក់ទង នឹងសេវាទូរសព្ទចល័ត បានធ្វើឱ្យប៉ះពាល់ដល់ការធ្វើការ ការប្រកបអាជីវកម្ម ក៏ដូចជាការសិក្សាក្នុងអំឡុងពេលកូវីដ-១៩។ បញ្ហាគុណភាពសេវានេះ មានជាច្រើនឆ្នាំមកហើយ ជាពិសេសនៅពេលមានកំណើនលំនៅឋាន និងប្រជាពលរដ្ឋ។

លោករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ជាដំណោះស្រាយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានបំពាក់ឧបករណ៍វាស់ស្ទង់គុណភាពសេវា បង្កើតក្រុមការងារដោះស្រាយបញ្ហាផ្ទាល់នៅតាមបុរី និងសហការជាមួយម្ចាស់បុរី ព្រមទាំងប្រតិបត្តិករទូរគមនាគមន៍ដើម្បីដោះស្រាយបញ្ហាប្រឈមជាក់ស្ដែងនីមួយៗ ក្នុងគោលដៅបង្កើនប្រសិទ្ធភាព និងពង្រឹងគុណភាពសេវាទូរសព្ទចល័ត និងសេវាអ៊ីនធឺណិតឱ្យបានល្អប្រសើរ។

លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា ក្នុងនោះផងដែរក្រុមការងារនឹងសាងសង់បង្គោលអង់តែនបន្ថែមជាច្រើនទៀត ហើយត្រូវមានប្រតិបត្តិករចំនួន ៣ប្រើប្រាស់រួមគ្នាលើបង្គោលតែមួយ ដែលមានទម្រង់ជាដើមឈើ ប្រកបដោយសោភ័ណភាព។

លោក រដ្ឋមន្ត្រី បានសន្យាថានឹងត្រលប់មកទីតាំងដដែលនេះវិញ ក្នុងរយៈពេល ៣ខែក្រោយ ដើម្បីពិនិត្យមើលគុណភាពសេវាអ៊ីនធឺណិត និងសេវាទូរសព្ទទាំងអស់ ហើយប្រសិនបើពុំមានការកែលម្អគុណភាបសេវាទាំងអស់នេះទេ ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម