Connect with us

ព័ត៌មានជាតិ

លោក​ ជិន ម៉ាលីន ៖ ការចាប់ខ្លួនអ្នកពាក់ព័ន្ធ នឹងសកម្មភាពតវ៉ានៅមុខណាហ្គា គឺដោយសារមានបទល្មើសកើតឡើង

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានអះអាងថា ការចាប់ខ្លួនក្រុមអ្នកញុះញង់ ឲ្យមានការប្រមូលផ្ដុំតវ៉ាដោ​យខុសច្បាប់ នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) គឺដោយសារតែមានបទល្មើសកើតឡើង ហើយសមត្ថកិច្ចមានភស្ដុតាងរឹងមាំ ដើម្បីអនុវត្តនីតិវិធី។

ការអះអាងនេះ បន្ទាប់ពីស្ថានទូតអាមេរិកប្រចាំកម្ពុជា បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន នៅរសៀលថ្ងៃនេះថា ពួកគេកំពុងធ្វើការតាមដាន យ៉ាងយកចិត្តទុកដាក់ នូវការចាប់ខ្លួនសមាជិកសហជីព​ នៃបុគ្គលិក កម្មករ នៃកាស៊ីណូណាហ្គាវើលដ៍ ដោយសារតែការបញ្ចេញមតិ ​ដោយសន្តិវិធីរបស់ពួកគេ និងស្នើឲ្យអាជ្ញាធរស្តាប់ពីពលរដ្ឋ មិនមែនបំបិទសម្លេងរបស់គេទេ។ ស្ថានទូតអាមេរិក បានលើកឡើងថា «សេរីភាព​ក្នុងការបញ្ចេញមតិ ក្នុងការប្រមូលផ្តុំគ្នា និងក្នុងការចងក្រងគ្នាជាក្រុម សមា​គម​ ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ ​នៃប្រទេសកម្ពុជា»។

លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅ​ល្ងាចថ្ងៃទី ៤ ខែមករានេះថា ការតាមដាន ឬការឃ្លាំមើល ទៅលើករណីខាងលើនេះ គឺជាសិទ្ធិសេរីភាព របស់បុគ្គលគ្រប់រូប​ រួមទាំងស្ថានទូតអាមេរិក ផងដែរ។ ប៉ុន្តែការចាប់ខ្លួន បុគ្គលពាក់ព័ន្ធនឹងករណីញុះញង់ ឲ្យមានការប្រមូលផ្ដុំតវ៉ាដោយខុសច្បាប់ នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) គឺដោយសារតែមានបទល្មើសកើតឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជិន ម៉ាលីន មានប្រសាសន៍ថា «ការតាមដាន ការឃ្លាំមើលអីហ្នឹង វាជាសិទ្ធិរបស់គាត់ទេ ជនគ្រប់រូបមានសិទ្ធិតាមដានឃ្លាំមើល ក៏ប៉ុន្តែគ្រាន់តែថា វិធានការច្បាប់តាមរយៈនីតិវិធី របស់តុលាការនេះ គឺដោយសារមានបទល្មើសកើតឡើង សមត្ថកិច្ចមានភស្ដុតាងមូលដ្ឋាន ផ្លូវច្បាប់រឹងមាំច្បាស់​លាស់ បញ្ជាក់ថា មានអំពើញុះញង់ ក្នុងចេតនាបង្កឲ្យមានភាពចលាចល ប៉ះពាល់ដល់សន្តិសុខសង្គម សណ្ដាប់ធ្នាប់សាធារណៈ ជាដើម»។

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌រូបនេះ បានបញ្ជាក់បន្ថែមថា ការចាប់ខ្លួនពួកគេទាំងនោះ មិនមែនជាការអនុវត្តសិទ្ធិសេរីភាពបញ្ចេញមតិ ឬក៏ដោយសារតែការធ្វើបាតុកម្ម ជួបជុំតវ៉ាដោយសន្តិវិធីតាមផ្លូវច្បាប់នោះទេ។ ប៉ុន្តែការចាប់ខ្លួននេះ ដោយសារតែពួកគេប្រព្រឹត្តបទល្មើស ដែលបំពានទៅនឹងច្បាប់ ហើយសមត្ថកិច្ច មានភស្ដុតាងមូលដ្ឋានច្បាស់លាស់ ក្នុងការដំណើរការនីតិវិធីតាមផ្លូវតុលាការ។

លោក ជិន ម៉ាលីន ក៏បានឲ្យដឹងដែរថា កម្លាំងសមត្ថកិច្ច បានធ្វើសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី ៤ ខែមករា ដោយបានបញ្ជាក់អំពីភស្ដុតាងមូលដ្ឋានរឹងមាំ ច្បាស់លាស់ក្នុងការអនុវត្តច្បាប់ និងដំណើរការនីតិវិធីតាមផ្លូវតុលាការ ដែលពាក់ព័ន្ធនឹងការញុះញង់ ក្នុងចេតនាបង្កឲ្យចលាចល នៅក្នុងសង្គម។

អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរូបនេះ បានបញ្ជាក់បន្ថែមទៀតថា «បើយើងមើលទៅតាមការបង្ហាញរបស់សមត្ថកិច្ច ពាក់ព័ន្ធភស្ដុតាងផែនការរៀបចំហ្នឹង មិនមែនជារឿងការអនុវត្តសិទ្ធិសេរីភាពបញ្ចេញមតិ ឬក៏ជួបជុំតវ៉ាដោយសន្តិវិធី វាទៅជាការរៀបចំផែនការក្នុងចេតនាមួយ បង្កភាពចលាចលដល់សន្តិសុខសង្គម សណ្ដាប់ធ្នាប់សាធារណៈ ហើយហាក់ដូចជាមានការៀបចំ អង្គការចាត់តាំងពីក្រៅប្រទេសអីមកទៀត តាមរយៈការឧបត្ថម្ភថវិកា រៀបចំផែនការ រៀបចំយុទ្ធសាស្រ្ដអីឲ្យទៀត វាមិនមែនជារឿងការជួបជុំតវ៉ា ដោយសន្តិវិធី ពាក់ព័ន្ធលក្ខខណ្ឌការងារអីទេ ហើយក៏មិនមែនជាការអនុវត្តសិទ្ធិសេរីភាពបញ្ចេញមតិ»។

សូមជម្រាបថា គិតមកដល់ពេលនេះ គឺកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ បានចាប់ខ្លួនអ្នកពាក់ព័ន្ធ ដែល​ញុះ​ញង់ឲ្យមានការប្រមូលផ្ដុំតវ៉ា ដោយខុសច្បាប់ នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) ចំនួន ៩នាក់មកហើយ។ ពួកគេទាំងនោះ សុទ្ធសឹង​តែមានដីកាបង្គាប់ឲ្យចាប់ខ្លួន ពីស្ថាប័នតុលាការ ហើយចំណោមពួកគេ ៦នាក់ ត្រូវបានតុលាការសម្រេចឲ្យឃុំខ្លួនហើយ។

នៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី ៤ ខែមករានេះ លោកឧត្ដមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងនគរបាលរាជ​ធានីភ្នំពេញ ទទួលផែនសន្តិសុខ បានឲ្យដឹងដែរថា ចំពោះការធ្វើសកម្មភាពតវ៉ា នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) រយៈពេល ១៣ថ្ងៃកន្លងមកនេះ គឺកម្លាំងសមត្ថកិច្ច បានប្រមូលនូវព័ត៌​មានជាច្រើន តាមរយៈវីដេអូ សំឡេងបែកធ្លាយ ​ចេញពីកិច្ចប្រជុំរបស់មេដឹកនាំសកម្មភាព តវ៉ាដោយខុសច្បាប់ ឈ្មោះ ឈឹម ស៊ីថរ។ តាមរយៈសំឡេង ដែលបែកធ្លាយនេះ ឈ្មោះ ឈឹម ស៊ីថរ និងបក្ខពួក បានញុះញ៉ង់ឲ្យអតីតបុគ្គលិក នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) ធ្វើការខឹងសម្បារ និងឲ្យមានការប៉ះទង្គិចជា​មួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីឲ្យកើតមានព្រឹត្តិការណ៍កើតឡើង។  

លោកឧត្ដមសេនីយ៍ទោ ប៊ុន សុសិក្ខា បានឲ្យដឹងបន្ថែមថា បន្ទាប់ពីកម្លាំងសមត្ថកិច្ច បានប្រមូលនូវព័ត៌មានគ្រប់ជ្រុយជ្រោយរួចមក គឺបានស្នើសុំគោលការណ៍ពីអគ្គស្នងការនគរបាល និងស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួលពីព្រះរាជអាជ្ញា នៃសាលាដំបូងរាជធានីភ្នំពេញ ទើបឈានដល់ការឃាត់ខ្លួន ក្រុមមេដឹកនាំសកម្មភាពតវ៉ាចំនួន ៩នាក់ នៅទីស្នាក់ការសហជីពរបស់ពួកគេ។

នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ច បានរកឃើញវត្ថុតាងមួយចំនួន ដូចជា៖ កុំព្យូទ័រ, ទូរស័ព្ទដៃ, និងសម្ភារៈមួយចំនួនទៀត ដែលមប្រើឲ្យសកម្មភាពតវ៉ាដោយខុសច្បាប់ នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World)។ បន្ទាប់មកសមត្ថកិច្ចជំនាញ បានធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវលើវត្ថុតាងទាំងនោះ រហូតរកឃើញថា សកម្មភាពរបស់ពួកគេ មានការឧបត្ថម្ភថវិកាពីក្រៅប្រទេស និងមានអង្គការចំនួន៣ គាំទ្រ ដែល ២អង្គការនៅក្នុងប្រទេស និង ១អង្គការទៀតនៅក្រៅប្រទេស។ នៅក្នុងនោះដែរ សមត្ថកិច្ច ក៏បានរកឃើញឯកសារ ដែលជាផែនការរបស់ក្រុមអង្គការទាំងនោះ ដាក់ទៅឲ្យមេដឹកនាំចលនាខុសច្បាប់ ធ្វើជាដំណាក់កាលៗ និងទម្លាក់ថវិកាជាដំណាក់កាលៗ ផងដែរ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម