ព័ត៌មានជាតិ
ជប៉ុនវិនិយោគ កែច្នៃសំបកគ្រាប់ស្វាយចន្ទីជាកំប៉ុង ថង់ កែវ ទុយូ ប្រអប់
ក្រុមហ៊ុនរបស់ជប៉ុនបានជួបរដ្ឋមន្រ្តីក្រសួងកសិកម្ម ដោយលើកពីគម្រោងវិនិយោគដាំដុះស្វាយចន្ទី និងសាងសង់រោងចក្រកែច្នៃសំបកគ្រាប់ស្វាយចន្ទីជាសម្ភារប្រើប្រាស់ផ្សេងៗ។
ក្នុងជំនួបជាមួយរដ្ឋមន្រ្តីក្រសួងកសិកម្មកាលពីម្សិលមិញនេះ លោក Akira Taniguchi នាយកក្រុមហ៊ុន YEBISS HOLDINGS បានឲ្យដឹងថា ក្រុមហ៊ុនមានគម្រោងវិនិយោគលើដំណាំស្វាយចន្ទីលើផ្ទៃដី ១០០០ហត ក្នុងខេត្តព្រះវិហារ។

ប្រធានក្រុមហ៊ុនជប៉ុនបន្តថា ការវិនិយោគនេះមានគោលបំណងសំខាន់៣ គឺ ៖ ទី១- បង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីសម្រាប់នាំចេញទៅកាន់ទីផ្សារជប៉ុន និងទីផ្សារអន្តរជាតិផ្សេងទៀត ទី២- កែច្នៃសំបកគ្រាប់ស្វាយចន្ទីជាប្រេង ដើម្បីយកទៅកែច្នៃធ្វើជាសម្ភារប្រើប្រាស់ដូចជាកំប៉ុង ថង់ កែវ ទុយូ ប្រអប់ ជំនួសឲ្យវត្ថុប្លាស្ទីកដែលកំពុងបំផ្លាញបរិស្ថាន។
បើតាមការបញ្ជាក់របស់លោក Akira Taniguchi ផលិតផលជាកំប៉ុង ដប ថង់ ដែលផលិតចេញជាប្រេងពីសំបកគ្រាប់ស្វាយចន្ទី នឹងអាចរលាយយ៉ាងងាយស្រួលបំផុតទៅក្នុងដី ក្រោយពេលបានប្រើប្រាស់រួច។

ជាការឆ្លើយតប លោក វេង សាខុន បានគាំទ្រចំពោះការវិនិយោគរបស់ក្រុមហ៊ុនលើផលិតកម្មគ្រាប់ស្វាយចន្ទី កែច្នៃ និងនាំចេញ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានបង្ហាញពីសក្តានពលនៃដំណាំស្វាយចន្ទី ទិន្នផលប្រមូលបាន និងបរិមាណនាំចេញ ជាពិសេសថ្មីៗនេះមានក្រុមហ៊ុនក្នុងស្រុកមួយ សហការជាមួយក្រុមហ៊ុនជប៉ុនបាននាំចេញផលិតផលស្វាយចន្ទីកែច្នៃរួចចេញទៅកាន់ទីផ្សារជប៉ុន ហើយផលិតផលនេះត្រូវបានដាក់តាំងបង្ហាញ និងមានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនជប៉ុនទៀតផង។
លោករដ្ឋមន្ត្រីបន្ថែមថា គម្រោងវិនិយោគនេះនឹងនាំមកនូវពហុប្រយោជន៍យ៉ាងច្រើនដល់កសិករ សហគមន៍ និងចម្ការស្វាយចន្ទី តាមរយ:ការផ្សព្វផ្សាយបច្ចេកទេស ពូជ ជី និងថ្នាំសម្លាប់សត្វល្អិតចង្រៃ ជាពិសេសប្រើប្រាស់អស់លទ្ធភាពនូវវត្ថុធាតុដើមដ៏មានតម្លៃមួយនេះ បង្កើតការងារ និងបង្កើនប្រាក់ចំណូល ដែលនេះប្រាកដជានឹងចូលរួមបង្កើនសេដ្ឋកិច្ចគ្រួសារ ឆ្លើយតបតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ ២០៣០ និង២០៥០។

យ៉ាងណា លោករដ្ឋមន្រ្តីបានផ្តល់យោបល់ឲ្យក្រុមហ៊ុន បង្កើតរោងចក្រជាជំហានដំបូង ជាការសាកល្បងប្រើប្រាស់វត្ថុធាតុដើម (សំបក) បន្ទាប់មកធ្វើកិច្ចសន្យាប្រមូលទិញពីប្រជា កសិករ សហគមន៍ និងក្រុមហ៊ុនក្នុងស្រុកមួយចំនួនទៀត សំខាន់ជាងនេះគឺស្រូបយកពលកម្មក្នុងស្រុក បង្កើតការងារ និងបង្កើនប្រាក់ចំណូល។
លោករដ្ឋមន្ត្រីក៏បានជម្រាបជូនលោកនាយកថា ក្រសួងនឹងរង់ចាំផ្តល់កិច្ចសហការគ្រប់បែបយ៉ាង ធ្វើយ៉ាងណាឲ្យគម្រោងវិនិយោគនេះទទួលបានជោគជ័យ ទីមួយគឺមានឈ្មោះល្បីលើឆាកអន្តរជាតិថាកម្ពុជាយកសំបកគ្រាប់ស្វាយចន្ទីធ្វើជាប្រេង និងទីពីរកម្ពុជាយកសំបងគ្រាប់ស្វាយចន្ទីជាប្រយោជន៍សម្រាប់វិស័យឧស្សាហកម្មប្លាស្ទីក កែច្នៃជាសម្ភារប្រើប្រាស់ជាពហុប្រយោជន៍ ដែលពីមុនវាមានតម្លៃស្នើសូន្យ។
លោកនាយកក្រុមហ៊ុនជប៉ុនបានអះអាងចំពោះលោករដ្ឋមន្រ្តីថា នឹងចាប់ផ្តើមដំណើរការផែនការសកម្មភាពវិនិយោគក្នុងពេលឆាប់ៗខាងមុខនេះ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


