ព័ត៌មានជាតិ
ប្រមុខការទូតទីម័រខាងកើត អរគុណកម្ពុជា ដែលគាំទ្រសំណើសុំចូលជាសមាជិកអាស៊ាន
លោកស្រីបណ្ឌិត អាដាល់ជីហ្សា អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ (Dr. Adaljiza Albertina Xavier Reis Magno) រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី២៦ ដល់២៩ ខែមករា ឆ្នាំ២០២២ តាមការអញ្ជើញរបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញ និងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។
ទស្សនកិច្ចផ្លូវការ នាពេលនេះ ស្របជាមួយការប្រារព្ធខួបអនុស្សាវរីយ៍លើកទី២០ នៃការបង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត នៅក្នុងឆ្នាំ២០២២នេះផងដែរ។

ក្នុងអំឡុងពេល នៃដំណើរទស្សនកិច្ច លោកស្រីបណ្ឌិត អាដាល់ជីហ្សា អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ បានអញ្ជើញចូលជួបសម្តែងការគួរសមចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផងដែរ ហើយនៅក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ភាគីទាំងពីរ បានកត់សម្គាល់ដោយការពេញចិត្តចំពោះទំនាក់ទំនងជាមិត្តភាពជិតស្និទ្ធ និងការអភិវឌ្ឍ នៃកិច្ចសហប្រតិបត្តិការនាពេលបច្ចុប្បន្នលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ ទេសចរណ៍ អប់រំនិងការអភិវឌ្ឍធនធានមនុស្ស និងសុខាភិបាល ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ។
សម្រាប់កិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រដ្ឋមន្ត្រីការបរទេសទាំងពីរបានអបអរសាទរគ្នាទៅវិញទៅមកចំពោះការទប់ស្កាត់បានដោយជោគជ័យនូវការរីករាលដាល នៃជំងឺរាតត្បាតកូវីដ-១៩ ក្នុងប្រទេសរៀងៗខ្លួន និងចំពោះការបើកប្រទេសរបស់ខ្លួនបន្តិចម្តងៗ តាមរយៈការរស់នៅ និងសម្របខ្លួនតាម “គន្លងថ្មី”។ លោកស្រីរដ្ឋមន្ត្រីការបរទេសទីម័រខាងកើត បានសម្តែងជាថ្មីម្តងទៀតនូវអំណរអរគុណរបស់រដ្ឋាភិបាលទីម័រខាងកើតចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានផ្តល់ម៉ាស និងសម្ភារៈវេជ្ជសាស្ត្រដល់ប្រទេសទីម័រខាងកើតក្នុងអំឡុងពេល ការរីករាលដាលនូវជំងឺកូវីដ-១៩ កាលពីចុងឆ្នាំ២០២០។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានទទួលយកការអញ្ជើញរបស់លោកស្រីរដ្ឋមន្ត្រី ដើម្បីទៅបំពេញទស្សនកិច្ចផ្លូវការនៅទីម័រខាងកើត តាមពេលវេលាសមស្រប។
ដោយឡែកសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មី អំពីការគាំទ្ររបស់កម្ពុជាចំពោះសំណើសុំចូលជាសមាជិកអាស៊ានរបស់ទីម័រខាងកើត។ លោកជំទាវ អាដាល់ជីហ្សា ម៉ាកណូ បានថ្លែងអំណរគុណយ៉ាងខ្លាំងដល់កម្ពុជាដែលបន្តគាំទ្រសំណើសុំចូលជាសមាជិកអាស៊ានរបស់ទីម័រខាងកើត និងបានជូនពរកម្ពុជាឱ្យទទួលបានជោគជ័យត្រចះត្រចង់ក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


