ព័ត៌មានជាតិ
បោះឆ្នោតឃុំសង្កាត់ អាណត្តិនេះ គ្រោងចំណាយថវិកាជាង ៤៣ លានដុល្លារ គ.ជ.ប ពន្យល់មូលហេតុចាយតិចជាងមុន
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ ហើយសម្រាប់ការបោះឆ្នោតនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គ្រោងចំណាយថវិកាប្រមាណជាង ៤៣ លានដុល្លារប៉ុណ្ណោះ ដែលថវិកានេះ មានចំនួនតិចជាងការបោះឆ្នោត ឃុំ សង្កាត់ អាណត្តិមុន។

លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានពន្យល់ប្រាប់កម្ពុជាថ្មីថា ការចំណាយតិចជាង គឺអាស្រ័យទៅលើការងារដែលត្រូវអនុវត្ត។
លោកថា នៅឆ្នាំ ២០១៧ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវរៀបចំបញ្ជីបោះឆ្នោតថ្មី ដែលតម្រូវឱ្យប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោត រាប់ទាំងអ្នកដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតទាំងអស់ទៅចុះឈ្មោះបោះឆ្នោតឡើងវិញ ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី។

លោក សោម សូរីដា អះអាងថា នៅក្នុងដំណើរការនេះ គឺ គ.ជ.ប បានកែសម្រួលពីការរៀបចំបញ្ជីបោះឆ្នោតដោយដៃ មកការរៀបចំបញ្ជីបោះឆ្នោតដោយកុំព្យូទ័រ ដូច្នេះយើងត្រូវការថវិកាសម្រាប់ទិញកុំព្យូទ័រ ថវិកាសម្រាប់អភិវឌ្ឍន៍កម្មវិធី និងការចុះបញ្ជីតាមប្រព័ន្ធកុំព្យូទ័រ និងត្រូវការចំណាយពេលវេលារហូត៩០ថ្ងៃ។ ជាមួយគ្នានោះ ក៏ត្រូវការបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីឲ្យចេះប្រើប្រាស់កម្មវិធី នៃការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រផងដែរ។ នេះគឺជាចំណុចដែលត្រូវការចំណាយថវិកាច្រើននៅក្នុងការរៀបចំបញ្ជីបោះឆ្នោតថ្មី។

ចំណែកឆ្នាំ២០២២នេះ អ្វីៗមានរួចជាស្រេចទៅហើយ ដូចជាបញ្ជីបោះឆ្នោត គ.ជ.ប បានធ្វើបច្ចុប្បន្នភាពប្រចាំឆ្នាំរួចហើយ។ ចំណែកសម្ភារៈ បរិក្ខា ដូចជាកុំព្យូទ័រ របៀបប្រើប្រាស់កុំព្យូទ័រ ដែលបានប្រើប្រាស់តាំងពីឆ្នាំ២០១៦ និង២០១៧មក ដូច្នេះយើងពុំមានតម្រូវការទិញកុំព្យូទ័រថ្មីទេ ហើយការងារបណ្ដុះបណ្ដាល ក៏បានជ្រើសរើសមន្ត្រី ដែលមានបទពិសោធន៍ការងារក្នុងការរៀបចំបញ្ជីបោះឆ្នោតកន្លងមក ដូច្នេះតាំងពីពេលវេលា តាំងពីសម្ភារៈ មិនមានតម្រូវការចំណាយច្រើនដូចឆ្នាំ២០១៧នោះទេ។
នេះគឺជាចំណុចដែលបញ្ជាក់ថា ថវិកាចំណាយសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ឆ្នាំ២០២២នេះ មានចំនួនតិចជាងឆ្នាំ២០១៧។

មន្រ្តីជាន់ខ្ពស់ គ.ជ.ប រូបនោះបញ្ជាក់ដែរថា កាលនោះយើងអត់មានអ្វីទាំងអស់ តែនៅឆ្នាំ២០២២នេះយើងមានអ្វីៗស្ទើរគ្រប់ទៅហើយ។ អ្វីដែលខ្វះនោះ គឺការជួសជុលកុំព្យូទ័រ ការបន្ថែមរយៈពេល ប្រជាពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតក៏កាន់តែច្រើនឡើង ចំនួនការិយាល័យបោះឆ្នោតក៏កាន់តែកើនឡើង សន្លឹកឆ្នោតច្រើនជាងមុន។
សូមបញ្ជាក់ថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា (គ.ជ.ប) គ្រោងចំណាយថវិកាជាង ៤៣ លានដុល្លារ ដែលចំនួននេះ ជាចំនួនមួយតិចជាងឆ្នាំ២០១៧ ដែលមានរហូតជាង ៥២ លានដុល្លារ។
ដូច្នេះបានថយចុះជិត១០ លានដុល្លារ ហើយប្រភពជី គ.ជ.ប ការថយចុះនេះ ដោយសារកម្ពុជាមានបច្ចេកវិទ្យាទំនើប ដែលឯកសារមួយចំនួនអាចផ្ញើតាមអ៊ីនធឺណិតបាន ហើយការកាត់បន្ថយការចំណាយនេះ ក៏ទទួលបានការកោតសរសើរពីភាគីពាក់ព័ន្ធផងដែរ៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


