ព័ត៌មានជាតិ
ឯកឧត្តម អឿង សិរិ: ទីប្រឹក្សាក្រសួងព័ត៌មានបានទទួលមរណភាពក្នុងជន្មាយុ៧៣ឆ្នាំ
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរាត្រីថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ បានដឹកនាំប្រតិភូ ក្រសួងអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អឿង សិរិៈ ទីប្រឹក្សាក្រសួងព័ត៌មាន ដែលបានទទួលមរណភាព នាថ្ងៃទីថ្ងៃ២១ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង៧ព្រឹក ក្នុងជន្មាយុ៧៣ឆ្នាំ ដោយរោគាពាធ។
សពឯកឧត្តម អឿង សិរិៈ ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានស្ថិតនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

ក្នុងឱកាសប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្ត ដ៏មហាក្រៀមក្រំនេះ លោករដ្ឋមន្ត្រី និងប្រតិភូ មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តរតនគិរី បានសម្តែងនូវសមានទុក្ខ ប្រកបដោយអនិច្ចលក្ខណធម៌ ដ៏មហាជ្រាលជ្រៅ ព្រមទាំងក្តីសង្វេគដ៏មហាធំធេង និងពោរពេញដោយក្តីសោកស្តាយស្រណោះ អាឡោះអាល័យជាអនេកប្បការចំពោះការបាត់បង់ ឯកឧត្តម អឿង សិរិៈ ដែលនេះជាការបាត់បង់ ស្វាមី ឪពុក ឪពុកក្មេក ជីតា ប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់ធនធានមនុស្ស ដែលមានបទពិសោធន៍ច្រើនក្នុងវិស័យព័ត៌មានប្រកបដោយសមត្ថភាព ស្មារតី ទទួលខុសត្រូវ និងជាសហសេវិក ដែលបានធ្វើឲ្យវិស័យព័ត៌មាន ក្នុងខេត្តរតនគិរី មានការរីកចម្រើន និងបានបានបន្សល់ទុកនូវអនុស្សាវរីយ៍ ច្រើនរាប់មិនអស់ ព្រមទាំងបន្សល់នូវស្នាដៃជាច្រើនជូនប្រទេសជាតិ។ និងគោរពជម្រាបជូនអំពីដំណើរជីវិតសង្ខេបរបស់ឯកឧត្តម អឿង សិរិ: អំពីស្ថានភាពគ្រួសារ÷

១- ឯកឧត្តម អឿង សិរិ: បានកើតនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ១៩៤៩ ជាកូនកសិករមួយរូប មានដើមកំណើត នៅភូមិលំផាត់ ខេត្តរតនគិរី ឪពុកឈ្មោះ ចាន់ ឌីអឿង ម្តាយឈ្មោះ មី តេម។
ឯកឧត្តម ជាកូនច្បងក្នុងចំណោមបងប្អូនចំនួន១៥នាក់ ស្រី៧នាក់។នៅជន្មាយុ៧ឆ្នាំ កុមារ អឿង សិរិ: បានចូលរៀនថ្នាក់បឋមសិក្សា។ រហូតដល់ឆ្នាំ១៩៧០ យុវជន អឿង សិរិ: បានបន្តការសិក្សានៅទីក្រុងភ្នំពេញ។យុវជន អឿង សិរិ: បានបំពេញការសិក្សាតាំងពីកម្រិតបឋមរហូតដល់វិទ្យាល័យ។ដោយសាររបបខ្មែរក្រហមចូលមកដល់ការសិក្សាយុវជន អឿង សិរិ: ក៏ត្រូវបានកាត់ផ្តាច់ ហើយលោកត្រូវបានអង្កការជម្លៀសនិងបង្ខំឲ្យធ្វើការជាទម្ងន់ នៅតាមកងចល័តនៅខេត្តបាត់ដំបង។

២- ប្រវត្តិនៃការងារនិងស្នាដៃ – ឆ្នាំ១៩៧៩ លោកបានបម្រើការងារជាគ្រូបង្រៀន
– ឆ្នាំ១៩៨៤ លោកបានចូលបម្រើការងារនៅមន្ទីរអប់រំ(ប្រធានការិយាល័យរដ្ឋបាល)
– ឆ្នាំ១៩៩៣ លោកបានចូលបម្រើការងារនៅមន្ទីរវប្បធម៌
– ឆ្នាំ១៩៩៦ លោកបានចូលបម្រើការងារនៅមន្ទីរព័ត៌មាន
– ឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៩ ជាប្រធានមន្ទីរព័ត៌មានខេត្តរតនគិរី
– ឆ្នាំ២០១០ លោកបានចូលនិវត្តន៍
– ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៤ ជាសមាជិកក្រុមប្រឹក្សាខេត្តរតនគិរី
– ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ ដល់ថ្ងៃទទួលមរណភាព ជាទីប្រឹក្សាក្រសួងព័ត៌មាន។

ឯកឧត្តមបានរួមចំណែកដ៏ធំធេងចំពោះជាតិមាតុភូមិ ជាពិសេសលើវិស័យព័ត៌មាន និងសោតទស្សន៍ នៅក្នុងខេត្តរតនគិរី។ ឯកឧត្តមត្រូវបានរាជរដ្ឋាភិបាល ផ្តល់នូវប្រកាសនីយបត្រ គ្រឿងឥស្សរិយសការងារថ្នាក់មេដាយសំរិទ្ធ ប្រាក់និងមាស ដែលមានស្នាដៃល្អ ក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ ក្នុងនាមឯកឧត្តមក៏ទទួលបានផងដែរនូវគ្រឿងឥស្សរិយស មុនីសារាភ័ណ្ឌ ថ្នាក់អស្សឬទិ្ធ ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចលើវិស័យព័ត៌មាននាពេលកន្លងមក។ ឯកឧត្តមមិនត្រឹមតែជាមន្ត្រីឆ្នើមក្នុងការបំពេញភារកិច្ចជួយសង្គមជាតិតែប៉ុណ្ណោះទេ ប៉ុន្តែឯកឧត្តមក៏ជាពុទ្ធសានូបត្ថម្ភ ដ៏ល្អផងដែរនៅក្នុងវិស័យពុទ្ធសាសនា។

លោករដ្ឋមន្ត្រី ព្រមទាំងប្រតិភូអមដំណើរ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តរតនគិរី សូមលំឱនកាយឧទិ្ទសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម អឿង សិរិៈ សូមបានទៅសោយសុខ ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕
អត្ថបទ៖ វុទ្ធឦសាន



-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៥ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


