Connect with us

ព័ត៌មានជាតិ

មន្ទីរផែនការ​ខេត្តកោះកុង​ ត្រៀម​រួចជាស្រេច​លើការ​ចុះប្រមូលទិន្នន័យ​ជំរឿន​សេដ្ឋកិច្ច​កម្ពុជា

បានផុស

នៅ

ប្រធានមន្ទីរផែនការខេត្តកោះកុង លើកឡើងថា លោក និងមន្រ្តីក្រុមការងារបានត្រៀមខ្លួនរួចជាស្រេចហើយលើដំណើរចុះស្រង់ស្ថិតិទិន្នន័យជំរឿនសេដ្ឋកិច្ចកម្ពុជាទូទាំងខេត្ត ដើម្បីផ្តល់ជូនរាជរដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អៀត វណ្ណា ប្រធានមន្ទីរផែនការខេត្តកោះកុង ឱ្យដឹងនៅរសៀលថ្ងៃទី ២៤ ខែកុម្ភៈ នេះថា នៅថ្ងៃទី១ ខែមីនា រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ជាពេលវេលាដែលក្រុមមន្រ្តីរបស់លោកចុះសម្ភាសន៍យកស្ថិតិទិន្នន័យសកម្មភាពសេដ្ឋកិច្ចកម្ពុជាឡើងវិញតាមបណ្តាក្រុងស្រុកទូទាំងខេត្តកោះកុង។ដោយ១ខែពេញនេះ ត្រូវអនុវត្តទៅតាមផែនការជំរឿនប្រកបដោយភាពជោគជ័យ។

បើតាមលោក អៀត វណ្ណា ស្ថិតទិន្ន័យដែលស្រង់បានរួច នឹងធ្វើរបាយការណ៍បូកសរុបលម្អិតមួយជូនក្រសួងផែនការ មុននឹងដាក់ជូនរាជរដ្ឋាភិបាលកម្ពុជាពិនិត្យសម្រេចរៀបចំគោលនយោបាយ យុទ្ធសាស្រ្ត ផែនការសកម្មភាព និងគម្រោងនានា ដើម្បីជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចបរិស្ថាន វប្បធម៌ និងសុខុមាលភាព ប្រជាជនកម្ពុជា ផ្តល់នូវបញ្ជីអង្គភាពសេដ្ឋកិច្ចមេ សម្រាប់ធ្វើជាសំណាកគំរូសាកល ក្នុងការអង្កេតគំរូផ្សេងៗស្តីពីអាជីវកម្ម ព្រមទាំងធ្វើបច្ចុប្បន្នភាពនៃ បញ្ជីស្ថិតិអង្គភាពសេដ្ឋកិច្ចនៅកម្ពុជា។

ចំណែកឯ លោក អ៊ុក ភ័ក្រ្តា អភិបាលរងខេត្តកោះកុង កន្លងទៅនេះ បានឱ្យដឹងថា ដំណើរការអនុវត្តជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នេះគឺជាលើកទី២ហើយ ដែលប្រទេសកម្ពុជាអនុវត្តលើកទី១ កាលពីឆ្នាំ២០១១ ក្រោមការជួយឧបត្ថម្ភគាំទ្រដោយ អង្គការ JICA ជប៉ុន។ ជាក់ស្តែងលើកទី២ ឆ្នាំ២០២២នេះ គឺប្រើប្រាស់ថវិការដ្ឋទាំងស្រុង។

អភិបាលរងខេត្ត ពន្យល់ដែរថា ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ មានគោលបំណងប្រមូលទិន្នន័យបច្ចុប្បន្នភាពអំពី៖ ទី១ ស្ថានភាពនៃខឿនសេដ្ឋកិច្ចកម្ពុជាគ្រប់វិស័យ(ឧស្សាហកម្ម និងសេវាកម្ម) ទី២ ស្ថានភាពនៃសមភាពយេនឌ័រនៅក្នុងសកម្មភាពសេដ្ឋកិច្ចទាំងកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទី៣ លក្ខណៈនៃប្រភេទអាជីវកម្ម និងស្ថានភាពហិរញ្ញវត្ថុរបស់អង្គភាពសេដ្ឋកិច្ច ទី៤ ចំនួនអង្គភាពសេដ្ឋកិច្ច (ខ្នាតតូច មធ្យម ខ្នាតធំ) និងចំនួនកម្លាំងពលកម្មនៃអង្គភាពទាំងនេះ។

ទី៥ទិន្នន័យជាមូលដ្ឋានសម្រាប់ការគណនាតម្លៃបន្ថែមនៅក្នុងសេដ្ឋកិច្ច(គណនេយ្យជាតិ និង ផលិតភាពនៃកម្លាំងពលកម្ម និងទី៦-ផលប៉ះពាល់នៃជំងឺកូវីដ១៩ វិធានការ និងយន្តការកែតម្រូវចាំបាច់នានា សម្រាប់អាជីវកម្ម ក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូរីដ១៩៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម