ព័ត៌មានជាតិ
អនុប្រធានធនាគារពិភពលោក កោតសរសើរកម្ពុជាចំពោះកិច្ចប្រឹងប្រែង ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩
នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតគណៈប្រតិភូធនាគារពិភពលោក ដឹកនាំដោយលោកជំទាវ Manela V.Ferro អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកអាស៊ីខាងកើត និងប៉ាស៊ីហ្វិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

លោកជំទាវ Manela បានគោរពកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែង និងការឆ្លើយតបប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ ជាពិសេស សម្រេចបានការចាក់វ៉ាក់សាំងក្នុងអត្រាកម្រិតខ្ពស់ជាងគេក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងសម្រេចបានការបើកប្រទេសកាលពីខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ។

លោកជំទាវ Manela ក៏បានគោរពជម្រាបជូនសម្ដេចតេជោ នូវការប្ដេជ្ញាចិត្តរបស់ធនាគារពិភពលោក ក្នុងការបន្តកិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងស្អិតរមួត ជាមួយរាជរដ្ឋាភិបាលកម្ពុជា ហើយក៏បានអះអាងអំពីជំហរច្បាស់លាស់របស់ធនាគារពិភពលោក ក្នុងការបន្តគាំទ្ររាជរដ្ឋាភិបាល លើជំហានយ៉ាងស្វាហាប់ ឆ្ពោះទៅសម្រេចបាននូវឋានៈជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន ក៏បានជម្រាបជូនលោកជំទាវ Manela អំពីអភិក្រមផ្ការីកក្នុងការចាក់ស្រោចវ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋកម្ពុជា ហើយបានមានប្រសាសន៍បន្ថែមទៀតថា ការចាក់ស្រោចវ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋកម្ពុជា មិនត្រឹមតែជួយអាយុជីវិតប្រជាពលរដ្ឋកម្ពុជានោះទេ គឺជួយដល់សេដ្ឋកិច្ចកម្ពុជាផងដែរ។

សម្តេចតេជោ បានថ្លែងអំណរគុណជូនដល់ធនាគារពិភពលោក ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការល្អ ក៏ដូចជាភាពជាដៃគូល្អ ហើយអ្វីដែលធនាគារពិភពលោកអាចបន្តធ្វើទៀតនោះ គឺជំរុញភាពចាប់ដៃគូឲ្យកាន់តែខ្លាំងឡើង និងជំរុញរាល់គម្រោងដែលអាចធ្វើបាន ដើម្បីចូលរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូនលោកជំទាវ Manela អំពីអ្វីដែលកម្ពុជា ចង់បានក្នុងឱកាសដែលកម្ពុជា ធ្វើជាប្រធានអាស៊ាន នោះគឺចង់បានឲ្យអាស៊ាន បង្កើតនូវស្ថានភាពអំណោយផលបំពេញឲ្យគ្នាទៅវិញទៅមកក្នុងក្របខណ្ឌ អាស្តា ផង និងក្របខ័ណ្ឌអាស៊ានបូក៥ ផង ក៏ដូចជាចង់បានឲ្យរបៀបការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងអាស៊ាន មានលំហូរល្អ៕



-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


