ព័ត៌មានជាតិ
ក្រសួងសុខាភិបាល និងធនាគារពិភពលោក ប្ដេជ្ញារួមគ្នាលើកកម្ពស់គុណភាពសេវាសុខាភិបាលនៅកម្ពុជាកាន់តែប្រសើរ
ក្រសួងសុខាភិបាល និងធនាគារពិភពលោក បានប្ដេជ្ញារួមគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ ដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាលនៅប្រទេសកម្ពុជាឱ្យកាន់តែប្រសើរ សំដៅឈានទៅរកការគ្របដណ្ដប់សុខភាពជាសកល។

ការប្តេជ្ញារួមគ្នានេះបានធ្វើឡើងក្នុងឱកាសដែលលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបលោកស្រី Mariam Sherman នាយកប្រចាំប្រទេសកម្ពុជា ឡាវ និងវៀតណាម នៃធនាគារពិភពលោក និងក្រុមការងារ កាលពីថ្ងៃទី ១៣ វិច្ឆិកា ដើម្បីពិភាក្សាអំពីផែនការគ្របដណ្តប់សុខភាពជាសកល ការបណ្តុះបណ្តាលផ្នែកវេជ្ជសាស្ត្រ អាហារូបត្ថម្ភ សុខភាពមាតា និងទារក និងអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការបន្ត។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ ធនាគារពិភពលោក ដែលបានសហការគាំទ្រក្រសួងសុខាភិបាលទាំងបច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងការងារលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ជាពិសេសចំពោះគម្រោងអាហារូបត្ថម្ភ គម្រោងពង្រឹងប្រព័ន្ធអប់រំមុនពេលបម្រើការងារសម្រាប់មន្ត្រីសុខាភិបាល គម្រោងលើកកម្ពស់សមធម៌សុខភាព និងគុណភាព ដំណាក់កាលទី ២ និងគម្រោងឆ្លើយតបគ្រោះអាសន្នកូវីដ-១៩។

លោកស្រី Mariam Sherman បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការគាំទ្ររបស់ធនាគារពិភពលោក បានចូលរួមចំណែកក្នុងវិស័យសុខាភិបាលរបស់ប្រទេសកម្ពុជា ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល (UHC) ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខភាពប្រជាជន និងភាពជាដៃគូដ៏រឹងមាំរវាងធនាគារពិភពលោក និងក្រសួងសុខាភិបាល។

ពាក់ព័ន្ធក្នុងជំនួបនេះដែរ លោកស្រី បានបន្ថែមថា កិច្ចប្រជុំនេះបានផ្តោតលើអាទិភាពសំខាន់ៗ របស់ ក្រសួងសុខាភិបាល និងចំណុចបន្ស៊ីគ្នាដែលអាចទទួលបានការគាំទ្រពីដៃគូអភិវឌ្ឍន៍ រួមទាំងធនាគារពិភពលោក និងពិភាក្សាអំពីលទ្ធផលការងារ កត្តាប្រឈម និងដំណោះស្រាយចំពោះ គម្រោងដែលនឹងត្រូវបានបញ្ចប់មានជាអាទិ៍ គម្រោងអាហារូបត្ថម្ភ គម្រោងពង្រឹងប្រព័ន្ធអប់រំមុនពេលបម្រើការងារសម្រាប់មន្ត្រីសុខាភិបាល និងគម្រោងលើកកម្ពស់សមធម៌សុខភាព និងគុណភាព ដំណាក់កាលទី ២។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ការគាំទ្ររបស់ធនាគារពិភពលោក និងបានសំណូមពរ ឱ្យអ្នកជំនាញការ និងអ្នកបច្ចេកទេសរបស់ធនាគារពិភពលោក សហការ និងបន្តពិភាក្សាឱ្យបានជិតស្និទ្ធជាមួយនឹងគណៈគ្រប់គ្រងគម្រោងនីមួយៗ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព និងធ្វើយ៉ាងណាដើម្បីឱ្យសម្រេចបាននូវសូចនាករដែលបានកែសម្រួល។
ជាងនេះទៅទៀត លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តោតសំខាន់ថា គម្រោងខាងលើ ពិតជាមានសារៈសំខាន់ក្រៃលែង ដើម្បីចូលរួមចំណែកក្នុងការសម្រេចឱ្យបាននូវផែនការយុទ្ធសាស្ត្រសុខាភិបាល ក៏ដូចជាចំណុចជាអាទិភាពសុខាភិបាល ដើម្បីឈានទៅរកការសម្រេចបាននូវការគ្របដណ្ដប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្ត្របញ្ចកោណ នៃរាជរដ្ឋាភិបាលកម្ពុជា៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


