ព័ត៌មានជាតិ
លោក ស៊ុន ចាន់ថុល៖ ឃ្លាំងស្តុកទំនិញត្រជាក់នៅខេត្តកណ្តាល នឹងជួយគាំទ្រដល់វិស័យនាំចេញនាំចូលកម្ពុជាបន្ថែមទៀត
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ឃ្លាំងស្តុកទុកទំនិញត្រជាក់នៅចំណតផែកុងតឺន័រ LM17 ខេត្តកណ្ដាល នឹងជួយគាំទ្រដល់វិស័យនាំចេញ និងនាំចូលដែលកំពុងកើនឡើងរបស់ប្រទេសកម្ពុជាបន្ថែមទៀត។

ថ្លែងក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ឃ្លាំងស្តុកទុកទំនិញត្រជាក់ នៅចំណតផែកុងតឺន័រ LM17 ស្ថិតនៅភូមិកណ្ដាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល នៅថ្ងៃទី២២ ខែមីនានេះ លោកទេសរដ្ឋមន្ត្រីបានបន្តថា ការជួយគាំទ្រដល់វិស័យនាំចេញ និងនាំចូលដែលកំពុងកើនឡើងរបស់ប្រទេសកម្ពុជានេះ គឺតាមរយៈសេវាស្ថានីយផ្ទេរទំនិញ និងឃ្លាំងស្តុកទំនិញត្រជាក់ ស្តង់ដារអន្តរជាតិដែលមានទីតាំងស្ថិតនៅជិតកំពង់ផែភ្នំពេញ និងផ្តល់នូវសេវាតម្លៃបន្ថែមក្នុងគោលដៅជួយដល់សហគ្រាសខ្នាតតូច និងមធ្យមដើម្បីចូលទៅក្នុងទីផ្សារពាណិជ្ជកម្ម។

លោកទេសរដ្ឋមន្ត្រីបានបន្ថែមថា ឃ្លាំងស្តុកទឹកទំនិញត្រជាក់នេះ នឹងផ្ដល់ទីតាំងទំហំជាង៣ម៉ឺន៦ពាន់ម៉ែត្រគូបបន្ថែមទៀត ដែលបំពេញកង្វះខាតបច្ចុប្បន្ន បានចំនួនជាង២៥ភាគរយ ដើម្បីឲ្យស្របតាមកំណើននៃតម្រូវការទីផ្សារ ដែលបម្រើដល់កសិករកម្ពុជា និងកសិករក្នុងតំបន់ ក្រុមហ៊ុនកសិពាណិជ្ជកម្ម ក្រុមហ៊ុនកែច្នៃអាហារ ក្រុមហ៊ុនឱសថ ក្រុមហ៊ុនលក់រាយ ក៏ដូចជាក្រុមហ៊ុនសណ្ឋាគារ និងភោជនីយដ្ឋានផងដែរ។

លោក ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បានមានប្រសាសន៍ថា ការសាងសង់ឃ្លាំងស្តុកទំនិញត្រជាក់នេះ គឺកំពង់ផែស្វយ័តភ្នំពេញសហការជាមួយក្រុមហ៊ុន ខ្មែរ ខូល ឆេន ឯ.ក ព្រោះថាគម្រោងនេះនឹងផ្ដល់អត្ថប្រយោជន៍ដល់កំពង់ផែស្វយ័តភ្នំពេញ ជាពិសេសដល់កំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការចូលរួមចំណែកលើកកម្ពស់ខ្សែសង្វាក់ នៃវិស័យភស្តុភារកម្មក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានេះលោកបានបន្តថា វានឹងជួយជំរុញកំណើននៃចរាចរណ៍ទំនិញឆ្លងកាត់ក៏មានសន្ទុះផងដែរ តាមរយៈការផ្ដល់សេវាកម្មរក្សាទុកទំនិញត្រជាក់ទាំងសម្ភារៈនាំចេញនិងនាំចូល ដែលមានដូចជាត្រី សាច់ កសិផល ឱសថ គ្រឿងសម្អាង និងទំនិញជាច្រើនប្រភេទទៀត។ លោកបានបន្តទៀតថា ទន្ទឹមនេះគម្រោងខាងលើ ក៏នឹងជួយបង្កើតការងារធ្វើបន្ថែម និងលើកស្ទួយកម្រិតជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះផងដែរ។

លោក ហ៊ឺ បាវី សង្ឃឹមជឿជាក់ថា គម្រោងវិនិយោគនេះ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនទៀតដល់វិនិយោគិន ពាណិជ្ជករ អាជីវករ ធុរជន និងសាធារណជនទូទៅ ដែលមានបំណងមកប្រើប្រាស់សេវាកម្ម របស់ក្រុមហ៊ុនដើម្បីសម្រួលដល់ដំណើរការនាំចេញនាំចូលទំនិញ រវាងកម្ពុជានិងសកលលោក។
គួរបញ្ជាក់ថា យោងតាមការសិក្សា អំពីតម្រូវការរបស់ទីផ្សារ,កម្ពុជាចាំបាច់ពង្រីកទីតាំងផ្ទេរ និងស្តុកឱ្យបានទំហំ១៤ម៉ឺនម៉ែត្រគូបបន្ថែមទៀតដើម្បីបំពេញតាមតម្រូវការ ខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន នៅត្រឹមឆ្នាំ២០៣០៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


