លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វាក់សាំងកូរឹង-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានឱ្យដឹង នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ដោយទទួលបានការអនុញ្ញាតពីឯកឧត្តមសាស្ត្រាចារ្យ មម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រី បានទទួលជួបជាមួយ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅទីស្តីការក្រសួងសុខាភិបាល រសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២។
ជំនួបនេះត្រូវបានអមដំណើរដោយលោកស្រី Nancy Eslick ប្រធានបេសកកម្មរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) និងលោកស្រីវេជ្ជបណ្ឌិត Rachel Albalsk ប្រធានមជ្ឈមណ្ឌល បង្ការ និងគ្រប់គ្រងជំងឺឆ្លងសហរដ្ឋអាមេរិក (US-CDC)។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានឱ្យដឹងបន្ថែមថា គោលបំណងសំខាន់នៃកិច្ចប្រជុំនេះគឺ ដើម្បីសិក្សាឈ្វេងយល់អំពីប្រព័ន្ធសុខាភិបាលកម្ពុជា ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការពង្រឹងសុខាភិបាល ក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀង ៥ ឆ្នាំបន្ត (DOG)។
លោកស្រី ឱ វណ្ណឌីន បានជម្រាបជូនគណៈប្រតិភូ អំពីស្ថានភាពជំងឺកូវីដ-១៩ ព្រមទាំងយុទ្ធនាការចាំបាច់ និងសំខាន់ៗ ដែលត្រូវបានអនុវត្តនាពេលកន្លងមក រហូតឈានទៅគ្រប់គ្រងការរាតត្បាត និងការបើកប្រទេសឡើងវិញក្នុងគន្លងប្រក្រតីភាពថ្មី។ លទ្ធផលសម្រេចជាទីមោទនៈនេះ បានមកពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការដាក់ចេញនូវផែនការយុទ្ធសាស្ត្រប្រយុទ្ធនឹងជំងឺកូរីដ-១៩ និងផែនការស្រោចស្រពចាក់វាក់សាំងកូរីដ-១៩ តាមយុទ្ធសាស្រ្តផ្ការីក។
ជាមួយគ្នានេះក្នុងនាមក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាល និងប្រជាជនអាមេរិកដែលបានផ្តល់នូវវាក់សាំងបង្ការកូដ-១៩ Johnson & Johnson ចំនួនជាង ១ លានដួស នាពេលកន្លងមក និង Pfizer ចំនួនជាង ២ លានដួស ដែលនឹងត្រូវមកដល់នាពេលខាងមុខ តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់។
លោកស្រី ឱ វណ្ណឌីន បានជម្រាបជូនគណៈប្រតិភូថា ថ្មីៗនេះក្រសួងសុខាភិបាលបានដាក់ចេញនូវផែនការជម្រុញការថែទាំសុខភាពឋម (Primary Healthcare Booster) ដោយផ្តោតលើតម្រូវការរបស់សហគមន៍ ដែលទាមទារឱ្យមានការចូលរួមពីប្រជាជន ជាមួយនឹងការគាំទ្រនៃគូអភិវឌ្ឍន៍។
លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានអបអរសាទរ និងកោតសរសើរនូវការខិតខំជាបន្តបន្ទាប់ និងជាប្រចាំរបសក្រសួងសុខាភិបាល ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល ការលើកកម្ពស់គុណភាពសុខាភិបាល ជាពិសេសការគ្រប់គ្រងការរាតត្បាតនៃជំងឺកូរីស-១៩។
លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់គោលជំហររបស់សហរដ្ឋអាមេរិក ក្នុងការបន្តគាំទ្រពង្រឹងវិសយសុខាភិបាល ព្រមទាំងពិនិត្យលទ្ធភាពសហប្រតិបត្តិការក្នុងផែនការជំរុញការថែទាំសុខភាពបឋម (Primary Healthcare Booster) ដោយផ្តោតលើតម្រូវការរបស់សហគមន៍ដែលទើបនឹងផ្តួចផ្តើមអនុវត្តថ្មីៗនេះ។
លោកស្រី ឱ វណ្ណឌីន បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក តាមរយៈអង្គការ USAID និងUS-CDC ដែលជានិច្ចកាលតែងតែសហការគាំទ្រក្រសួងសុខាភិបាលក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តសុខាភិបាល ដើម្បីលើកម្ពស់សុខភាពរបស់ប្រជាជន ឈានទៅកាន់គ្របដណ្ដប់សុខភាពជាសាកលដោយមិនទុកចោលប្រជាជនណាម្នាក់ឡើយ៕
អត្ថបទ៖ ច័ន្ទ វីរៈ